សម្តេចប៉ាប ផ្តល់ជំនួយដល់អ្នករងគ្រោះដោយទឹកជំនន់នៅប្រេស៊ីល

លោក ជេម ស្ប៉េនហ្គ្ល័ (Jaime Spengler) អគ្គអភិបាលនៃព្រះសហគមន៍ ប៉័តូ អាលីក (Porto Alegre)​និង​ជាប្រធានក្រុមអន្តរសភាពលោកអភិបាលនៃព្រះសហគមន៍ប្រេស៊ីល បានប​ញ្ជាក់ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្តល់ជំនួយ១សែន អឺរ៉ូ ជូយរំលែកទុក្ខលំបាករបស់ជនរងគ្រោះដោយទឹកជំនន់នៅប្រេស៊ីល​។

លោកអគ្គអភិបាលបានបន្តថា ជំនួយនេះនឹងត្រូវបែងចែកទៅកាន់តំបន់ធំៗចំនួន៣​ ហើយទោះបីជាមិនគ្រប់គ្រាន់ ប៉ុន្តែគឺជាការសម្រាលទុក្ខលំបាកខ្លះៗដល់អ្នករងគ្រោះ​។

គ្រោះទឹកជំនន់នៅប្រេស៊ីលនៅដើមខែឧសភានេះគឺអាក្រក់មែនទែនដោយបានបង្កផលប៉ះពាល់និងគ្រោះមហន្តរាយធ្ងន់ធ្ងរ។

គ្រោះទឹកជំនន់នេះ បានប៉ះពាល់ដល់ទីប្រជុំជនសរុប​៤២៥ កន្លែង ដោយសម្លាប់មនុស្ស​១០០ នាក់ បាត់ខ្លួន​១៣០ នាក់ របួស ៣៧៤ នាក់ ជម្លៀសមនុស្ស ១៦៣​ ០០០ នាក់។​

តួលេខនៃគ្រោះមហន្តរាយនេះ ត្រូវបានគេធ្វើបច្ចុប្បន្នភាពឥតឈប់ឈរ ដោយសារតែវាមានទំហំធំ ហើយកើតមានចំពេលមានភ្លៀងធ្លាក់ខ្លាំងថ្មី និងការព្យាករណ៍អំពីខ្យល់បក់ខ្លាំង រួមជា​មួយនឹងការមកដល់នៃអាកាសធាតុត្រជាក់។

នៅពេលនេះអាកាសយានដ្ឋាននៅទីក្រុង អាកាសយានដ្ឋាន Salgado Filho របស់ ប៉័តូ អាលីក ត្រូវបានជន់លិច ហើយនឹងនៅតែបិទរហូតដល់ថ្ងៃទី ៣០ ខែឧសភា៕