សម្តេចប៉ាបតែងតាំងឯកអគ្គរាជទូតប្រចាំកូរ៉េខាងត្បូង និងម៉ុងហ្គោលី
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានធ្វើការតែងតាំងឯកអគ្គរាជទូតថ្មីរបស់សន្តអាសនៈប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងម៉ុងហ្គោលី។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាល ជីអូវាន់នី ហ្គាស្បារី (Giovanni Gaspari) អោយបន្តតំណែងជាឯកអគ្គរាជទូតបន្តពីលោកអគ្គអភិបាល អាល់ហ្រ្វេត ហ្សរ៉េប (Alfred Xuereb) ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅប្រទេសម៉ារ៉ុកកាលពីខែធ្នូកន្លងទៅ។
លោកអគ្គអភិបាល ជីអូវាន់នី ហ្គាស្បារី ត្រូវបានគេស្គាល់ថា ធ្លាប់ជាឯកអគ្គរាជទូតប្រចាំនៅអង់ហ្គោឡា និងកោះសាវតូម៉េ និងប្រាំងស៊ីប។
លោកអគ្គអភិបាល ត្រូវបានគេដឹងថា គឺជាបុព្វជិតជនជាតិអ៊ីតាលី ដែលបានកើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៦៣ ហើយបានក្លាយជាបូជាចារ្យនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៨៧។ លោក ត្រូវបានគេដឹងថា គឺជាអ្នកការទូតដ៏មានបទពិសោធន៍មួយរូប ដែលធ្លាប់បានសិក្សាផ្នែកច្បាប់ព្រះសហគមន៍ និង ច្បាប់សីលធម៌។
លោកអគ្គអភិបាល បានចូលបម្រើការនៅក្នុងសេវាកម្មការទូតសន្តអសនៈចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០១ មក ហើយបានធ្លាប់បម្រើការជាតំណាងសន្តអសនៈនៅអ៊ីរ៉ង់ អាលបានី ម៉ិកស៊ីកូ លីទុយអានី នៅក្នុងការិយាល័យនាយករដ្ឋមន្រ្តីសន្តអាសនៈ។
លោកអគ្គអភិបាល ត្រូវបានគេដឹងថា គឺជាអ្នកការទូតដែលអាចប្រើប្រាស់ភាសាអង់គ្លេស អេស្បាញ និងបារាំង៕