សន្តអាសនៈ ផ្តល់ការពិនិត្យមហារីកដោយឥតគិតថ្លៃដល់ស្ត្រីក្រីក្រនៅទីក្រុងរ៉ូម

សន្តអាសនៈបានប្រកាសបើក និងផ្តល់ការពិនិត្យជំងឺមហារីក ជូនស្ត្រីអនាថារាប់សិបនាក់នៅក្នុ​ងទីក្រុងរ៉ូមប្រទេសអ៊ីតាលីនៅទីលានសន្តសិលា ក្រោមកម្មវិធីមួយដែលមានឈ្មោះថា «មាតានៃក្តីមេត្តា»។

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីគ្លីនិកចល័តផ្តល់ការពិនិត្យជំងឺមហារីកនេះគឺបានដំណើការក្រោមការផ្តួចផ្តើមឡើងដោយក្រសួងពាក់ព័ន្ធនិងសមាគមមួយនៅក្នុងប្រទេសអ៊ីតាលី ដោ​យកម្មវិធីនេះផ្តល់ការ ពិនិត្យជាពិសេសគឺរកមើលជំងឺមហារីកសុដន់។

ប្រភពដដែលបានបន្តថា ដើម្បីលើកទឹកចិត្តនិងលើកកំពស់សុខមាលភាពស្រ្តីក្រីក្រដែលជាទូទៅមិនបានយកចិត្តទុកដាក់ដល់ការថែរក្សាខ្លួនឯងគឺជាគំនិតមួយដែលផ្តួចផ្តើមឡើងដើម្បី បង្ហាញថា មនុស្សជាតិទាំងអស់សុទ្ធតែមានសិទ្ធិហើយសាកសមនឹងទទួលបានសេវាថែទាំង សុខភាពទាំងអស់គ្នា។​

មកដល់ពេលនេះស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលដូច្នេះស្ថានភាពវាកាន់តែអាក្រក់សម្រា​ប់ស្ត្រីដែលប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុដែលមិនអាចទទួលបានសេវាថែទាំសុខភាព។

នៅក្នុងស្ថានភាពនេះ វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីនេះគឺជាទទួលបានការគាំទ្រពេញ ទំហឹងពីសម្តេចប៉ាប ហើយទ្រង់ក៏បានគាំទ្រឲ្យសន្តអាសនៈបង្កើតកម្មវិធីជាច្រើនដើម្បីជំរុញនិង​លើកកំពស់បញ្ហាសុខភាព មនុស្សធម៌ និងស្បៀងអាហារសម្រាប់ជនក្រីក្រនានា។

កម្មវិធីនេះដំណើរការដោយក្តីមេត្តាករុណារបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា គ្រូពេទ្យ និងអ្នកបច្ចេកទេសចំនួន ៨០ នាក់ ដែលស្ម័គ្រចិត្តផ្តល់ពេលវេលា និងវិជ្ជាជីវៈរបស់ពួកគេដើម្បីបម្រើដល់ជនងាយរងគ្រោះបំផុត។

ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ កម្មវិធីនេះបានផ្តល់សេវាកម្មជូនអ្នកក្រីក្រសរុបចំនួនជាង ៤៤០០នាក់៕