សម្តេចប៉ាប៖ សូមឲ្យឆ្នាំនៃអំណរសប្បាយជួយរាស្រ្តរបស់ព្រះជាម្ចាស់រស់នៅក្នុងក្តីសង្ឃឹម
ថ្លែងទៅកាន់សមាជិកនៃក្រសួងប្រកាសដំណឹងល្អ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានលើកឡើងឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ឆ្នាំអំណរសប្បាយ២០២៥ ហើយអំពាវនាវឱ្យព្រះសហគមន៍យកចិត្តទុកដាក់នៅលើវិធីសាស្រ្តថ្មីៗក្នុងការប្រកាសដំណឹងល្អ និងការផ្សព្វផ្សាយនូវព្រះវិញ្ញាណនៃសេចក្ដីមេត្តាករុណាដើម្បីយកឈ្នះលើពិភពលោកនិយម។
បើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ សម្តេចប៉ាបបានមានបន្ទូលថា នៅពេលដែលការប្រកាសដំណឹងល្អ បានទទួលដោយល្អ នោះសេចក្ដីមេត្ដាករុណា និងសេចក្តីសង្ឃឹមនឹងកាន់តែជំរុញឲ្យមនុស្សកាន់តែមានឆន្ទៈក្នុងការប្រែចិត្តគំនិត។
សម្តេចប៉ាបបានរំលឹកបែបនេះកាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលទ្រង់បានថ្លែងទៅកាន់សមាជិកក្រុមការងារប្រកាសដំណឹងល្អនៅក្នុងកិច្ចប្រជុំរបស់ក្រសួងដែលទទួលបន្ទុកិច្ចការនេះ ។
សម្តេចប៉ាបបានចាប់ផ្តើមសុន្ទរកថារបស់ទ្រង់ ជាមួយនឹងការឆ្លុះបញ្ចាំងពីតម្រូវការសម្រាប់វិធីសាស្រ្តថ្មីក្នុងការប្រកាសដំណឹងល្អនៅក្នុងសង្គម និងការបំពេញតាមគោលគំនិតបុគ្គលនិយមរបស់មនុស្ស។
សម្តេចប៉ាបបានមានបន្ទូលថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះលទ្ធិនិយមខាងលោកិយបានបង្កឱ្យមានការលំបាកយ៉ាងខ្លាំង ដោយសារតែ ការបាត់បង់អារម្មណ៍នៃការចូលរួមរបស់សហគមន៍គ្រិស្តសាសនា រហូតដល់ការព្រងើយកន្តើយចំពោះសេចក្ដីជំនឿនិងខ្លឹមសាររបស់ជំនឿ។
សម្តេចប៉ាបបានមានបន្ទូលថា ឥទ្ធិពលអវិជ្ជមានទាំងនេះត្រូវបានសង្កត់ធ្ងន់បន្ថែមទៀតដោយវប្បធម៌ឌីជីថលថ្មីដែល ក៏នាំមកនូវចក្ខុវិស័យរបស់មនុស្សជាតិដែលហាក់ដូចជាមានបញ្ហានៅពេលនិយាយអំពីតម្រូវការសម្រាប់សេចក្តីពិតដែលមាននៅក្នុងចិត្តមនុស្សគ្រប់រូប។