សារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ក្នុងរដូវអប់រំពិសេស ឆ្នាំ២០២៥ «ចូរយើងធ្វើដំណើររួមគ្នាក្នុងសេចក្តីសង្ឃឹម»

បងប្អូនជាទីស្រឡាញ់! យើងចាប់ផ្តើមបូជនីចរក្នុងរដូវអប់រំពិសេសប្រចាំឆ្នាំ ដោយជំនឿនិងសេចក្តីសង្ឃឹម ជាមួយសញ្ញានៃការសុំលើកលែងទោសដោយរោយផេះលើក្បាល។ ព្រះសហគមន៍ដែលជាមាតា និងជាម្ចាស់ក្សត្រី បានអញ្ជើញយើងឲ្យរៀបចំចិត្តគំនិត និងបើកបេះដូងទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់​ ដើម្បីយើងអាចប្រារព្ធបុណ្យចម្លងរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលមានជ័យជម្នះដ៏អស្ចារ្យលើអំពើបាប និងសេចក្តីស្លាប់។ សន្តប៉ូលបានប្រកាសសេចក្តីនេះថា៖ «ជ័យជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!​  មច្ចុរាជ​អើយ​ ​តើ​ជ័យជម្នះ​របស់​ឯង​នៅ​ឯណា? មច្ចុរាជ​អើយ‌  តើ​អំណាច​ប្រហារជីវិត​​របស់​ឯងនៅ​ឯណា?» (១ករ ១៥,៥៤-៥៥)។ ជាការពិតណាស់ ព្រះយេស៊ូគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ គឺជាស្នូលនៃជំនឿរបស់យើង និងជាការធានាចំពោះព្រះបន្ទូលសន្យាដ៏ប្រសើររបស់ព្រះបិតា គឺជីវិតអស់កល្បជានិច្ច ដែលបានចាប់ផ្តើមក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ (យហ ១០,២៨; ១៧,៣)។

ក្នុងឱកាសរដូវអប់រំពិសេស ដែលពោរពេញដោយសេចក្តីប្រណីសន្តោសក្នុងឆ្នាំមហាករុណាទិគុណនេះ ខ្ញុំសូមឲ្យ​បងប្អូន​រិះគិត​អត្ថន័យនៃការធ្វើដំណើររួមគ្នាក្នុងសេចក្តីសង្ឃឹម និងព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ដែល​ត្រាស់ហៅយើង​ឲ្យកែប្រែចិត្តគំនិត ទាំងជាបុគ្គល ក៏ដូចជាសហគមន៍។

ទីមួយ ធ្វើដំណើរ៖ ប្រធានបទនៃឆ្នាំមហាករុណទិគុណ បូជនីយេសក៍ឆ្ពោះទៅសេចក្តីសង្ឃឹម រំឭកយើងអំពីដំណើរដ៏វែងឆ្ងាយរបស់ប្រជារាស្ត្រអ៊ីស្រាអែលឆ្ពោះទៅកាន់ទឹកដីសន្យា ដែលមានរៀបរាប់នៅក្នុងគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព៖ ព្រះអម្ចាស់ ដែលស្រឡាញ់ប្រជារាស្រ្តរបស់ព្រះអង្គ ហើយស្មោះត្រង់ជាមួយពួកគេជានិច្ច សព្វព្រះហឫទ័យ និងដឹកនាំដំណើរដ៏លំបាកពីភាពជាទាសករទៅកាន់សេរីភាព។ យើងមិនអាចនិយាយអំពីដំណើរឆ្ពោះទៅកាន់សេរីភាពតាមព្រះគម្ពីរ ដោយមិនគិតដល់បងប្អូនប្រុសស្រីជាច្រើននាក់ ដែលសព្វថ្ងៃកំពុងរត់គេចពីស្ថានភាពក្រីក្រ និងអំពើហិង្សា ដើម្បីស្វែងរកជីវិតប្រសើរជាងសម្រាប់ខ្លួនគេ និងសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ នេះគឺជាការបង្ហាញអំពីការត្រាស់ហៅឲ្យកែប្រែចិត្តទីមួយ​​ ពីព្រោះនៅក្នុងជីវិតប្រចាំថ្ងៃ យើងទាំងអស់គ្នាសុទ្ធតែជាបូជនីយេសក៍។ ម្នាក់ៗអាចសួរខ្លួនឯងថា៖ តើរបៀប​រស់នៅ​របស់​យើងជាសាក្សី​នៃបូជនីយចរនេះ​យ៉ាងដូចម្តេច? តើ​ខ្ញុំ​នៅ​តែ​ធ្វើ​ដំណើរ ឬ​ខ្ញុំ​ឈរនៅស្ងៀមទ្រឹង​ប្រៀបដូច​មនុស្ស​ស្ពឹកដៃជើងព្រោះ​តែ​ខ្ញុំ​ខ្លាច ខ្ញុំ​អស់សង្ឃឹម ខ្ញុំមិន​ចង់​ចាក​ចេញ​ពី​ជីវិត​ស្រណុក​សុខស្រួល​របស់​ខ្ញុំឬយ៉ាងណា? តើខ្ញុំកំពុងស្វែងរកផ្លូវរំដោះពីស្ថានភាពនៃអំពើបាប និងស្ថានភាព​ដែល​បំផ្លាញ​សេចក្តី​ថ្លៃថ្នូររបស់​ខ្ញុំ​ឬទេ? បើ​យើង​ប្រៀបធៀបជីវិត​ប្រចាំថ្ងៃរបស់​យើង ជាមួយនឹង​ជន​ចំណាក​ស្រុក ឬ​ជន​បរទេស​ណាម្នាក់ បើ​យើង​រៀន​ធ្វើ​ជាមិត្តភក្តិ និង​យល់​អំពី​ពិសោធន៍​របស់​គេ ពេលនោះហើយ​ជា​ការ​ខិត​ខំ​ដ៏​ល្អ​សម្រាប់​រដូវ​អប់រំ​ពិសេសនេះ ហើយ​យើង​នឹង​រក​ឃើញ​អ្វីដែល​ព្រះជាម្ចាស់​សុំពីយើង នោះហើយទើប​យើង​អាច​ចូលទៅក្នុង​ដំណាក់របស់ព្រះជាម្ចាស់​ដែល​បាន​បំរុងទុក​សម្រាប់​យើង។ ធ្វើ​ដូច្នេះ យើង​នឹងជួយ​បំភ្លឺ​មនសិការ​របស់​យើង​ទាំងអស់​គ្នា​ដែល​កំពុង​ធ្វើ​បូជនីយចរ។

ទីពីរ ធ្វើដំណើររួម​ជាមួយគ្នា។ ព្រះសហគមន៍​ត្រូវ​បាន​ត្រាស់ហៅឲ្យ​រួមដំណើរជាមួយគ្នា ជាSynodal។ គ្រីស្តបរិស័ទទាំងអស់ទទួលការត្រាស់ហៅឲ្យធ្វើដំណើរជាមួយគ្នា គឺមិនមែនជាអ្នកដំណើរម្នាក់ឯងដាច់ខាតនោះ​ទេ។ ព្រះវិញ្ញាណដ៏វិសុទ្ធជំរុញយើងឲ្យចាកចេញពីខ្លួនយើង ដើម្បីដើរឆ្ពោះទៅកាន់ព្រះជាម្ចាស់ និងទៅកាន់បងប្អូនប្រុសស្រីរបស់យើង។ ការដើរជាមួយគ្នាមានន័យថា ឲ្យយើង​ពង្រឹង​ឯកភាពគ្នាជាមួយ​សេចក្តីថ្លៃថ្នូរ​ក្នុង​ជា​ឋានៈ​យើងជា​បុត្រធីតារបស់ព្រះជាម្ចាស់(កាឡ ៣,២៦-២៨)។ ធ្វើ​ដំណើរ​រួម​គ្នា​ក៏​មានន័យថា ប្រកៀកស្មាគ្នាទៅមុខ ដោយមិនជាន់ឈ្លី ឬត្រួតត្រាអ្នកដទៃ ដោយគ្មានការច្រណែន ឬពុតត្បុត ដោយមិនទុកចោលអ្នកណាម្នាក់ ឬបោះ​បង់ចោលគេ​ឲ្យនៅក្រៅសង្គម​នោះឡើយ។ ចូរយើងធ្វើដំណើរជាមួយគ្នា តាមទិសដៅតែមួយ ឆ្ពោះទៅគោលដៅដូចគ្នា ដោយស្តាប់គ្នាទៅវិញទៅមក ក្នុងសេចក្តីស្រឡាញ់ និងភាពអត់ធ្មត់។

ក្នុងរដូវអប់រំពិសេសនេះ ព្រះជាម្ចាស់អញ្ជើញយើងឲ្យពិនិត្យមើលនិង​រិះគិតពិចារណាក្នុងជីវិតរបស់យើង ក្នុងគ្រួសាររបស់យើង កន្លែងដែលយើងធ្វើការ ក្នុងសហគមន៍គ្រីស្តបរិស័ទ ឬក្រុមបព្វជិតបព្វជិតា រិះរក​វិធីតាម​សមត្ថភាព​រៀងខ្លួន ធ្វើដំណើរជាមួយអ្នកដទៃ ស្តាប់គេ កុំឱ្យចាញ់ការល្បួងដែលធ្វើឲ្យយើងគិតតែ​ខ្លួនឯង និងរវល់សម្រាប់តែតម្រូវការផ្ទាល់ខ្លួនប៉ុណ្ណោះ។ នៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ ក្នុង​នាម​ជា​លោកអភិបាល លោកបូជាចារ្យ អ្នកថ្វាយខ្លួន និងគ្រហស្ថ ចូរយើងទូលអង្វរព្រះអង្គ​ សូម​ឲ្យយើងអាចធ្វើការជាមួយអ្នកដទៃ ដើម្បីបម្រើព្រះរាជ្យព្រះជាម្ចាស់។ យ៉ាងណាមិញ យើង​គួរចេះ​​ទទួលស្វាគមន៍ ដោយកាយវិការពិតៗទៅកាន់​​​អស់អ្នកនៅជិតយើងនិងអស់អ្នកនៅឆ្ងាយផងដែរ។ ម្យ៉ាងទៀត យើងក៏អាចមានរបៀបមួយដែលនាំឲ្យមនុស្សផ្សេងៗមានអារម្មណ៍ថា ពួកគេ​ជា​​ចំណែកក្នុងសហគមន៍ ឬក៏ពួកគេគ្មាន​ចំណែក​ក្នុង​សង្គម​។ នេះគឺជាការត្រាស់ហៅទីពីរ៖ កែប្រែចិត្តដើម្បី​​ធ្វើដំណើររួមគ្នា (synodality)។​

ទីបី ចូរយើងធ្វើដំណើរជាមួយគ្នា ក្នុងសេចក្តីសង្ឃឹមស្របតាម​ព្រះបន្ទូលសន្យា។ សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ (រម ៥,៥) ជាសារដ៏សំខាន់នៃឆ្នាំមហាករុណាទិគុណ ក្លាយជាគោលដៅ​នៃការ​ធ្វើ​ដំណើររបស់​យើង​ ឆ្ពោះទៅកាន់ជ័យជម្នះនៃបុណ្យចម្លង។ ដូចសេចក្តីបង្រៀនរបស់សម្តេចប៉ាបបេណេឌីកតូទី១៦ ក្នុងសារលិខិត Spe Salvi «មនុស្សត្រូវការសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ»។ មនុស្សត្រូវការបទ​ពិសោធ ដែល​អា​ច​ឱ្យ​គេ​​និយាយថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្តី ជីវិត​ក្តី ទេវទូត​ក្តី វត្ថុ​ស័ក្តិសិទ្ធិ​នានា​ក្តី បច្ចុប្បន្នកាល​ក្តី អនាគតកាល​ក្តី អំណាច​នានា​ក្តី  អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះជាម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​សម្ដែង​ឲ្យ​យើង​ឃើញ​ក្នុង​ព្រះគ្រីស្ដយេស៊ូ ជា​អម្ចាស់​នៃ​យើង​បាន​ឡើយ។» (រម ៨,៣៨-៣៩)។ ព្រះយេស៊ូដែលជាសេចក្តីស្រឡាញ់ និងជាសេចក្តីសង្ឃឹមរបស់យើង មានព្រះជន្មរស់ឡើងវិញ ទ្រង់គង់នៅ និងសោយរាជ្យប្រកបដោយសិរីរុងរឿង។ ព្រះអង្គបានធ្វើឲ្យសេចក្តីស្លាប់ប្រែទៅជាជ័យជម្នះ ហើយសេចក្តីនេះឯងដែលផ្តល់ឲ្យគ្រីស្តបរិស័ទ​មានជំនឿ និងសេចក្តីសង្ឃឹមដ៏ធំធេង នោះគឺ៖ ការរស់ឡើងវិញរបស់ព្រះគ្រីស្ត!

នេះហើយជាការត្រាស់ហៅទីបីឲ្យ​កែប្រែចិត្តគំនិត៖ ជាការត្រាស់ហៅក្នុង​សេចក្តីសង្ឃឹម ដោយទុកចិត្តលើព្រះជាម្ចាស់ និងលើព្រះបន្ទូលសន្យាដ៏អស្ចារ្យរបស់ព្រះអង្គ អំពី​ជីវិតអស់កល្បជានិច្ច។ យើងត្រូវសួរខ្លួនយើងថា៖ តើខ្ញុំជឿថា ព្រះជាម្ចាស់អត់ទោសឲ្យខ្ញុំបានរួចពីបាបឬទេ? ឬមួយក៏ខ្លួន​ខ្ញុំអាចជួយសង្គ្រោះខ្លួនឯងបាន? តើខ្ញុំប្រាថ្នាចង់បានការសង្គ្រោះ ហើយខ្ញុំទូលអង្វរព្រះជាម្ចាស់ ដើម្បីទទួលការសង្គ្រោះឬទេ? តើខ្ញុំពិតជារស់នៅយ៉ាងពិតប្រាកដតាមសេចក្តីសង្ឃឹម ដែលជួយខ្ញុំឲ្យយល់អំពីព្រឹត្តិការណ៍នៃប្រវត្តិសាស្រ្ត និងជំរុញខ្ញុំឲ្យប្តេជ្ញាខ្លួនដើម្បីរកយុត្តិធម៌ ភាតរភាព ថែរក្សាផ្ទះរួម ដោយធានាថា គ្មានអ្នកណាម្នាក់ត្រូវគេទុកចោលនោះទេ?

បងប្អូនជាទីស្រឡាញ់! សូម​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ស្រឡាញ់យើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គការពារយើងនៅក្នុងសេចក្តីសង្ឃឹម ដែលមិនធ្វើឲ្យយើងខកចិត្តឡើយ(រម ៥,៥)។ សេចក្តីសង្ឃឹមគឺជា «យុថ្កាដ៏​ពិតប្រាកដនិងរឹងមាំ​របស់​ព្រលឹង»។ គឺដោយសេចក្តីសង្ឃឹមនេះហើយ ដែលណែនាំ​ឲ្យ​ព្រះសហគមន៍អធិដ្ឋាន ដើម្បី«ឲ្យ​មនុស្ស​ទាំងអស់ទទួល​បាន​​ការ​សង្គ្រោះ​» (១ធម២,៤) ហើយព្រះសហគមន៍​ដែល​ជា​ភរិយា​រង់ចាំចូលក្នុងសិរីរុងរឿងនៃស្ថានបរមសុខ ដោយរួមជាមួយព្រះគ្រីស្ត ដែល​ជាស្វាមីរបស់នាង។ សន្តីតេរេសានៅ​អាវីឡា ពន្យល់ដូច្នេះថា៖​ ចូរសង្ឃឹមឡើង ឱព្រលឹងខ្ញុំអើយ!​​ ចូរសង្ឃឹមឡើង។ អ្នកមិនដឹងថា​ ថ្ងៃណា​ និងម៉ោងណា​នឹង​មកដល់​ឡើយ។ ចូរប្រុង​ស្មារតី ដ្បិតអ្វីៗទាំងអស់​កន្លងផុត​ទៅលឿនណាស់ ទោះបីភាពមិនចេះអត់ធ្មត់របស់អ្នក នាំឲ្យអ្នកសង្ស័យលើអ្វីដែលពិតប្រាកដ ហើយ​ប្រែក្លាយអ្វីដែលរហ័ស​ទៅ​ជា​ពេល​ដ៏​​យូរក៏ដោយ»  ( Exclamations de l’âme à son Dieu, 15, 3)។​

សូមព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃសេចក្តីសង្ឃឹម ទូលអង្វរព្រះជាម្ចាស់សម្រាប់យើងខ្ញុំ និងសូមរួមដំណើរជាមួយយើងខ្ញុំនៅក្នុងរដូវអប់រំពិសេសនេះផង។

 

ធ្វើនៅទីក្រុងរ៉ូម ព្រះវិហារសន្តយ៉ូហាននៅឡាត្រង់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥

ថ្ងៃបុណ្យរំលឹកសន្ត ប៉ូល មីគី និងសហជីវិន ជាមរណសាក្សី                                                                                                                                                   ហ្រ្វង់ស៊ីស្កូ

Daily Program

Livesteam thumbnail