ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន (៦,៣៥-៤០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

ជម្រាបសួរទាំងអស់គ្នា ថ្ងៃនេះយើងរួបរួមគ្នារិះគិតពិចារណាព្រះបន្ទូលដំណឹងល្អតាមយ៉ូហាន (៦,៣៥-៤០) អត្ថបទនេះព្រះយេស៊ូបង្ហាញព្រះអង្គឱ្យបណ្តាជនស្គាល់យ៉ាងច្បាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គជាអាហារដែលផ្តល់ជីវិត អ្នកណាមករកព្រះអង្គលែងឃ្លានទៀតហើយ អ្នកណាជឿលើព្រះអង្គក៏លែងស្រេកទៀតដែរ។ ព្រះអង្គមិនបោះបង់អ្នកដែលមករកព្រះអង្គជាដាច់ខាត ត្បិតព្រះអង្គចុះពីស្ថានបរមសុខមកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាដែលបានចាត់ព្រះអង្គឱ្យមក។
បងប្អូនជាទីគោរព! ព្រះយេស៊ូមានព្រះបន្ទូលណែនាំបណ្តាជន និងគ្រីស្តបរិស័ទថា ព្រះយេស៊ូមិនមែនជាព្រះអង្គដែលប្រោសប្រទាននំប៉័ង និងម្ហូបអាហារឱ្យបណ្តាជនបរិស័ទបរិភោគប៉ុណ្ណោះទេ! គឺព្រះអង្គជាអាហារតែម្តងអាហារដែលផ្តល់ជីវិត។ ព្រះយេស៊ូមិនត្រឹមជាអាហារដែលចិញ្ចឹមរូបកាយរបស់មនុស្សតែប៉ុណ្ណោះ តែជាអាហារដែលផ្តល់វិញ្ញាណដល់មនុស្សយើង ដូច្នេះអាហារដែលព្រះអង្គប្រោសប្រទានឱ្យគឺជារូបកាយព្រះគ្រីស្ត ហើយភេស្ជៈដែលព្រះអង្គប្រោសប្រទានឱ្យគឺជាព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ដូចព្រះយេស៊ូមានព្រះបន្ទូលនៅថ្ងៃនេះដែលព្រះអង្គលាងជើងឱ្យក្រុមសាវ័ក និងជប់លៀងជាមួយពួកគេដោយព្រះអង្គមានព្រះបន្ទូលថា នេះជារូបកាយខ្ញុំ នេះជាលោហិតខ្ញុំ។ នៅវេលាដែលព្រះយេស៊ូបង្កើតអគ្គសញ្ញាគោរពព្រះអរព្រះគុណព្រះជាអម្ចាស់ ហើយមានព្រះបន្ទូលថា សូមអ្នករាល់គ្នាធ្វើដូច្នេះដើម្បីនឹករឮកដល់ខ្ញុំ។ ដូច្នេះពេលណាពួកយើងអញ្ជើញចូលរួមនៅក្នុងអភិបូជាពួកយើងនឹករំលឹកដល់ព្រះយេស៊ូដែលបូជាព្រះជន្មនៅលើឈើឆ្កាង។
យើងនឹករំលឹកដល់ព្រះយេស៊ូដែលប្រោសប្រទានរូបកាយ និងលោហិតរបស់ព្រះអង្គផ្ទាល់! អភិបូជាជាពេលមួយដ៏ពិសេសបំផុតនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ។ នៅក្នុងអភិបូជាព្រះយេស៊ូប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យដល់ពួកយើង តាមរយៈការចូលរួម ការស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ និងការទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ ព្រះយេស៊ូជាមហាបូជាចារ្យ និងយញ្ញបូជាដែរ ព្រះអង្គបានបូជាព្រះជន្មផ្ទាល់់របស់ព្រះអង្គ ព្រះអង្គគឺជាកូនចៀមដែលដកបាបនៃពិភពលោក។
ទីបញ្ចប់ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឱ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឱ្យមានជីវិតរស់ឡើងវិញនៅថ្ងៃចុងក្រោយបំផុត។ ព្រះយេស៊ូនឹងប្រោសពួកយើងឱ្យមានជីវិតរស់ឡើងវិញជាមិនខាននៅថ្ងៃចុងក្រោយបំផុត។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
