អត្ថាធិប្បាយគម្ពីរថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

សម្រាប់យើងនៅក្នុងព្រះសហគមន៍ព្រះយេស៊ូចាត់យើងឱ្យទៅប្រកាសដំណឹងល្អទាំងអស់គ្នា ជាពិសេសគ្រីស្តបរិស័ទធម្មតាទៅប្រកាសដំណឹងល្អដល់អ្នកដទៃ នៅកន្លែងដែលយើងរស់នៅ តាមរបៀបត្រឹមត្រូវដោយតាមរយៈពាក្យសម្តី និងកិច្ចការផង។
តាមពិតខ្ញុំចង់និយាយរឿងមួយខ្ញុំទៅស្រុកថៃចូលរួមសិក្ខាសាលាសម្រាប់យុវជន ហើយនៅពេលនោះខ្ញុំបានជួយលោកពុកម្នាក់ដែលជាអ្នកស្មគ្រ័ចិត្តខាងសហជីវិនព្រះយេស៊ូ។ ខ្ញុំចាប់ផ្តើមនិយាយជាមួយគាត់ ព្រោះគាត់ជាជនជាតិបារាំង គាត់ធ្វើការនៅស្រុកថៃអស់រយៈពេល៤០ឆ្នាំ គាត់ធ្វើការនៅជំរំជាមួយលោកអភិបាលគីគេ ហើយនឹងលោកឆាត។ ក្រោយមកគាត់ទៅសួរសុខទុក្ខអ្នកជាប់គុកនៅក្នុងពន្ធនាគារនៅស្រុកថៃ ហើយគាត់និយាយថា គាត់ទៅសួរសុខទុក្ខអស់អ្នកដែលគ្មានអ្នកណាចាប់អារម្មណ៍ ជាពិសេសជនបរទេស។ ហើយគាត់បានប្រាប់ថា គាត់បានឃើញក្រុមប្រូតេស្តង់ច្រើនទៅប្រកាសដំណឹងល្អនៅពន្ធនាគារដែរ ហើយគេបង្រៀនព្រះគម្ពីរ ប៉ុន្តែខ្លួនគាត់អត់ដែលធ្វើអ៊ីចឹងទេ ពីព្រោះគាត់ថា ខ្ញុំមកសួរសយខទុក្ខគេ ដើម្បីជួយគេ ដើម្បីគេ មិនមែនមកដើម្បីបង្រៀនព្រះគម្ពីរទេ។ ពេលគាត់និយាយអ៊ីចឹងខ្ញុំចាប់អារម្មណ៍មែនទែន។ ពេលព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមគ្រីស្តទូតថា ព្រះយេស៊ូនឹងយាងមកវិញដោយសិរីរុងរឿង ព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក ហើយព្រះយេស៊ូនឹងប្រាប់គេថា ពេលណាខ្ញុំជាប់គុក អ្នករាល់គ្នាបានសួរសុខទុក្ខខ្ញុំ គឺនៅពេលដែលយើងទៅសួរសុខទុក្ខអ្នកដែលជាប់គុកនៅក្នុងពន្ធនាគារ ដូចជាទៅសួរសុខទុក្ខព្រះយេស៊ូដែរ។ ហើយព្រះយេស៊ូបានមានព្រះបន្ទូលថា អ្នករាល់គ្នាបានមកសួរសុខទុក្ខខ្ញុំ មិនមែនអ្នករាល់គ្នាមកបង្រៀនព្រះគម្ពីរទេ។
ដូច្នេះខ្ញុំគិតថា ធ្វើយ៉ាងម៉េចដើម្បីប្រកាសដំណឹងល្អ? នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាបានទទួលអ្វីៗទាំងអស់ដែលឥតបង់ថ្លៃ ទទួលអ្វីៗទាំងអស់ពីព្រះជាម្ចាស់ ហើយព្រះអង្គបន្ថែមថា ចូលអ្នករាល់គ្នាឱ្យគេដោយឥតគិតថ្លៃដែរ គឺយើងត្រូវតែជួយគេ សួរសុខទុក្ខគេ ដោយមិនចាំបាច់បានផលប្រយោជន៍សម្រាប់ខ្លួនឯង ពេលនោះយើងបានបង្ហាញសេចក្តីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់បាន។
ពេលយើងប្រកាសដំណឹងល្អ ពេលយើងស្រឡាញ់គេ ដើម្បីគេ ពេលយើងមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន យើងទទួលអំណរសប្បាយយ៉ាងពិតប្រាកដមែន ហើយយើងនៅតែក្មេងជានិច្ច។
ដូច្នេះនៅថ្ងៃនេះ សូមឱ្យយើងទៅប្រកាសដំណឹងល្អតាមព្រះបន្ទូលរបស់ព្រះយេស៊ូ ប៉ុន្តែកុំគិតអំពីផលផ្លែ គឺជួយគេដើម្បីគេ ស្រឡាញ់គេដើម្បីគេ និងលើកលែងទោសឱ្យគេ៕
Daily Program
