កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុង “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)”។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ កសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព តំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ខេត្ត និងតំណាងអង្គការសុខភាពពិភពលោក (WHO) អង្គការយូនីសេហ្វ (UNICEF) អង្គការ CHAI អង្គការ GAVI និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួនប្រមាណ ៣៦០នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទ (កម្មវិធី Zoom) ប្រមាណជាង ៣ ០០០នាក់។
កន្លងមក ក.ស.ប. និង ក.ប.ទ. បានសហការគ្នាអភិវឌ្ឍប្រព័ន្ធចាក់វ៉ាក់សាំង (vaccine.gov.kh) ដែលបានជួយសម្រួលដល់ការគ្រប់គ្រង និងកត់ត្រាប្រវត្តិនៃការចាក់វ៉ាក់សាំង ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយប្រព័ន្ធនេះមានភាពធន់សាយប័រនិងមាត្រសម្បទា (Scalability) ដែលត្រូវបានប្រើប្រាស់ដោយវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យប្រមាណជាង ៨ ០០០នាក់ និងបានកត់ត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រហូតដល់ប្រមាណជិត ១៥លាននាក់។ ជាមួយគ្នានេះ ដោយមានតម្រូវការបន្ថែមក្នុងការគ្រប់គ្រងនិងកត់ត្រាប្រវត្តិនៃការចាក់ថ្នាំបង្ការផ្សេងទៀត ក.ស.ប. និង ក.ប.ទ. ក៏បានពិភាក្សានិងយល់ឃើញថាប្រព័ន្ធចាក់វ៉ាក់សាំងដែលមានស្រាប់មានភាពសក្តិសមបំផុតក្នុងការយកទៅពង្រីកវិសាលភាពប្រើប្រាស់ក្នុងកម្រិតជាតិ ដោយគ្រាន់តែយកមកធ្វើការអភិវឌ្ឍបន្ថែមនិងពង្រីកសមត្ថភាពឱ្យក្លាយទៅជាប្រព័ន្ធថ្មីមួយទៀត ដែលមានឈ្មោះថា ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (Electronic Immunization Registry/EIR) ដែលមានភាពធន់សាយប័រ និងសមត្ថភាពខ្ពស់ជាងមុន ព្រមទាំងអាចធ្វើអន្តរប្រតិបត្តិការ។
បន្ទាប់ពីបានអភិវឌ្ឍនិងធ្វើការវាយតម្លៃអំពីភាពធន់សាយប័រនិងភាពរួចរាល់នៃបច្ចេកទេសរួចមក ប្រព័ន្ធ EIR ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសុខភាពចំនួន ២ទីតាំង គឺមណ្ឌលសុខភាពសំរោងក្រោម និងមណ្ឌលសុខភាពជ្រោយចង្វារ និងនៅខែមករា ឆ្នាំ២០២៥ បានដាក់ឱ្យដំណើរការសាកល្បង ១ទីតាំងបន្ថែមទៀត គឺមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ព្រមទាំងបានបន្តបណ្តុះបណ្តាលបុគ្គលិកពេទ្យនិងដាក់ឱ្យដំណើរការសាកល្បងនៅតាមបណ្តាស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលផ្សេងទៀត។ ជាលទ្ធផលគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ប្រព័ន្ធ EIR ត្រូវបានប្រើប្រាស់នៅមូលដ្ឋានសុខាភិបាលចំនួន ១ ៤៤៣ ទីតាំង បុគ្គលិកប្រើប្រាស់ចំនួន ២ ៦៥៤ នាក់ ទិន្នន័យប្រជាពលរដ្ឋបានចុះក្នុងប្រព័ន្ធចំនួន ១៧៤ ៦៨៨ នាក់ និងកំណត់ត្រាវ៉ាក់សាំងចំនួន ១ ១០០ ១៤៩។
ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេលជាងមួយឆ្នាំកន្លងមក ប្រព័ន្ធ EIR ទទួលបានការសាទរជាច្រើន ដែលឈានដល់ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព នៅទូទាំងប្រទេស។
ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅក៏អាចពិនិត្យមើលប្រវត្តិនៃការទទួលថ្នាំបង្ការនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬប៉ុស្ដិ៍សុខភាពរបស់រដ្ឋ តាមរយៈកម្មវិធី MyHealth ដែលជាកូនកម្មវិធី (Mini-App) នៅក្នុងកម្មវិធី DGSuperApp ផងដែរ។
សូមបញ្ជាក់ថា ប្រព័ន្ធ EIR គឺជាថ្នាលឌីជីថលដែលមានសុវត្ថិភាព អន្តរប្រតិបត្តិការ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាឃ្នាស់ឌីជីថលជំនួសឱ្យការកត់ត្រាប្រវត្តិនៃការចាក់ថ្នាំបង្ការដោយដៃនិងប្រើក្រដាស ទៅជាការកត់ត្រាតាមប្រព័ន្ធឌីជីថលដោយស្វ័យប្រវត្តិ ដែលក្នុងនោះរួមមាន (១) កាលវិភាគផ្តល់ថ្នាំបង្ការសម្រាប់ទារកអាយុក្រោម ២ឆ្នាំ (Routine Vaccination) (២) ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV Vaccines) សម្រាប់កុមារីអាយុ ៩ឆ្នាំ (៣) ការផ្តល់វ៉ាក់សាំងតេតាណូស និងខាន់ស្លាក់សម្រាប់ស្ត្រីក្នុងវ័យបន្តពូជអាយុចាប់ពី១៥ឆ្នាំ ដល់ ៤៤ឆ្នាំ និង(៤) វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដូចជាវ៉ាក់សាំងកូវីដ-១៩ ជាដើម។
ប្រព័ន្ធ EIR មានមុខងារសំខាន់ៗ ដូចជា (១) បង្កើតគណនីនៃការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋ និងអាចស្វែងរកព័ត៌មាននៃការចាក់ថ្នាំបង្ការបានយ៉ាងងាយស្រួលនិងឆាប់រហ័ស (២) កត់ត្រាប្រវត្តិនៃការទទួលថ្នាំបង្ការរបស់ទារក កុមារ និងប្រជាពលរដ្ឋទូទៅ និងកាលវិភាគដែលនឹងត្រូវទទួលថ្នាំបង្ការបន្ទាប់ (៣) តាមដាននិងផ្ទៀងផ្ទាត់ប្រវត្តិនៃការទទួលថ្នាំបង្ការគ្រប់ប្រភេទដោយស្វ័យប្រវត្តិ ដើម្បីជំនួសឱ្យការកត់ត្រាក្នុងទម្រង់ជាក្រដាស និង (៤) អាចចូលទៅពិនិត្យមើល និងទាញយករបាយការណ៍ប្រចាំខែអំពីទិន្នន័យអ្នកទទួលថ្នាំបង្ការ ដើម្បីជាមូលដ្ឋានក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
ដោយឡែក ប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណង ដូចជា (១) មើលទីតាំងនៃមូលដ្ឋានសុខាភិបាលឯកជនទូទាំងប្រទេសកម្ពុជា (២) ស្វែងយល់ពីទំហំ និងប្រភេទនៃមូលដ្ឋានសុខាភិបាលឯកជននីមួយៗ (ចំនួននិងប្រភេទបុគ្គលិក ប្រភេទនៃមូលដ្ឋានសុខាភិបាល និងប្រភេទសេវា) និង (៣) តាមដានស្ថានភាព និងភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជន។
ប្រព័ន្ធ HFMIS នេះ មានមុខងារសំខាន់ៗ ដូចជា (១) បច្ចុប្បន្នភាពទិន្នន័យមូលដ្ឋានសុខាភិបាល (២) ស្ថិតិនៃស្ថានភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជននីមួយៗ រួមមាន អាជ្ញាបណ្ណកំពុងមានសុពលភាព អាជ្ញាបណ្ណជិតផុតសុពលភាព (រយៈពេលយ៉ាងតិចជាង៩០ថ្ងៃ) និងអាជ្ញាបណ្ណផុតសុពលភាព (៣) ផ្ទាំងសម្រាប់បែងចែងប្រភេទមូលដ្ឋានសុខាភិបាល (៤) ផ្ទាំងសម្រាប់បែងចែកតាមខេត្ត-ស្រុក (៥) បញ្ជីឈ្មោះមូលដ្ឋានសុខាភិបាល និង (៦) ស្វែងរកទីតាំងនៅលើ Google Map។
ជាថ្មីម្ដងទៀត ក.ស.ប. និង ក.ប.ទ. នឹងបន្តសហការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានាបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕