ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥អត្ថបទគម្ពីរ យ៉ូហាន (៥,១៧-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពអត្ថបទថ្ងៃនេះតាមលោកយ៉ូហាន (៥,១៧-៣០) និយាយអំពីទំនាក់ទំនង និងបេសកកម្មរបស់ព្រះបិតា និងព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះបិតារបស់ខ្ញុំធ្វើការរហូតមកដល់សព្វថ្ងៃ ខ្ញុំក៏ដូចព្រះអង្គដែរ។ អត្ថបទនេះបញ្ជាក់ថា ការទំនាក់ទំនងរវាងព្រះជាអម្ចាស់ជាមួយព្រះយេស៊ូ គឺជាព្រះបិតា និងព្រះបុត្រា។
ព្រះយេស៊ូមានព្រះបន្ទូលជាក់ស្តែងថា ព្រះជាអម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាអម្ចាស់នេះជាអត្តសញ្ញាណពិតប្រាកដរបស់ព្រះយេស៊ូ។ បងប្អូនជាទីគោរព! ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាអម្ចាស់មែន ដូច្នេះដូចព្រះបិតារបស់ព្រះយេស៊ូធ្វើការរហូតមកទល់សព្វថ្ងៃ ព្រះយេស៊ូក៏ធ្វើការដូចព្រះអង្គដែរ។ ព្រះបិតា និងព្រះបុត្រាទាំងពីរអង្គបានសម្តែងសេចក្តីស្រឡាញ់ និងធម៌មេត្តាករុណាចំពោះមនុស្សយើង។
ទាំងពីរអង្គខិតខំធ្វើការសង្គ្រោះ រំដោះមនុស្សយើងឱ្យរួចពីអំពើបាប និងអំពើអាក្រក់គ្រប់បែបយ៉ាង។ កាលឮព្រះយេស៊ូនិយាយអំពីសេចក្តីពិតគឺព្រះជាអម្ចាស់ជាព្រះបិតារបស់ព្រះអង្គ ជនជាតិយូដាធ្វើគត់ព្រះអង្គខ្លាំងឡើងៗ។ បងប្អូនជាទីគោរពអត្ថបទនេះបញ្ជាក់ថា កាលណានិយាយសេចក្តីពិត កាលនោះពួកយើងជួបប្រទះឧបសគ្គ និងទុកលំបាកខ្លះៗជាមិនខាន ប៉ុន្តែពួកយើងត្រូវតែនិយាយសេចក្តីពិតអត្ថបទនេះបញ្ជាក់ថា ព្រះបិតា និងព្រះយេស៊ូមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។
ព្រះបិតាសព្វព្រះហឫទ័យស្រឡាញ់ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះអង្គ។ ព្រះយេស៊ូក៏សព្វព្រះហឫទ័យស្រឡាញ់ព្រះជាអម្ចាស់ជាព្រះបិតាដែរ ព្រះទាំងពីរអង្គមានការទំនាក់ទំនងនៃសេចក្តីស្រឡាញ់។ ព្រះបិតា និងព្រះបុត្រាមានបេសកកម្មតែមួយ ហើយព្រះយេស៊ូយាងកនៅក្នុងលោកនេះ ដើម្បីចែករម្លែកបេសកកម្មរបស់ព្រះជាអម្ចាស់ជាព្រះបិតា។ ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំសូមប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់បានឡើងគឺព្រះបុត្រាធ្វើតែកិច្ចការណាដែលទ្រង់បានឃើញព្រះបិតាធ្វើប៉ុណ្ណោះ”។
កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។ បងប្អូនជាទីគោរព! ព្រះយេស៊ូប្រឹងប្រែង ណែ នាំជនជាតិយូដាថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាអម្ចាស់ ព្រះជាអម្ចាស់ចាត់ព្រះបុត្រាដើម្បីបំពេញ កិច្ចការដែលព្រះអង្គមានព្រះហឫទ័យធ្វើការ។ ព្រះយេស៊ូធ្វើអ្វីទាំងអស់តាមការបញ្ជារបស់ព្រះអង្គ ដូច្នេះ ព្រះជាអម្ចស់ប្រោសប្រទានអំណាចវិនិច្ឆ័យមនុស្សលោក និងក្លាយជាប្រភពនៃជីវិតដល់ព្រះបុត្រា។ បង ប្អូនជាទីគោរព! អត្ថបទថ្ងៃនេះប្រៀបប្រដៅគ្រីស្តបរិស័ទថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាអម្ចាស់ ព្រះអង្គទទួលគ្រប់អំណាចពីព្រះបិតា ព្រះអង្គមិនប្រាថ្នាធ្វើតាមបំណងព្រះអង្គឡើយគឺធ្វើតាមព្រះ ហឫទ័យរបស់ព្រះជាអម្ចាស់ដែលបានចាត់ព្រះអង្គឱ្យមក។
ប្រសិនបើពួកយើងស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ និងជឿលើព្រះអង្គទាំងស្រុងពួកយើង និងមានជីវិតអស់កល្បជានិច្ច ផ្ទុយទៅវិញបើពួកយើងមិនស្តាប់ព្រះបន្ទូល និងមិនជឿលើព្រះអង្គពួកយើងនឹងទទួលទោសជាមិនខាន។ បងប្អូនជាទីស្រឡាញ់! សូមអត្ថបទនេះជួយយើងកែប្រែចិត្តគំនិត នឹងពង្រឹងជំនឿរបស់យើង សូមអត្ថបទនេះជួយយើងស្វែងយល់អត្តសញ្ញាណរបស់ព្រះយេស៊ូ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាអម្ចាស់ ហើយជឿលើព្រះអង្គទាំងស្រុង។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
