អត្ថាធិប្បាយគម្ពីរថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងបានស្តាប់ព្រះបន្ទូល​ដែលព្រះយេស៊ូបានរិះគន់អ្នកឃើញការអស្ចារ្យរបស់ព្រះអង្គហើយ ប៉ុន្តែអត់កែប្រែចិត្តគំនិត​(ម៉ាថាយ១០ ,២០-២៤)។

រឿងនេះ បានធ្វើឱ្យលោកពុករិះគិតបន្តិចអំពីរឿងមួយដែលយើងឃើញស្នាព្រះហស្ត ការអស្ចារ្យរបស់ព្រះជាម្ចាស់ហើយ ប៉ុន្តែអត់បានចាប់អារម្មណ៍ មិនយកចិត្តទុកដាក់ក៏អត់បាន​កែប្រែចិត្តគំនិតដែរ។ រឿងមួយដែលលោកពុកនឹកឃើញនៅពេលនេះ គឺរឿងបរិស្ថាន ឬជារឿង​មួយដែលយើងឃើញស្នាព្រះហស្ថរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ធាតុអាកាសល្អ មានភ្លៀង មានកម្តៅ មានព្រះអាទិត្យ មានពន្លឺ នេះគឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់​ ដែលព្រះអង្គធ្វើការអស្ចារ្យនេះ ឱ្យយើងជារៀងរាល់ថ្ងៃ។

បងប្អូនគិតមើល បើពិភពលោករបស់យើង ព្រះជាម្ចាស់មិនបានរៀបចំឱ្យល្អប្រសើរទេ ជីវិតរបស់យើងទៅជាយ៉ាងណា? ពិតជាពិបាកមែន ក៏ប៉ុន្តែសព្វថ្ងៃនេះ យើងឃើញសញ្ញា​របស់ព្រះជាម្ចាស់​​ដែលព្យាយាមរំលឹកដាស់តឿនយើង គឺការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។ រឿងនេះ គឺជារឿងមួយដែលព្រះអង្គព្យាយមប្រាប់យើង ឬក៏រំលឹកឱ្យបងប្អូនគិតថា តើយើងធ្វើយ៉ាងម៉េច​ដើម្បីឱ្យស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ការអស្ចារ្យដែលព្រះអង្គធ្វើនេះ ឱ្យបានយើងកែប្រែ​ចិត្តគំនិត​ត្រឡប់​មករកព្រះអង្គវិញ។

បាទបងប្អូន! យើងត្រូវការសហការ​គ្នា​មែនទែន ដោយសារការថែរក្សាបរិស្ថាន​មិនមែនជារឿងរបស់​មនុស្សម្នាក់ៗ​ធ្វើបានទាំងអស់ទេ វា​ត្រូវការ​ចូលរួម​ទាំងគ្រប់មជ្ឈដ្ឋាន ទាំងខាងរដ្ឋ និងទាំងខាងឯកជន ទាំងខាងវិស័យសាសនា។ យើងត្រូវការសហការណ៍គ្នា  ហើយរួមដៃគ្នាដើម្បីឱ្យរឿងបរិស្ថាននេះបានកែតម្រូវឡើងវិញ។

បងប្អូនយើងមានពេលវេលាអត់ច្រើនទេ​ ដើម្បីកុំឱ្យកម្តៅពិភពលោក​របស់យើង​ឡើង​ទៅ​ដល់២,៥អង្សា ប្រសិនបើលើស ពិពភលោករបស់យើងរងគ្រោះថ្នាក់មែនទែន គឺការប្រែប្រួលអាកាសធាតុ។ ព្រះអង្គព្យាយាមដាស់តឿនយើង ដើម្បីឱ្យកែប្រែចិត្តគំនិត ប្រសិនបើយើងគិតតែខ្លួនឯង គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន​ គិតតែចំណេញ មិនគិតពីរបស់រួម ដូចសម្តេចប៉ាបបានឱ្យយើងដឹងនៅក្នុងសៀវភៅ​«ឡូដាតូស៊ី» ឬមានមួយ​ទៀត «ឡូដាតេលេអុង» គឺជាឯកសារមួយដើម្បីឱ្យយើងយកចិត្តទុកដាក់ថែរក្សាផ្ទះរួមរបស់យើង គឺពិភពលោករបស់យើងនេះ។

បាទបងប្អូន កុំឱ្យពាក្យរិះគន់របស់ព្រះយេស៊ូ ខូរ៉ាស៊ីន និងបែនស៊ីដា ឃើញព្រះជាម្ចាស់​ធ្វើការអស្ចារ្យច្រើន ប៉ុន្តែគេមិនអើពើគិតតែរឿងដែលមិនសូវកែប្រែចិត្តគំនិត។ រឿងបរិស្ថាន​ ជារឿងសាមញ្ញ​មួយដែលធ្វើឱ្យ​យើងនឹកឃើញ​ជីវិតរស់នៅប្រចាំថ្ងៃរបស់យើ ងត្រូវកែប្រែចិត្តគំនិត ត្រូវតែលះបង់ដើម្បីផលប្រយោជន៍រួម និងត្រូវធ្វើយ៉ាងម៉េចដើម្បីឱ្យធនធានធម្មជាតិ​ដែលមានកម្រឹត​របស់យើងសព្វថ្ងៃនេះ បានប្រយោជន៍បំផុត និងការប្រើឡើងវិញ ឬការបន្ថយការប្រើប្រាស់ដែលជាជំនួយ​ជួយដល់ពិភពលោករបស់យើងផុតពីគ្រោះថ្នាក់នៅពេលខាងមុខដែរ។

សូម​ឱ្យព្រះបន្ទូលថ្ងៃនេះជួយយើងដើម្បីឱ្យយើងកែប្រែ និងជួយស្តារពិពភលោករបស់យើង ដែលជាស្នាព្រះហស្តរបស់ព្រះអង្គដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

 

Daily Program

Livesteam thumbnail