ថ្ងៃទី០៩ ខែតុលា ២០២៤អត្ថបទគម្ពីរ លូកា(១១,១-៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពអត្ថបទថ្ងៃនេះតាមលូកា(១១,១-៤) ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិដ្ឋាន ព្រះអង្គបង្រៀនសាវ័កពីធម៌ឱព្រះបិតា ប្រហែលធម៌ឱព្រះបិតាជាធម៌មួយដ៏សំខាន់មែនទែនសម្រាប់យើង ព្រោះយើងសូត្ររាល់ថ្ងៃ ប៉ុន្តែជូនកាលយើងមិនបានយកចិត្តទុកដាក់នៃតម្លៃនិងខ្លឹមសារធម៌ឱព្រះបិតា ធម៌នេះរំលឹកអត្តសញ្ញាណរបស់យើង ជាបុត្រធីតារបស់ព្រះជាអម្ចាស់។
យើងត្រូវពោលប្រាប់ព្រះអង្គថា ឱព្រះបិតាអើយ! ព្រះជាអម្ចាស់ជាព្រះបិតារបស់យើងខ្ញុំ យើងខ្ញុំជាបុត្រាបុត្រីរបស់ព្រះអង្គ យើងត្រូវថ្វាយព្រះនាមព្រះអង្គ អរព្រះគុណ កោតសរសើរ និងលើកតម្កើងព្រះនាមព្រះអង្គ យើងមានទំនាក់ទំនងជាមួយព្រះអង្គពោរពេញទៅដោយសេចក្តីស្រឡាញ់។ ព្រះបិតាស្រឡាញ់យើងច្រើនជាងឪពុកស្រឡាញ់កូនយើង ព្រះយេស៊ូគ្រីស្តបូជាព្រះជន្មនៅលើឈើឆ្កាង ព្រះអង្គអត់ទោសឱ្យយើងរួចពីបាបជានិច្ច ប៉ុន្តែបើយើងមិនអត់ទោសឱ្យអស់អ្នកដែលប្រព្រឹត្តខុសនឹងយើងខ្ញុំ ព្រះអង្គក៏មិនអត់ទោសឱ្យយើងខ្ញុំដែរ។ ប្រសិនបើយើងអត់ទោសឱ្យគេ ព្រះអង្គនឹងអត់ទោសឱ្យយើងដែរ។
ជាទីបញ្ចប់ដោយការសូត្រធម៌ឱព្រះបិតាយើងសុំព្រះអង្គថា សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ។ យើងជួបប្រទះការល្បួងរបស់មារសាតាំង សង្គមបច្ចុប្បន្ននេះ និងរបស់ទំនើបបាននឹងកំពុងអូសទាញយើងទៅឆ្ងាយពីព្រះជាម្ចាស់ ទៅឆ្ងាយពីព្រះសហគមន៍ និងទៅឆ្ងាយពីបងប្អូនគ្រីស្តបរិស័ទ។ ដូច្នេះពេលណាយើងអធិដ្ឋានធម៌ឱព្រះបិតាដោយស្មោះត្រង់ ព្រះអង្គនឹងការពារយើងព្រះអង្គប្រោសយើងឱ្យស្ថិតជាប់ជាមួយនិងព្រះអង្គជានិច្ច។
បងប្អូនជាទីស្រឡាញ់! អត្ថបទថ្ងៃនេះគឺធម៌ឱព្រះបិតាជាធម៌ដែលជួយយើងស្រឡាញ់ព្រះជាអម្ចាស់ជាព្រះបិតាអស់ពីដួងចិត្ត។ សុំពួកយើងសូត្រធម៌ឱព្រះបិតាដោយទុកចិត្តរបស់យើងទាំងស្រុងលើព្រះអង្គ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
