បងប្អូនជាទីស្រឡាញ់! យើងចាប់ផ្តើមបូជនីចរក្នុងរដូវអប់រំពិសេសប្រចាំឆ្នាំ ដោយជំនឿនិងសេចក្តីសង្ឃឹម ជាមួយសញ្ញានៃការសុំលើកលែងទោសដោយរោយផេះលើក្បាល។ ព្រះសហគមន៍ដែលជាមាតា និងជាម្ចាស់ក្សត្រី បានអញ្ជើញយើងឲ្យរៀបចំចិត្តគំនិត និងបើកបេះដូងទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដើម្បីយើងអាចប្រារព្ធបុណ្យចម្លងរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលមានជ័យជម្នះដ៏អស្ចារ្យលើអំពើបាប និងសេចក្តីស្លាប់។ សន្តប៉ូលបានប្រកាសសេចក្តីនេះថា៖ «ជ័យជម្នះបានបំបាត់មច្ចុរាជចោលហើយ! មច្ចុរាជអើយ តើជ័យជម្នះរបស់ឯងនៅឯណា? មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯងនៅឯណា?» (១ករ ១៥,៥៤-៥៥)។ ជាការពិតណាស់ ព្រះយេស៊ូគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ គឺជាស្នូលនៃជំនឿរបស់យើង និងជាការធានាចំពោះព្រះបន្ទូលសន្យាដ៏ប្រសើររបស់ព្រះបិតា គឺជីវិតអស់កល្បជានិច្ច ដែលបានចាប់ផ្តើមក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ (យហ ១០,២៨; ១៧,៣)។