ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ព្រះយេស៊ូបានហៅសាវ័កឱ្យមកស្នាក់នៅជាមួយព្រះអង្គ ក្រោយពេលដែលសាវ័កបានចេញទៅប្រកាសដំណឹងល្អ ព្រះអង្គបានបង្រៀន និងណែនាំគេអំពីធម៌មេត្តាករុណា និងសេចក្តីស្រឡាញ់ដល់សាវ័ក។ កាលដែលព្រះយេស៊ូបានចាត់ចែកឱ្យក្រុមសាវ័កទៅប្រកាសដំណឹងល្អនេះគឺធ្វើឱ្យមានការរួបរួមគ្នា ការជឿទៅលើដំណឹងល្អលើសេចក្តីប្រៀបប្រដៅរបស់ព្រះយេស៊ូ។ ព្រះយេស៊ូក៏ណែនាំគេពីកិច្ចការដែលសាវ័កធ្វើ គឺណែនាំឱ្យគេជឿលើដំណឹងល្អ នឹងចេះបង្ហាញជំនឿដែលខ្លួនជឿទៅដល់បងប្អូនឯទៀត តាមរយៈការបង្រៀន ដើម្បីឱ្យអ្នកដែលបានស្តាប់ នឹងទទួលការណែនាំនោះមានជំនឿ និងទុកចិត្តលើព្រះយេស៊ូ។
យើងត្រូវណែនាំឱ្យគេមករកព្រះយេស៊ូ មិនថាជាពេលសម្រាកផ្ទាល់ខ្លួន ពេលវេលាជាក្រុមគ្រួសារ និងការងារផ្សេងៗ ត្រូវនាំកិច្ចការទាំងនោះមកថ្វាយដល់ព្រះយេស៊ូ ព្រោះការងារទាំងអស់ដែលយើងធ្វើ ការងារទាំងអស់ដែលយើងមាន និងអ្វីៗដែលយើងជួបនៅក្នុងជីវិតប្រចាំថ្ងៃសុទ្ធសឹងមានទាំងអំណរសប្បាយនិងទុក្ខព្រួយ។ ជួនកាលកង្វល់ទាំងនេះលើសពីសមត្ថភាពរបស់យើង សេចក្តីនេះហើយបានជាព្រះយេស៊ូអញ្ជើញឱ្យសាវ័កមានពេលមកសម្រាកជាមួយព្រះអង្គ! ជាពេលដែលព្រះយេស៊ូយកនឹមរបស់ព្រះអង្គ គឺនឹមរបស់ព្រះអង្គស្រាល និងមានចិត្តសុភាពរាបសារ ស្លូតបូតដែលធ្វើឱ្យយើងទាំងអស់គ្នាអាចរកអំណរសប្បាយ អាចរកនៅក្តីសង្ឃឹមនាំឱ្យយើងមានចិត្តគំនិតថ្មីនៅក្នុងព្រះយេស៊ូ។
ដូច្នេះសូមបងប្អូនជាទីស្រឡាញ់ពេលវេលាដែលយើងមាន ពេលសម្រាកជាមួយព្រះយេស៊ូសូមឲ្យយើងចេះអធិដ្ឋាន ស្មឹងស្មាតការទាំងអស់នេះនឹងនាំឱ្យយើងឃើញថា យើងមានជំនឿរឹងពឹងលែងភ័យខ្លាចព្រួយបារម្ភអ្វីទាំងអស់ត្បិតយើងបានថ្វាយកិច្ចការទាំងនោះទៅព្រះយេស៊ូ។ ខ្ញុំសុំជូនពរបងប្អូនសូមឱ្យបងប្អូនជឿថា ពេលយើងតាមព្រះយេស៊ូព្រះអង្គផ្តល់ពន្លឺថ្មីដល់យើង និងក្តីសង្ឃឹមថ្មីដល់យើងនៅក្នុងសេចក្តីសុខសាន្ត។ សូមព្រះជាម្ចាស់ប្រទានពរ៕
Daily Program
