ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១,៣៩-៥៦) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

បាទជម្រាបសួបងប្អូនជាទីស្រឡាញ់! ខ្ញុំមានសេចក្តីសោមមនស្សរីករាយដែលបានជួបបងប្អូនម្តងទៀត នៅថ្ងៃសៅរ៍ទី៣១ខែឧសភានេះ គឺជាបុណ្យរំលឹកសន្តីម៉ារី។
ម្តាយម៉ារីទៅសួរសុខទុក្ខយាយអេលីសាបែតដែលជាបងប្អូនជីដូនមួយ មុននឹងខ្ញុំចែករំលែកអំពីព្រះនាងម៉ារីទៅសួរសុខទុក្ខអេលីសាបែត ខ្ញុំសុំលើកឡើងអំពីសាររបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូនូវប្រាំបីចំណុចដែលលោកណែនាំឱ្យយើងមានជីវិតរស់នៅសាមញ្ញាធម្មតាគឺ៖ ការដឹងគុណ ការស្រឡាញ់ព្រះសហគមន៍ បម្រើព្រះសហគមន៍ មិននិយាយអាក្រក់ឈ្លានីសពីអ្នកដទៃ រួមគ្នាការពារបរិស្ថាន ព្រោះបរិស្ថាននិងជីវិតរបស់យើងគឺដើរទន្ទឹមគ្នា ការកើតមាននូវគ្រោះធម្មជាតិផ្សេងៗដូចជាគ្រោះរាំងស្ងួត ព្យុះភ្លៀងជាដើមនេះក៏ដោយសារតែទង្វើរបស់យើងជាអ្នកបំផ្លាញបរិស្ថាន (កាប់បំផ្លាញព្រៃឈើ រុករករ៉ែ-ល-)។
នេះជាសារដែលសម្តេចប៉ាបចែករំលែកមកយើងឱ្យយើងដឹងថា មនុស្សយើងរស់នៅក្នុងធម្មជាតិ ហើយធម្មជាតិក៏ណែនាំយើង និងផ្តល់ជីវិតឱ្យយើងនូវខ្យល់ដង្ហើមនៃការរស់នៅ។ ថ្ងៃនេះពេលយើងធ្វើបុណ្យរំលឹកដល់ម្តាយម៉ារី! ទេវទូតបានប្រកាសសារដល់ព្រះនាងម៉ារី នាងនឹងមានគត៌ហើយនិងបានទៅជាមាតារបស់ព្រះយេស៊ូ។ សាររបស់ទេវទូតបានធ្វើឱ្យនាងម៉ារីស្រឡាំងកាំងពិបាកនឹងទទួល ប៉ុន្តែក្រោយមកព្រមទទួលហើយក៏ចាប់ផ្តើមមានបេសកកម្មមួយគឺទៅជួយបងជីដូនមួយដែលជាយាយអេលីសាបែតដែលនៅទីដាច់ស្រយាលដែលត្រូវការជំនួយ។
ជីវិតរបស់ព្រះនាងម៉ារីជាគំរូដល់យើងទាំងអស់គ្នា បងប្អូនជាទីស្រឡាញ់ព្រះនាងម៉ារីជាស្រ្តីម្នាក់ដែលសាមញ្ញារាបសារស្លូតបូតរស់នៅដោយជំនឿ។ ជំនឿធ្វើឱ្យយើងមានសេចក្តីស្រឡាញ់នាំឱ្យយើងមានចិត្តមេត្តាធម៌ដល់អ្នកដទៃ ជាមួយបងប្អូន និងមនុស្សជុំវិញយើង។ ហើយនាងម៉ារីតែងតែអធិដ្ឋានគឺជាភាពមួយដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនៅការដែលព្រះនាងចេះបន្ទាបខ្លួន។
ថ្ងៃដែលព្រះសហគមន៍ធ្វើបុណ្យលើកតម្កើងព្រះនាងម៉ារីជាមាតានៃព្រះជាម្ចាស់ បាននាំឱ្យពិភពលោកទាំងមូលនាំឱ្យមាតា បុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារទាំងឡាយឃើញថាយើងមានព្រះជាម្ចាស់ព្រះអង្គគង់ជាមួយយើង ដោយព្រះអង្គបានប្រទានព្រះបុត្រាប្រសូត្រពីស្រ្តីព្រហ្មចារីម្នាក់គឺព្រះនាងម៉ារីជាមាតានៃយើងទាំងអស់គ្នា៕
Daily Program
