ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងកាលពីចុងសប្តាហ៍ថា ទាហានកូរ៉េខាងជើងដែលរងរបួសបានស្លាប់នៅអ៊ុយក្រែន បន្ទាប់ពីបានចាប់ឃុំខ្លួន។ ប្រមុខ រដ្ឋអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងប្រចាំថ្ងៃ បានឲ្យដឹងថា ៖ “ទាហានកូរ៉េខាងជើង បានរងការ បាត់បង់ជាច្រើន គឺច្រើន។ ហើយគេឃើញថា ទាហានរុស្ស៊ី និងមេបញ្ជាការកូរ៉េខាងជើងមិនចាប់អារម្មណ៍ទាល់តែសោះនឹងការរស់រានរបស់ជនជាតិកូរ៉េទាំងនេះ។” លោកក៏បានបរិហារអំពីភាពឆ្កួតលីលាដែលមេដឹកនាំផ្តាច់ការអាចធ្វើបាន ដោយបញ្ជូនទាហានឲ្យមកប្រយុទ្ធ និងឲ្យគេសម្លាប់នៅក្នុងសមរភូមិនៅអឺរ៉ុប”។ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានគូសបញ្ជាក់ថា ៖ “អ្វីៗ គ្រប់យ៉ាងត្រូវបានធ្វើដើម្បីឲ្យយើងមិនអាចចាប់ខ្លួនទាំងរស់នូវទាហានកូរ៉េទាំងនេះ។ រុស្ស៊ីបានបញ្ជូនពួកគេមកឲ្យប្រយុទ្ធដោយមានការការពារតិចតួច។”