ការកើនឡើងនៃការរំខានលើសញ្ញា GPS នៅក្នុងច្រកសមុទ្រអ័រមូស បង្កើនហានិភ័យសម្រាប់ការធ្វើនាវាចរាចរណ៍
យោងតាមសហគ្រាសបច្ចេកវិទ្យាចរាចរណ៍ផ្លូវសមុទ្រ វីនវ៉ដ (Windward) បានឲ្យដឹងថា នាវា ជាង ១១០០ គ្រឿង ត្រូវទទួលរងឥទ្ធិពលពីការរំខានលើសញ្ញា GPS នៅក្នុងឈូងសមុទ្រពែរ្ស៍ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ ការវាយប្រហារនានាដែលផ្តល់នូវហានិភ័យសម្រាប់ការធ្វើនាវាចរណ៍ និងចូលរួមចំណែកធ្វើឲ្យការរាំងស្ទះនៃច្រកសមុទ្រយុទ្ធសាស្រ្ត អ័រមូស។
នេះគឺជាច្រកគន្លឹះនៃការឆ្លងកាត់នៃពាណិជ្ជកម្មពិភពលោក ដែលស្ទើតែបានឈប់ទ្រឹង។ ចាប់តាំងពីការផ្ទុះឡើងនូវជម្លោះនៅមជ្ឈិមបូព៌ា នាវារាប់រយគ្រឿង បានបោះយុថ្កានៅក្បែរ ឬឆ្ងាយ ពីច្រកសមុទ្រអ័រមូស ដែលបែងចែកប្រទេសអ៊ីរ៉ង់ និងឧបទ្វីបអារ៉ាប៊ី។
ឆ្នាំបដិវត្តន៍អ៊ីរ៉ង់ ដែលប្រកាសកាលពីថ្ងៃទី៤ខែមីនា ថាបានគ្រប់គ្រងទាំងស្រុងនៃច្រកសមុទ្រ ធ្លាប់បានព្រមានចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ថ្ងៃទី១ នៃការវាយប្រហាររបស់អ៊ីស្រាអែល និងអាម៉េរិកលើអ៊ីរ៉ង់ ថា មិនមាននាវាណាដែលនឹងអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រនេះ បន្ទាប់មកក៏គំរាមវាយប្រហារលើនាវាដែលហ៊ានផ្សងព្រេងឆ្លងកាត់។ ចាប់តាំងពីពេលនោះ នាវាជាច្រើនត្រូវបានវាយប្រហារ មានជាអាទិ៍ ពីដ្រូន។ ទីភ្នាក់ងារសន្តិសុខខាងផ្លូវសមុទ្រ បានតម្លើងដល់កម្រិតអាសន្ននូវហានិភ័យសន្តិសុខនៅច្រកសមុទ្រនេះ ដែលជាទីកន្លែងដែលមានការដឹកជញ្ជូន ២០% នៃប្រេងរបស់ពិភពលោក។
ប៉ុន្តែការគំរាមកំហែងច្បាស់នេះ មិនមែនជាស្ថានភាពលំបាកតែមួយប្រភេទដែលនាវានានាត្រូវប្រឈមមុខនោះទេ។ ពួកគេក៏ត្រូវប្រឈមមុខនឹងការរីកធំឡើងនៃការជ្រៀតជ្រែករំខានខាងប្រព័ន្ធអេឡិចត្រូនិកផងដែរ។
កាលពីថ្ងៃទី១ មីនា សហគ្រាសបច្ចេកវិទ្យាផ្លូវសមុទ្រ វីនវ៉ដ បានរៀបរាប់ឲ្យដឹងថា នាវាច្រើនជាង ១១០០ គ្រឿង ត្រូវបានប៉ះពាល់ដោយការរំខានលើប្រព័ន្ធ GPS នៅក្នុងឈូងសមុទ្រពែរ្ស៍ រយៈពេល ២៤ម៉ោង។
លោកចច វ៉ូឡូស្ហ៊ីន George Voloshin អ្នកវិភាគឯករាជ្យផ្នែកថាមពល ដែលបានទាក់ទងដោយក្រុមអ្នកសារព័ត៌មានអ្នកសង្កេតការណ៍ (Observateurs) បានបកស្រាយថា ៖ ”ឧប្បត្តិវហេតុនានាត្រូវបានរាយការណ៍ថា មានជារយៈពេលខ្លីៗ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៥ ប៉ុន្តែវិសាលភាពរបស់វាបានកើនឡើងយ៉ាងឆាប់រហ័ស និងមានសក្តានុពល បន្ទាប់ពីមានការរីកធំនៃភាពតានតឹងដោយយោធាកាលពីថ្ងៃទី២៨ ខែកុម្ភៈ”។
ពួកវាមានទម្រង់ពីរសំខាន់នៃការជ្រៀតជ្រែករំខានប្រព័ន្ធ ជីអេនអេសៗ GNSS ដែលសញ្ញា GNSS កំណត់នៃប្រព័ន្ធពិភពលោកនៃការចាប់ទីតាំងនៅលើផែនដីដោយប្រព័ន្ធផ្កាយរណប ហើយក្នុងចំណោមនេះ ក៏មានប្រព័ន្ធ GPS របស់អាម៉េរិកផងដែរ។ លោកចច វ៉ូឡូស្ហ៊ីន បកស្រាយថា វិធីទី១ ឬក៏សាមញ្ញបំផុត គឺការរំខានប្រព័ន្ធ GNSS ឬហៅថា ជែមមីង “jamming” ជាភាសាអង់គ្លេស។ ការរំខាននោះធ្វើឲ្យសញ្ញាអគ្គិសនីវិទ្យុដែលបញ្ជូនមកពីផ្កាយរណបត្រូវបានបំពានដោយ‘សម្លេងរំខាន’ខ្លាំងនៅលើប្រេកង់ដូចគ្នា ហើយឧបករណ៍ទទួលសញ្ញានឹងបាត់បង់ការតភ្ជាប់ជាមួយផ្កាយរណប។” លោកថូម៉ាស វីតធីងថុន Thomas Withington អ្នកជំនាញផ្នែកសង្គ្រាមអេឡិចត្រូនិកនៅវិទ្យាស្ថានភូមិន្ទសេវាកម្មរួបរួមនៅចក្រភពអង់គ្លេស (Royal United Services Institute) បានបកស្រាយដែរថា វិធីសាស្រ្តកាន់តែស្មុគស្មាញ គឺការក្លែងបន្លំប្រព័ន្ធ GNSS (ឬហៅថា spoofing” ដែលមានន័យថា “ជាការបញ្ចូលព័ត៌មានក្លែងក្លាយទៅក្នុងឧបករណ៍ទទួល GNSS ដើម្បីឲ្យវាបង្កើតទិន្នន័យនៃការធ្វើនាវាចរណ៍ក្លែងក្លាយ។ វិធីសាស្រ្តនេះកាន់តែត្រូវបានគេប្រើច្រើនឡើងៗ នៅក្នុងតំបន់ជម្លោះ។
ភាគច្រើននៃប្រព័ន្ធនៃដំណើររបស់កប៉ាលនានាពឹងផ្អែកលើទិន្នន័យពីប្រព័ន្ធជីភីអេស GPS ហើយក៏មានដូចជាករណីប្រព័ន្ធ AIS (Automatic Identification System) ប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិដែលអាចអនុញ្ញាតឲ្យពួកគេកំណត់ផ្លូវបើកបរបាន។