សម្តេចប៉ាបនិងស្តេចឆាលទី៣មាន ទស្សនវិស័យស្រដៀងគ្នាលើបរិស្ថាន
លោកស្រី ជេននីហ្វ័ ហ្សកដេន សៃហ្វី (Jennifer Jordan-Saifi)ប្រធានក្រុមការងារគំនិតផ្តួចផ្តើមទីផ្សារប្រកបដោយនិរន្តរភាពរបស់ស្តេចឆាល មានប្រសាសន៍ថា សម្តេចប៉ាប និងស្តេចឆាលមាន "របៀបវារៈដូចគ្នា" លើបញ្ហាអាកាសធាតុ។
លោកស្រីបានលើកឡើងបែបនេះនៅក្នុងអំឡុងពេលដែលលោកស្រីបានមកបំពេញទស្សនៈ កិច្ចនៅសន្តអសនៈកាលពីពេលថ្មីៗកន្លងទៅនេះ ។
លោកស្រីបានលើកឡើងថា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវូស តាំងពីក្នុងឆ្នាំ ២០២០មក ស្តេច ឆាល បានបង្ហាញនូវការចាប់ផ្តើមនូវក្រុមការងារគំនិតផ្តួចផ្តើមទីផ្សារប្រកបដោយនិរន្តរភាពនេះឡើង ដោយមានបំណងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនដើម្បីពង្រឹងការយកចិត្តទុកដាក់ចំពោះបរិស្ថាន ពិភពលោក។
លោកស្រីបានលើកឡើងថា ដោយឡែកសម្តេចប៉ាបទ្រង់ក៏មានចក្ខុវិស័យលើការការពារអេកូឡូស៊ីដែលស្រដៀងគ្នានឹងស្តេច ឆាល ។
លោកស្រីបានបន្តប្រកបដោយសេចក្តីសង្ឃឹមថា ភាពស្រដៀងគ្នារបស់មេដឹកនាំទាំងពីរគឺអាច ជាទស្សនៈដ៏មានសក្តានុពលដើម្បីលើកកំពស់ការយល់ដឹងនិងសកម្មភាពជាក់ស្តែងដើម្បីការពារនិងអភិរក្សបរិស្ថាននៅលើពិភពលោក ។