សម្តេចប៉ាបអំពាវនាវឱ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅអាហ្វ្រិកខាងលិច

នៅក្នុងលិខិតផ្ញើជូន មូលនិធិ John Paul II នាឱកាសប្រារព្ធខួបលើកទី៤០ របស់មូលនិធិនេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ជំរុញឱ្យគ្រប់ភាគីយកចិត្តទុកដាក់នឹងសន្តិភាពហើយនឹងការអភិវឌ្ឍនៅទូទាំងតំបន់អាហ្វ្រិកខាងលិច។

នៅក្នុងលិខិតមួយផ្ញើកាលពីថ្ងៃសុក្រសប្តាហ៍មុនសម្តេចប៉ាបបានជ្រើសរើស លោកកាឌីណាល់ ម៉ាយឃើល ហ្សេនី  (Michael Czerny) អ្នកទទួលខុសត្រូវក្រសួងអភិវឌ្ឈន៍មនុស្សជាតិនៅក្នុងនាមជា តំណាង សម្រាប់ចូលរួមជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងអ្នកចូលរួមទាំងអស់ដើម្បីរំលឹកខួបលើកទី៤០ នៃការបង្កើត មូលនិធិ John Paul II សម្រាប់តំបន់សាហែល( Sahel )។

មូលនិធិ John Paul II សម្រាប់តំបន់សាហែលនេះត្រូវបានបង្កើតឡើងដោយ សម្តេប៉ាបយូហានប៉ូលទី ២ ក្នុងឆ្នាំ ១៩៨៤ បន្ទាប់ពីទ្រង់បានយាងដំណើរ ដំបូងរបស់ទ្រង់ទៅកាន់ទ្វីបអាហ្រ្វិក ជាកន្លែងដែលទ្រង់ផ្ទាល់បានឃើញសោកនាដកម្មនៃប្រជាជនដែលរងគ្រោះដោយសារតែគ្រោះ រាំងស្ងួត ។

សម្តេចប៉ាប មានបន្ទូលថា ៖ «មូលនិធិ John Paul II សម្រាប់ សាហែលត្រូវបានបង្កើតឡើង ដូច្នេះការអំពាវនាវរបស់សម្តេចប៉ាបយូហានប៉ូលទី២នៅតែជាសញ្ញាដ៏មានប្រសិទ្ធភាពនៃសេចក្តីស្រឡាញ់របស់ព្រះសហគមន៍ចំពោះសកម្មភាពរបស់ទ្រង់ នៅអាហ្វ្រិកខាងលិច»។

សម្តេចប៉ាបក៏បានជំរុញឲ្យមូលនិធិបន្តសកម្មភាព និង លើកកំពស់សាមគ្គីភាព និងទំនួលខុសត្រូវស្របតាម ជំនឿរបស់យើងលើព្រះជាម្ចាស់ដើម្បី យើងអាចរួមចំណែកក្នុងការលុបបំបាត់ ឬយ៉ាងហោចណាស់កាត់បន្ថយភាពខ្វះខាត និងការឈឺចាប់របស់ជនរងគ្រោះ ស្របពេលដែលអាហ្រ្វិកខាងលិចជាតំបន់ដែលនៅតែរងនូវវិបត្តិផ្សេងៗដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍៕