អត្ថន័យសប្តាហ៍ពិសិដ្ឋ និងត្រៃទិវានៃបុណ្យចម្លង

ជម្រាបសួរបងប្អូនជាទីស្រឡាញ់ ! នៅពេលនេះខ្ញុំមានឱកាសចែករំលែកដល់បងប្អូនអំពីសប្តាហ៍ពិសិដ្ឋ។

តើសប្តាហ៍ពិសិដ្ឋនេះជាអ្វី?

សប្តាហ៍ពិសិដ្ឋគឺជាពេលវេលាមួយដ៏សំខាន់ជាងគេ នៃពិធីបុណ្យរបស់សហគមន៍កាតូលិក ពីព្រោះសប្ដាហ៍នេះគឺបានបញ្ចប់រដូវសែសិបថ្ងៃ ដោយសារក្នុងសប្ដាហ៍នេះ ព្រះសហគមន៍យើង ប្រារព្ធពិធីបុណ្យគោរពព្រះយេស៊ូ រងទុក្ខលំបាកសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដែលយើងហៅថាជាបុណ្យចម្លង ជាបុណ្យដ៏សំខាន់ជាងគេនៅក្នុងព្រះសហគមន៍កាតូលិកយើង។

តើសប្ដាហ៍ពិសិដ្ឋនេះមានដំណាក់កាលយ៉ាងដូចម្តេចខ្លះ?

ក្នុងសប្ដាហ៍នេះទីមួយ៖ ថ្ងៃអាទិត្យបុណ្យហែស្លឹក «លើតម្កើងព្រះអម្ចាស់រងទុក្ខលំបាក»

នៅថ្ងៃនោះ គឺគ្រីស្តបរិស័ទយើងជួបជុំគ្នាដើម្បីគោរពព្រះយេស៊ូក្នុងឋានៈជាព្រះគ្រីស្ត ដើម្បីហែព្រះយេស៊ូ ដូចជាជនជាតិយូដាពីដើមបានហែ ដែរ។ ជនជាតិយូដាពីមុនគេបានកាន់ធាងទន្សែ គេបានក្រាលអាវរបស់គេនៅតាមផ្លូវ ហើយគេហែព្រះយេស៊ូក្នុងឋានៈជាព្រះគ្រីស្ត ដែលយាងមកសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយនៅពេលនោះគេគោរពព្រះយេស៊ូដែរគង់ខ្នងលា គឺព្រះយេស៊ូដែលសុភាពរាបសារ យាងមកកសាងសន្តិភាពនៅក្នុងពិភពលោកនេះ។ និងគ្រីស្តបរិស័ទយើងក៏កាន់ស្លឹក យើងហៅថាស្លឹករ៉ាម ស្លឹកនោះដែលលោកបូជាចារ្យបានប្រទានពរ ហើយយើងហែហម គោរពព្រះយេស៊ូដែលយាងទៅជាមួយយើងចូលទៅក្នុងព្រះវិហារ ហើយយើងធ្វើពិធីអភិបូជាគោរពព្រះយេស៊ូដែលរងទុក្ខលំបាក ពីព្រោះព្រះអង្គយាងចូលក្រុងយេរូសាឡឹុម ដើម្បីរកទុក្ខលំបាកហើយក្រោយមកគេកាត់ទោសប្រហារជីវិតព្រះអង្គ។ នៅថ្ងៃអាទិត្យហែស្លឹកនេះ ជាពេលវេលាដែលយើងចាប់ផ្តើមសប្តាហ៍ពិសិដ្ឋផង និងជាពេលវេលាដើម្បីឲ្យគ្រីស្តបរិស័ទយើងអធិដ្ឋាន សមាធិ ពីព្រោះយើងស្តាប់អត្ថបទនិយាយអំពីទុក្ខលំបាករបស់ព្រះអង្គ គេចាប់ព្រះអង្គ គេកាត់ក្ដី គេធ្វើគត់ព្រះអង្គ ហើយគេឆ្កាងព្រះអង្គនៅលើឈើឆ្កាង ក្រោយមកគេបញ្ចុះសពព្រះអង្គនៅក្នុងរូងថ្មមួយ។

ដំណាក់កាលទីពីរ៖ ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ «ព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក»

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋនេះ គឺយើងចាប់ត្រៃទិវានៃបុណ្យចម្លង (គឺបីថ្ងៃនៃបុណ្យចម្លង)។ ថ្ងៃព្រហស្បតិ៍ពិសិដ្ឋនេះ ជាទូទៅពេលព្រឹក ព្រះសហគមន៍តែងតែប្រារព្ធពិធីបុណ្យសិទ្ធិពរលើប្រេង ប៉ុន្តែតាមកាលៈទេសៈ នៃភូមិភាគនីមួយៗ ឬប្រទេសនីមួយៗ យើងអាចលើបុណ្យនេះបាន មានប្រទេសខ្លះគេលើកមកធ្វើបុណ្យសិទ្ធិពរលើប្រេងនេះថ្ងៃពុធ មុនថ្ងៃព្រហស្បតិ៍ពិសិដ្ឋ រីឯនៅប្រទេសកម្ពុជាយើងលើកមកថ្ងៃពុធ មួយសប្ដាហ៍មុនសប្តាហ៍ពិសិដ្ឋ។  នៅថ្ងៃព្រហស្បតិ៍ពិសិដ្ឋនេះ គឺព្រះសហគមន៍យើង ធ្វើពិធីជប់លៀងចុងក្រោយរបស់ព្រះយេស៊ូ នៅក្នុងពិធីជប់លៀងចុងក្រោយរបស់ព្រះយេស៊ូជាមួយក្រុមសាវ័កនោះ គឺព្រះយេស៊ូបានបង្កើតរចនាសម្ព័ន្ធនៃពិធីអរគុណព្រះជាម្ចាស់។ នៅក្នុងពិធីនេះ គឺព្រះយេស៊ូបានយកពិធីបុណ្យអរគុណតាមសាសនាយូដា ពិធីជប់លៀងជាមួយនឹងក្រុមគ្រួសារ។  ប៉ុន្តែព្រះយេស៊ូបានធ្វើឲ្យប្លែក គឺព្រះអង្គបានយកនំប៉័ងមកកាន់ កាច់ហើយប្រាបថា៖ «នេះជារូបកាយរបស់ខ្ញុំ សូមអ្នករាល់គ្នាយកពិសារចុះ» ក្រោយមកព្រះអង្គលើកពេងស្រាឡើងហើយមានព្រះបន្ទូលថា៖ «នេះជាលោហិតរបស់ខ្ញុំ សូមអ្នករាល់គ្នាយកទៅពិសារចុះ» ហើយព្រះយេស៊ូបានផ្ដាំថា៖ « គ្រប់ពេលដែលអ្នករាល់គ្នាពិសារ សូមធ្វើដូច្នេះដើម្បីនឹករលឹកដល់ខ្ញុំ»  ដូច្នេះ ព្រះសហគមន៍យើង ឬគ្រីស្តបរិស័ទយើងបានយកពិធីនេះ មកប្រារព្ធក្នុងពិធីអភិបូជា ឬពិធីអឬព្រះគុណព្រះជាម្ចាស់ គោរពព្រះយេស៊ូសុខចិត្តបូជាព្រះជន្មដើម្បីប្រទានការសង្គ្រោះដល់មនុស្សយើង។ និងថ្ងៃព្រហស្បតិ៍ពិសិដ្ឋនេះដែរ យើងស្តាបព្រះគម្ពីរដំណឹងល្អ គឺសន្តយ៉ូហានបានរៀបរាប់ថា នៅក្នុងពិធីជប់លៀងនោះ ព្រះយេស៊ូបានលាងជើងឲ្យក្រុមសាវ័ក ព្រះយេស៊ូបានប្រាប់ថា៖ «ខ្ញុំបានធ្វើជាគំរូសម្រាប់អ្នករាល់គ្នា» ដូច្នេះ ព្រះយេស៊ូបានផ្តែផ្តាំសាវ័កឲ្យធ្វើតាម លាងជើងមានន័យថា ជាកាយវិការរបស់អ្នកបម្រើធ្វើចំពោះម្ចាស់ ចឹងព្រះយេស៊ូបានផ្តាំឲ្យយើងធ្វើពិធីនេះ ដើម្បីឲ្យក្រុមសាវ័កយកចិត្តទុកដាក់ បម្រើ គ្នាដោយសេចក្ដីស្រឡាញ់ និងលើកលែងទោសឲ្យគ្នាទៅវិញទៅ។

ដំណាក់កាលទីបី៖ ថ្ងៃសុក្រពិសិដ្ឋ «ព្រះយេស៊ូសោយទុក្ខលំបាក»

ថ្ងៃសុក្រពិសិដ្ឋនេះ គឺព្រះយេស៊ូបាននាំក្រុមសាវ័ក ទៅអធិដ្ឋាននៅសួនកេតសេម៉ានី ក្នុងពេលនោះយូដាអ៊ីស្ការីយ៉ុត ដែលជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរក្បត់ព្រះអង្គ គាត់ក៏បាននាំគេមកចាប់ព្រះយេស៊ូ។ និងបន្ទាប់ពីគេចាប់ព្រះយេស៊ូហើយ គេបានកាត់ក្ដីព្រះយេស៊ូតាមរបៀបពីរយ៉ាង  គេកាត់តាមរបៀបសាសនាផង និងគេកាត់តាមរបៀបសង្គមស៊ីវិល គឺខាងនយោបាយផង គេក៏សម្រេចចិត្តដាក់ទោសប្រហារជីវិតព្រះយេស៊ូ។ នៅពេលនោះ គេក៏បានចាប់ផ្តើមធ្វើបាបព្រះអង្គ គេវាយដំព្រះអង្គ គេយកមកុដបន្លាមកបំពាក់លើព្រះសិរសារបស់ព្រះអង្គ គេធ្វើអាវពណ៌ក្រហមទុំមកបំពាក់ឲ្យព្រះអង្គ ហើយថ្វាយបង្គំ គេទះកំផ្លៀងព្រះអង្គ ហើយគេចំអកសព្វបែបយ៉ាង។ ដល់ទីបំផុត គេឲ្យព្រះអង្គលីឈើឆ្កាង ពីកន្លែងកាត់ក្ដីរហូតទៅដល់ «ភ្នំលលាដ៏ក្បាល» ដែលគេហៅថា «កុលកូថា» ហើយគេឆ្កាងព្រះអង្គនៅទីនោះ  ចន្លោះចោរពីរនាក់ ក្នុងចំណោមចោរពីរនាក់មានម្នាក់ទទួលស្គាល់ព្រះយេស៊ូជាព្រះគ្រីស្ត ម្នាក់ទៀតជេរប្រមាថព្រះអង្គដូចអ្នកផ្សេងដែរ។ ដូច្នេះ នៅក្នុងថ្ងៃសុក្រពិសិដ្ឋនេះ គឺយើងគោរពព្រះយេស៊ូដែលងទុក្ខលំបាក និងដោយសារព្រះយេស៊ូលីឈើឆ្កាង គ្រីស្តបរិស័ទយើង តាំងពីសតវត្សរ៍ទីដប់បួន យើងបានយកពិធីលីឈើឆ្កាងនេះ យកមកអធិដ្ឋាន រាល់ថ្ងៃសុក្រក្នុងរដូវសែសិបថ្ងៃ  គឺយើងដើរផ្លូវឈើឆ្កាង ដើម្បីសញ្ជឹងគិតអំពីអត្ថន័យ នៃព្រឹតិ្តការណ៍ដែលកើតឡើងចំពោះព្រះយេស៊ូដែររងទុក្ខលំបាក រហូតដល់ព្រះអង្គសោយទិវង្គត។

នៅថ្ងៃសុក្រពិសិដ្ឋនេះ គ្រីស្តបរិស័ទយើងគោរពព្រះយេស៊ូដែលសោយទិវង្គត គឺនៅពេលនោះព្រះអង្គសោយទិវង្គតនៅម៉ោងបីរសៀល ក្នុងគម្ពីរមានចែងថា ពេលនោះផ្ទៃមេឃងងឹត ហើយវាំងននក្នុងព្រះវិហារបានរហែកជាពីរ ដើម្បីបង្ហាញថា ដោយសារព្រះយេស៊ូ ព្រះអង្គបានណែនាំឲ្យមនុស្សយើងអាចទាក់ទង ព្រះជាម្ចាស់បាន ព្រះអង្គយាងមកសង្គ្រោះមនុស្សយើង។ យើងគោរពព្រះយេស៊ូដែលរងទុក្ខលំបាក សោយទិវង្គតនៅថ្ងៃសុក្រនោះ គ្រីស្តបរិស័ទយើងអត់មានអភិបូជាទេ ប៉ុន្តែយើងមានតែពិធីដើរផ្លូវឈើឆ្កាង និងពិធីគោរពព្រះយេស៊ូដែលរងទុក្ខលំបាក។ ហើយក្នុងពិធីគោរពព្រះយេស៊ូដែលរងទុក្ខលំបាកនេះយើងចែកជាបួន៖

ទីមួយ៖ យើងស្តាប់អត្ថបទស្តីអំពីទុក្ខលំបាករបស់ព្រះយេស៊ូ

ទីពីរ៖ ពិធីអង្វរព្រះជាម្ចាស់សម្រាប់សកលលោក

ទីបី៖ ពីធីថ្វាយបង្គំព្រះឈើឆ្កាង

ទីបួន៖ ពីធីទទួលព្រះកាយព្រះគ្រីស្ត

ប៉ុន្តែ អត់មានអភិបូជាទេ គ្រីស្តបរិស័ទយើងទាំងអស់ស្ងៀមស្ងាត់សញ្ជឹងគិតអំពីទុក្ខលំបាករបស់ព្រះយេស៊ូ។

ដំណាក់កាលទីបួន៖ ថ្ងៃសៅរ៍ពិសិដ្ឋ «ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ»

ថ្ងៃសៅរ៍ពិសិដ្ឋនេះ គឺជាពេលវេលាមួយដែលគ្រីស្តបរិស័ទស្ងៀមស្ងាត់កាន់ទុក្ខ កាន់ទុក្ខរហូតដល់ពេលរាត្រី ដែលយើងហៅថារាត្រីបុណ្យចម្លង។ តាមប្រពៃណីព្រះសហគមន៍ នៅក្នុងរាត្រីបុណ្យចម្លងនេះ គឺយើងថ្វាយអភិបូជានៅម៉ោងដប់ពីរយប់ នៅពេលយប់ជាពេលឆ្លងថ្ងៃ ដោយសារព្រះយេស៊ូសោយទិវង្គតថ្ងៃសុក្រទីមួយ ថ្ងៃសៅរ៍ទីពីរ នៅថ្ងៃអាទិត្យព្រះអង្គមានព្រះជន្មរស់ឡើងវិញដែលជាថ្ងៃទីបី ចឹងនៅក្នុងរាត្រីបុណ្យចម្លងនោះ គឺយើងគោរពព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ និងព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ ណែនាំឲ្យគ្រីស្តបរិស័ទមានអំណរសប្បាយ ក្នុងរាត្រីនោះគឺយើងធ្វើពិធីអគ្គសញ្ញាជ្រមុជទឹកដល់បេក្ខជន ទាំងមនុស្សពេញវ័យ ទាំងកូនក្មេងដើម្បីគេទទួលជីវិតថ្មីដែលមកពីព្រះជាម្ចាស់។ ហើយនៅនៅរាត្រីបុណ្យចម្លងនោះដែរ គ្រីស្តបរិស័ទទាំងអស់ប្រកាសជមនឿឡើងវិញ ដែលជាជំនឿដែលយើងបានប្រកាសនៅថ្ងៃដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក។ ហេតុនេះហើយ បានជាព្រះសហគមន៍ទូន្មានគ្រីស្តបរិស័ទយើង ឲ្យទៅព្រះវិហារ ចូលរួមអភិបូជាយ៉ាងហោចណាស់មួយឆ្នាំម្តង នៅក្នុងឱកាសបុណ្យចម្លង។

ថ្ងៃអាទិត្យ «បុណ្យចម្លង»

បន្ទាប់ពីរាត្រីបុណ្យចម្លងនេះ គឺយើងបានចប់សប្តាហ៍ពិសិដ្ឋ នៅថ្ងៃស្អែកឡើង ជាថ្ងៃអាទិត្យជាថ្ងៃអាទិត្យទីមួយ ថ្ងៃអាទិត្យនៃបុណ្យចម្លង គ្រីស្តបរិស័ទយើងទាំងអស់ថ្វាយអភិបូជាគោរពព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ អត្ថន័យនៃបុណ្យចម្លងមានពីរ៖ ទីមួយ គឺព្រះយេស៊ូសោយទិវង្គត គឺព្រះអង្គសោយទិវង្គតដើម្បីរំដោះមនុស្សយើងឲ្យរួចពីបាប។ ទីពីរ គឺព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គឺព្រះអង្គប្រទានព្រះជន្មថ្មីរបស់ព្រះអង្គឲ្យយើង ដើម្បីឲ្យយើងមានជីវិតថ្មី និងរស់នៅតាមរបៀបថ្មី។ បងប្អូនជាទីស្រឡាញើ សូមបងប្អូនឈានចូលក្នុងសប្ដាហ៍នេះឲ្យបានល្អប្រសើរ ជាពិសេសឲ្យតយើងចូលរួមក្នុងពិធីត្រៃទិវានៃបុណ្យចម្លង ឲ្យបានសមរម្យ និងទទួលអំណរដែលមកពីព្រះយេស៊ូ ដែលសោយទិវង្គត់ និងមានព្រះជន្មរសើឡើងវិញ។សូមព្រះជាម្ចាស់ប្រទានពរដល់អស់បងប្អូន។ អាម៉ែន៕

ដោយ៖ លោកអភិបាល សិលា សួន ហង្សលី

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម