ព្រះបន្ទូលថ្ងៃនេះ នាំឱ្យយើងរិះគិតអំពីរបៀបដែលព្រះយេស៊ូណែនាំក្រុមសាវ័កឱ្យមានចិត្តសុភាពរាបសារ ចិត្តស្លូតបូតដែលពួកគាត់កំពុងតែរវីរវល់ជជែកគ្នាថា តើអ្នកណាធំជាងនៅក្នុងចំណោមសាវ័កដប់ពីរនាក់? ពេលព្រះយេស៊ូឃើញក្រុមសាវ័កព្យាយាមវែកញ៉ែកគ្នាថាខ្លួនសាកសមជាអ្នកធំ ឬកាន់តំណែងខ្ពស់តាមរបៀបលោកិយ៍។ ព្រះយេស៊ូក៏បានយករឿងកូនក្មេងដែលមានចិត្តស្មោះនិងជ្រះថ្លា និយាយទៅកាន់សាវ័ក ឲ្យរៀនពីរបៀបកូនក្មេង គឺ “ភាពបរិសុទ្ធ ភាពសាមញ្ញ និងការដាក់ខ្លួន”មានន័យថាត្រូវមានចិត្ត ទៀងត្រង់ មិនពុតត្បត់ សប្បាយចិត្តនឹងអ្វីដែលខ្លួន គ្មានភាពច្រណែននិន្ទា មិនលោភលន់ គិតប្រយោជន៍រួម នឹង ចេះដាក់ខ្លួនបម្រើអ្នកដទៃ ដោយមិនរើសអើងគ្នា។