ស្ថានភាពសុខភាពសម្តេចប៉ាបបន្តប្រសើរឡើងបន្តិច

ស្ថានភាពសុខភាពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន បន្តប្រសើរឡើងជាបណ្តើរៗ នឹងឈានទៅរកការជាសះស្បើយពីជំងឺរលាកសួត នៅមន្ទីរពេទ្យ Gemelli នៅទីក្រុងរ៉ូម។
ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាស នៅល្ងាចថ្ងៃអាទិត្យថា នៅពេលដែលស្ថានភាពសុខភាពរាងធូរស្បើយសម្តេចប៉ាបអាចចូលរួមប្រជុំនិងអប់រំជំនឿជាមួយនឹងមន្រ្តីនៃសន្តអាសនៈតាមរយៈប្រព័ន្ធ វីដេអូខុនហ្វឺរ៉េនពីមន្ទីរពេទ្យ។
នៅពេលព្រឹកថ្ងៃដដែលទ្រង់ក៏បានក្រោកឡើងទទួលដំណើរសាកសួរសុខទុក្ខពីសំណាក លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន និង ជំនួយការ គឺលោកអគ្គអភិបាល អេដហ្គា ប៉ាញ៉ា ប៉ារ៉ា (Edgar Peña Parra) នៅមន្ទីរពេទ្យ។
ប្រភពដដែលបានបន្តថា ទោះបីជាស្ថានភាពសុខភាពសម្តេចប៉ាបប្រសើរក៏ពិតមែន ប៉ុន្តែទ្រង់នៅតែបន្តការព្យាបាលផ្លូវដង្ហើមដដែល ដោយទ្រង់អាចទទួលទានអាហារតាមវេជ្ជបញ្ជា។
ជារួមស្ថានភាពរបស់គាត់ហាក់ដូចជាមានស្ថេរភាព ហើយមានលក្ខណៈប្រសើរបន្តិចម្តងៗ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានភាពទូទៅនៅតែស្មុគស្មាញ ដែលជំរុញឱ្យក្រុមគ្រូពេទ្យបន្តរក្សាការព្យាករណ៍ដោយការប្រុងប្រយ័ត្នខ្ពស់៕
Daily Program
