យុវជនឆ្ពោះទៅរកក្តីសង្ឃឹម
យុវជនមកពីបីភូមិភាគបានជួបជុំគ្នាដើម្បីចូលរួមសន្និបាតយុវជនកាតូលិកអន្តរភូមិភាគទូទាំងប្រទេស ចំនួន៥០០នាក់ លើប្រធានបទ «យុវជនរួមគ្នាធ្វើដំណើរឆ្ពោះទៅសេចក្តីសង្ឃឹម» នៅមជ្ឈមណ្ឌលភ្នំពេញថ្មី ស្ថិតនៅសង្កាត់ក្រាំងធ្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១៦-១៩ ខែតុលានេះ។
នៅពេលបើកកម្មវិធីនាថ្ងៃទី១៦ លោកអភិបាលទាំងបីបានធ្វើកិច្ចស្វាគមន៍និងលើកទឹកចិត្តយុវជនឲ្យមានសង្ឃឹមចំពោះជីវិតរស់នៅ ដោយយកចិត្តទុកដាក់ឈ្វេងយល់មេរៀន និងចូលរួមកម្មវិធីដោយអំណរសប្បាយ។
ជាមួយគ្នានោះដែរ ក៏មានការសម្តែងនានាដើម្បីបង្ហាញខ្លួនពីយុវជនក្នុងភូមិភាគទាំងបី។
ក្នុងប្រទេសកម្ពុជា ព្រះសហគមន៍កាតូលិក មានបីភូមិភាគ គឺភូមិភាគភ្នំពេញ ភូមិភាគបាត់ដំបង និងភូមិភាគកំពង់ចាម ដែលមានគ្រីស្តបរិស័ទប្រមាណ២ម៉ឺននាក់។
ជាមួយគ្នានេះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានប្រកាសបើកសន្និបាតយុវជនអន្តរភូមិភាគនេះឡើង។
នៅពេលរសៀលថ្ងៃដដែល លោកសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមមានប្រសាសន៍ក្នុងធម្មទេសនានាថ្ងៃបើកកម្មវិធីនេះថា យើងមកជួបជុំគ្នាដោយមានសង្ឃឹមថា យុវជននឹងទទួលបានក្តីសង្ឃឹម ដែលនាំឱ្យព្រះសហគមន៍ និងសង្គម មានសុចរិត និងមេត្តាករុណា ដែលនេះជាសារៈសំខាន់របស់មនុស្សជាតិដែលព្រះយេស៊ូបានបង្រៀនយើង។
លោកបន្ថែមថា យើងសង្ឃឹមថា យុវជនដែលបានចូលរួមក្នុងសន្និបាតនេះ រកឃើញសេចក្តីសង្ឃឹម និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក្លាយជាអ្នកដឹកនាំល្អ ជាឪពុកម្តាយល្អនៅពេលអនាគត ដើម្បីកសាងសង្គម ឲ្យមានសន្តិភាព សុចរិតភាព មេត្តាករុណា និងយុត្តិធម៌។
ក្នុងសន្និបាតនេះ មានមនុស្សចូលរួម៥០៥នាក់ ដែលមានយុវជនមកពីភូមិភាគភ្នំពេញ១៩៧នាក់ ភូមិភាគបាត់ដំបង១៤៩នាក់ និងភូមិភាគកំពង់ចាម១៥៩នាក់ ហើយក្នុងនោះមានបូជាចារ្យនិងបងស្រីចំនួន៤២នាក់៕