អង្គការយុវជនកាតូលិកមួយបានដាក់ឱ្យដំណើរការគេហទំព័រដើម្បីប្រកាសដំណឹងល្អ
អង្គការយុវជនកាតូលិកម៉ានីពួរ (Manipur) ដែលមានមូលដ្ឋាននៅភាគឦសាននៃប្រទេសឥណ្ឌា បានដាក់ឱ្យដំណើរការគេហទំព័រដំបូងរបស់ខ្លួននៅថ្ងៃទី១៩ ខែតុលា ដោយផ្តល់ជូនយុវជនកាតូលិកនៅក្នុងរដ្ឋនេះនូវវេទិកាឌីជីថលសម្រាប់ឱកាសអប់រំ ឱកាសបណ្តាញការងារ សកម្មភាពយុវជន និងធនធានផ្សេងៗទៀត។
គេហទំព័រនេះត្រូវបានបើកក្រោមអធិបតីភាពរបស់លោកអគ្គអភិបាល លីណូស ណេលី (Linus Neli) នៃព្រះសហគមន៍អ៊ីមផាល (Imphal) ដែលជាព្រះសហគមន៍មួយនៅក្នុងរដ្ឋម៉ានីពួរ ក្រោយពេលដែលយុវជនមួយក្រុមបានបញ្ចប់កម្មវិធីជួបជុំស្វែងរកវិញ្ញាណរយៈពេល ៤ថ្ងៃ ដែលមានយុវជនកាតូលិកប្រហែល ២០០នាក់បានចូលរួម ចាប់ពីថ្ងៃទី១៦ ដល់ ១៩ ខែតុលា។
គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងយុវជនកាតូលិកនៅទូទាំងតំបន់នៃអគ្គភូមិភាគ និងពង្រីកវិសាលភាពនៃការងាររបស់ព្រះសហគមន៍ តាមរយៈការទំនាក់ទំនងតាមប្រព័ន្ធឌីជីថល។ កម្មវិធីជួបជុំនេះ ដែលរៀបចំឡើងក្រោមប្រធានបទ “ចូរមកទីនេះ ហើយសម្រាកមួយរយៈ” បានផ្តោតលើការធ្វើឱ្យជំនឿរបស់អ្នកចូលរួមកាន់តែជ្រាលជ្រៅ ការពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះគ្រីស្ទ និងការលើកទឹកចិត្តឱ្យពួកគេចូលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍។
លោកបូជាចារ្យ ថូម៉ាស អារ៉ាកាល (Thomas Arackal) បានដឹកនាំកម្មវិធីនេះ ដោយណែនាំឱ្យមានការពិចារណាខាងវិញ្ញាណអំពីជំនឿលើព្រះគ្រីស្ទ ការធ្វើជាសិស្សរបស់ព្រះគ្រីស្ទ និងការប្តេជ្ញាចិត្តចំពោះព្រះអង្គ។ លោកបូជាចារ្យ ចាកូប ដាសុនហ្គាម (Jacob Darsongam) អ្នកសម្របសម្រួលយុវជន បានអមដំណើរអ្នកចូលរួមក្នុងអំឡុងពេលកម្មវិធីទាំងមូល ដោយលើកទឹកចិត្តដល់ការអភិវឌ្ឍខាងវិញ្ញាណ និងការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងជីវិតរបស់ព្រះសហគមន៍។
គេហទំព័រនេះត្រូវបានបង្កើតឡើងដើម្បីបម្រើជាធនធានស្នូលសម្រាប់យុវជន ដោយតភ្ជាប់ពួកគេទៅនឹងព័ត៌មានស្តីពីការអប់រំ ឱកាសការងារ កម្មវិធីសម្រាប់យុវជន និងសេវាកម្មផ្សេងៗទៀត ដែលជួយដល់ការអភិវឌ្ឍផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ពួកគេ។
