ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ ៦,១-៦.១៦-១៨ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បុណ្យរោយផេះហៅថាថ្ងៃពុធរោយផេះ។ ថ្ងៃពុធជាថ្ងៃដំបូងនៃរដូវអប់រំពិសេសក្នុងរដូវអប់រំពិសេសគ្រីស្ត​បរិ​ស័ទ​យកចិត្តទុកដាក់ប្រែចិត្តគំនិត ដើម្បីវិលទៅរកព្រះជាអម្ចាស់ដែលត្រាស់ហៅខ្លួន​ឱ្យទៅជាបុត្រធីតា​របស់​ព្រះអង្គ នៅថ្ងៃនេះដំបូងនៃរដូវអប់រំពិសេសព្រះសហគមន៍កាតូលិកតែងតែប្រារព្ធពិធីរោយផេះ។ ក្នុង​ពេល​រោយផេះលោកបូជាចារ្យដៅសញ្ញាឈើឆ្កាងនៅលើក្បាលព្រមទាំងមានប្រសាសន៍ថា ចូរប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ ឬចូរអ្នកនឹកថា អ្នកកើតពីធូលីដីមក ហើយអ្នកក៏នឹងត្រឡប់ទៅធូលីដីដែរ ។

បងប្អូនជាទីគោរព! បុណ្យរោយផេះរំលឹកថា ពួកយើងជាមនុស្សកើតពីធូលីដីមក ហើយក្រោយពេល​ទទួល​​មរណ​ភាព​ពួកយើងនឹងត្រឡប់ទៅធូលីដីវិញ។ ក្នុងអត្ថបទព្រះគម្ពីរកំណើតពិភព យើង​ស្តាប់​ឮ​ថា ព្រះជាអម្ចាស់បានយកធូលីដីមកសូត្រធ្វើជាមនុស្ស។ ការរោយផេះលើក្បាលក៏ជាសញ្ញាសំគាល់​ការណ៍​ទូត​សោកស្តាយ និងការកែប្រែចិត្ត។​ នៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះតាមលោកម៉ាថាយ (៦,១-៦.១៦-១៨) ព្រះយេស៊ូមានព្រះបន្ទូលថា កុំធ្វើបុណ្យទាននៅមុខមនុស្សម្នាដើម្បី​ឲ្យគេឃើញ​នោះឡើយ​ធ្វើ​បែប​នេះ​អ្នករាល់គ្នាពុំទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ។

ព្រះយេស៊ូមានព្រះបន្ទូលណែនាំថា កុំធ្វើអ្វីៗដើម្បីមនុស្សម្នាឃើញ ឬមនុស្សម្នាសរសើរគឺធ្វើអ្វីៗទាំងអស់​ពី​ចិត្តគំនិត​ដោយមានបំណងប្រាថ្នាតែមួយ គឺលើកតម្កើងព្រះជាអម្ចាស់ជាព្រះបិតា ដោយជួយអ្នកដទៃ អ្នក​តូច​តាច​។ អត្ថបទថ្ងៃនេះ និងបុណ្យរោយផេះអញ្ចើញយើងឲ្យចេះធ្វើទាន តមអាហារ និងអធិដ្ឋានជាមួយ​បំណង​ប្រាថ្នា និងមានជំនឿលើព្រះជាអម្ចាស់តែមួយគត់។

ព្រះអង្គអញ្ចើញគ្រីស្តបរិស័ទឲ្យធ្វើអ្វីៗដែល​ជាប្រយោជន៍ដល់​ផ្លូវវិញ្ញាណរបស់យើង តាមពាក្យអ្វីៗទាំ​ង​អស់​ដែលនាំពួកយើងទៅ​ឆ្ងាយ​ពីព្រះ​ជា​អម្ចាស់ អ្នកដទៃ និងសមាជិតក្រុមគ្រួសាររបស់យើង។ សូម​យើងសម្រុះសម្រួលជាមួយព្រះអង្គ​ ជា​មួយ​បងប្អូនឯទៀតៗ​ ជាមួយខ្លួនឯង និងជាមួយបរិស្ថាន​ក្នុងរដូវ​អប់រំ​ពិសេសនេះ។ ព្រះយេស៊ូអញ្ចើញ​យើង​ឲ្យខំប្រឹងស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ គិតពិចារ​ណា​ព្រះ​បន្ទូល​​របស់ព្រះអង្គ និងអនុវត្តន៍តាមព្រះបន្ទូល​របស់​ព្រះអង្គ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕

Daily Program

Livesteam thumbnail