បើមិនមានជំនាញទេ! គួរប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យធំៗភ្លាម

អស់លោក លោកស្រី ដែលជាក្រុមគ្រូពេទ្យនៅតាមគ្លីនិក និងបើកកន្លែងព្យាបាល ក៏ដូចជាពិគ្រោះជំងឺ ប្រសិនបើពិនិត្យទៅឃើញអ្នកជំងឺមានជំងឺដែលមិនមែនជាជំនាញ ឬនៅកន្លែងខ្លួនមិនមានសម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់ទេ គួរបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យធំៗដែលមានជំនាញពិតប្រាកដ។

សូមកុំចេះតែទទួលអ្នកជំងឺ ដើម្បីយកមកចាក់សេរ៉ូម និងវាយថ្នាំតែផ្តេសតែផ្តាស ហើយឱ្យអ្នកជំងឺសម្រាកដើម្បីគិតថ្លៃបន្ទប់អី។ មនុស្សម្នាក់ៗមានអាការៈរោគផ្សេងៗគ្នា ហើយជំងឺក៏ផ្សេងគ្នា ដោយឡែកក្រុមគ្រូពេទ្យនានាក៏មានឯកទេសដែរ។ ដូច្នេះ នៅក្នុងករណីដែលអ្នកជំងឺចូលមកស្វែងរកសេវាពិគ្រោះក្តី ព្យាបាលជំងឺក្តី ប្រសិនបើយើងមិនមានជំនាញ ឬមិនចំជំនាញរបស់យើង គួរគប្បីជូនយោបល់ឱ្យពួកគេទៅកាន់មន្ទីរពេទ្យណាដែលចំឯកទេស ឬមន្ទីរពេទ្យណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សង្គ្រោះអ្នកជំងឺ។

អ្នកជំងឺម្នាក់ៗមិនមែនជាសាច់ជ្រូក ដែលអស់លោក លោកស្រី ជាវេជ្ជបណ្ឌិតចេះតែកាប់ផ្តេសផ្តាសឡើយ ពីព្រោះតែករណីភ្លាត់ គឺដឹងតែមានបញ្ហាហើយ។ ជាក់ស្តែង ដូចជាករណីកន្លែងពិគ្រោះ និងពិនិត្យជំងឺមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែរងពិរុទ្ធ ក្រោយព្យាបាលកុមារីម្នាក់អាយុ៦ឆ្នាំមិនធូរស្បើយ ទើបបញ្ជូនចេញទៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែជាអកុសល វាយឺតពេលបាត់ទៅហើយ។

កុមារីរងគ្រោះបានទទួលមរណភាពកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយគ្លីនិកនោះសម្រេចបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាបានតែ១ថ្ងៃប៉ុណ្ណោះ។ តាមការចុះផ្សាយដោយសារព័ត៌មានបានឱ្យដឹងថា កុមារីមានអាការៈក្តៅខ្លួន កាលពីវេលាម៉ោង៧ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ នៅពេលនោះ គ្រូពេទ្យបានផ្សំថ្នាំឱ្យលេបនៅផ្ទះរយៈពេល៣ថ្ងៃ ប៉ុន្តែមិនព្រមចុះកម្ដៅឡើយ។ លុះដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកាដដែល ម្តាយរបស់នាងក៏បានយកកូនស្រីទៅជួសឈាមនៅគ្លីនិកនោះដដែល ហើយក្រោយពេលទទួលបានលទ្ធផលចេញមក គឺកូនស្រីនាងមានជំងឺគ្រុនឈាម រលាកថ្លើម និងមានជាតិពុលក្នុងថ្លើម បន្ទាប់មកគ្រូពេទ្យខាងលើបានឱ្យសម្រាកព្យាបាលនៅក្នុងគ្លីនិកនោះ។

ពេលសម្រាកព្យាបាលនៅទីនោះ ស្ថានភាពកុមារីនៅតែមិនបានធូរ គ្រូពេទ្យនៅទីនោះមិនបានបញ្ជូនកូនស្រីនាងបន្តទៅកាន់មន្ទីរពេទ្យធំៗដើម្បីសង្គ្រោះនោះទេ ដោយទុកនៅក្នុងគ្លីនិករបស់ខ្លួនដដែល។ រហូតដល់វេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គ្រូពេទ្យដដែលបានប្រាប់នាងថា អាចចាក់ថ្នាំបំបាត់ការឈឺពោះសិនទៅ ចាំព្រឹកឡើងសឹមយកទៅមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែត្រូវអាណាព្យាបាលជម្នះយកទៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែដោយសារតែជំងឺធ្ងន់ធ្ងរខ្លាំងណាស់ទៅហើយ ទើបគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាមិនអាចជួយសង្គ្រោះកូនស្រីនាងបានឡើយ ហើយនៅវេលាម៉ោង១៥រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា កូនស្រីនាងក៏បានទទួលមរណភាពបាត់ទៅ។

ជារួម ករណីដ៏គួរឱ្យសោកស្តាយនេះ គួរតែក្លាយជាមេរៀនសម្រាប់គ្លីនិក និងមណ្ឌលពិគ្រោះជំងឺឯកជនទាំងអស់។ វិជ្ជាជីវៈពេទ្យមិនមែនគ្រាន់តែជាមុខរបររកប្រាក់ចំណូលនោះទេ ប៉ុន្តែជាការទទួលខុសត្រូវចំពោះអាយុជីវិតមនុស្ស។ គ្រូពេទ្យមិនចាំបាច់ចេះព្យាបាលគ្រប់ជំងឺនោះទេ ប៉ុន្តែត្រូវចេះវាយតម្លៃស្ថានភាពអ្នកជំងឺ និងដឹងពីដែនកំណត់នៃជំនាញខ្លួន ដើម្បីបញ្ជូនទៅមន្ទីរពេទ្យដែលមានសមត្ថភាពគ្រប់គ្រាន់ឱ្យបានទាន់ពេលវេលា។ សូមកុំឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនស្ថិតនៅពីលើជីវិតអ្នកជំងឺ ព្រោះការយឺតយ៉ាវក្នុងការសម្រេចចិត្តមួយ អាចធ្វើឱ្យបាត់បង់ជីវិតមនុស្សម្នាក់ជារៀងរហូត។ ពេលខ្លះគ្រូពេទ្យល្អ មិនមែនជាអ្នកដែលទទួលព្យាបាលគ្រប់ជំងឺទេ ប៉ុន្តែជាអ្នកដែលដឹងថា ពេលណាត្រូវបញ្ជូនអ្នកជំងឺទៅកន្លែងដែលអាចសង្គ្រោះជីវិតពួកគេបាន។

 

Daily Program

Livesteam thumbnail
khmer popup image