ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន ១៦,២០-២៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ ព្រះយេស៊ូបានលើកឡើងចំៗអំពីជីវិតរបស់មនុស្ស។ ជីវិតរបស់មនុស្សដែលមានពេលខ្លះមានអំណរសប្បាយ មានពេលខ្លះកើតទុក្ខព្រួយ មានពេលខ្លះសុខភាពល្អ មានពេលខ្លះក៏មានជំងឺឈឺស្កាត់ មានពេលខ្លះយើងសើច មានពេលខ្លះយើងយំ មានពេលខ្លះយើងមានម្ហូបអាហារ និងមានពេលខ្លះអត់ម្ហូបអាហារ។
ម្យ៉ាងទៀតព្រះយេស៊ូបានប្រៀបធៀបជីវិតរបស់មនុស្សដូចជាស្រ្តីម្នាក់ដែលហៀបនឹងសម្រាលកូនដែលនាំឱ្យនាងមានការឈឺចុកចាប់ ក៏ប៉ុន្តែនៅពេលដែលនាងបានឆ្លងទន្លេមកនាងបានឃើញកូនរបស់នាងនាំឱ្យនាងមានអំណរសប្បាយឡើងវិញ។
បងប្អូនជាទីស្រឡាញ់បងប្អូនជាទីគោរពរាប់អាន! ជីវិតរបស់មនុស្សអ្វីដែលព្រះយេស៊ូមានព្រះបន្ទូលនេះអត់សូវខុសគ្នាប៉ុន្មានទេនឹងជីវិតដែលយើងជួបទុក្ខលំបាកសព្វថ្ងៃនេះ។ ពេលណាយើងជួបទុក្ខលំបាក តើយើងត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យទុក្ខលំបាកនេះកន្លងផុតទៅ? ពេលណាយើងជួបបញ្ហាមានអ្នកខ្លះក៏អស់សង្ឃឹមនៅក្នុងជីវិតនាំឱ្យអ្នកខ្លះលេបថ្នាំសម្លាប់ខ្លួន អ្នកខ្លះលោតពីលើផ្ទះ-ល-។
ប៉ុន្តែយើងជាគ្រីស្តបរិស័ទយើងជាអ្នកជឿលើព្រះយេស៊ូ យើងជាអ្នកជឿលើព្រះជាម្ចាស់! ជីវិតរបស់យើងម្នាក់ៗយើងមានតម្លៃថ្លៃថ្នូរណាស់មិនអាចកាត់ថ្លៃបានទេ ហេតុនេះសុំឱ្យតម្លៃថ្លៃថ្នូររបស់យើងនៅជាប់ជាមួយព្រះជាម្ចាស់! ទោះបីយើងជួបទុក្ខលំបាក អស់សង្ឃឹម ប៉ុន្តែព្រះជាម្ចាស់នៅតែប្រទានសេចក្តីសង្ឃឹមឱ្យយើង ព្រះជាម្ចាស់នៅតែប្រទានអំណរសប្បាយឱ្យយើង ព្រះជាម្ចាស់នឹងប្រទានពន្លឺដើម្បីឱ្យយើងចេះរិះគិតពិចារណា ចេះថ្លឹងថ្លែងអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។
ពិតមែនហើយទោះបីយើងមានការឈឺចុកចាប់ ជួបទុក្ខលំបាកប៉ុន្តែសូមឱ្យយើងប្រើទុក្ខលំបាកនេះជាបទពិសោធន៍របស់មនុស្សជាក់ស្តែងក្នុងការរស់នៅរបស់យើង។ គ្រីស្តបរិស័ទតែងតែទុកចិត្ត តែងតែអធិដ្ឋាន អង្វរព្រះជាម្ចាស់នៅពេលដែលគេជួបបញ្ហា ហើយនៅពេលដែលគេដោះស្រាយបញ្ហាគេតែងតែអរព្រះគុណព្រះជាម្ចាស់ដែលព្រះអង្គប្រោសប្រទានអ្វីៗដែលល្អមកយើងម្នាក់ៗ និងក្នុងក្រុមគ្រួសាររបស់យើង។
ហេតុនេះសូមឱ្យបងប្អូនគ្រីស្តបរិស័ទរបស់យើងទាំងអស់ទុកចិត្តថាព្រះជាម្ចាស់ស្រឡាញ់ ព្រះជាម្ចាស់ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីឱ្យព្រះជាម្ចាស់នៅជាមួយយើង ដើម្បីឱ្យព្រះជាម្ចាស់លើកទឹកចិត្តយើង និងដើម្បីឱ្យយើងរួមជាមួយព្រះយេស៊ូដែលជាប់នៅលើឈើឆ្កាង ហើយពេលណាយើងមើលឈើឆ្កាងយើងរួមទុក្ខជាមួយព្រះយេស៊ូ។ ពេលណាដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញយើងមានអំណរសប្បាយដ៏លើសលប់ជាមួយព្រះអង្គដែរ។
ហេតុនេះយើងសុំទូលអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនដែលជួបទុក្ខលំបាក សម្រាប់អស់បងប្អូនដែលមានបញ្ហានៅក្នុងក្រុមគ្រួសារ សម្រាប់អស់បងប្អូនដែលជួបបញ្ហាសុខភាពសូមព្រះជាម្ចាស់ព្យាបាលស្នាមរបួសទាំងចិត្តទាំងកាយរបស់បងប្អូនដើម្បីឱ្យបងប្អូនមានអំណរសប្បាយរួមជាមួយព្រះជាម្ចាស់ មានអំណរសប្បាយរួមជាមួយព្រះយេស៊ូ និងមានអំណរសប្បាយរួមជាមួយព្រះសហគមន៍របស់យើង ព្រមទាំងមានអំណរសប្បាយរួមជាមួយមនុស្សជាតិឯទៀតៗផងដែរ។
សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្តឱ្យគប់ជ្រៅនៅក្នុងជីវិតរបស់បងប្អូនផងដែរ។ អាម៉ែន៕
Daily Program
