សន្តអាសនៈត្រៀមសម្រួលការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានការផ្លាស់ប្តូរអ្នកទោសទាំងអស់រវាងរុស្ស៊ី និងអ៊ុយក្រែន។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលនៅក្នុងកម្មវិធីមួយកាលពីដើមសប្តាហ៍ថា សន្តអាសនៈសូមធានាដល់គ្រប់ភាគីពាក់ព័ន្ធថា ខ្លួនបានត្រៀមជាស្រេចដើម្បីសម្រួលរាល់ការខិតខំប្រឹងប្រែងក្នុងបញ្ហានេះ ជាពិសេសសម្រាប់អ្នកដែលមានរបួសធ្ងន់ធ្ងរ និងអ្នកមានជំងឺ។
មកដល់ពេលនេះសម្តេចប៉ាប បានបន្តការអំពាវនាវឥតឈប់ឈរលើបញ្ហាសន្តិភាពនៅគ្រប់ទីកន្លែងដោយមានបន្ទូលថា សូមឱ្យយើងបន្តអធិស្ឋានសម្រាប់សន្តិភាពនៅអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា និងទីកន្លែងនានា។
សម្តេចប៉ាបបានមានបន្ទូលថា សន្តិភាពសំខាន់ណាស់ ដូច្នេះគ្រប់គ្នាគួរតែស្វះស្វែងរកសន្តិភាព។
រហូតមកដល់ពេលនេះ រុស្ស៊ី និងអ៊ុយក្រែនបានធ្វើការដោះលែងអ្នកទោសជាច្រើននាក់មកហើយ ប៉ុន្តែក៏នៅមានអ្នកទោសសង្រ្គាមជាច្រើននាក់ទៀតនៅបន្តជាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។
កាលពីខែមករាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សាឡេនស្គី បានអះអាងថាទាហានអ៊ុយក្រែនប្រហែល ៣០០០ នាក់ត្រូវបានរំដោះ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយនឹងរុស្ស៊ី៕