លោកកាឌីណាល់ រ៉ានីយេរ៉ូ ខេនតាឡាមេសា៖ ព្រះយេស៊ូជាព្រះបន្ទូល និងជាអគ្គសញ្ញា
លោកកាឌីណាល់ រ៉ានីយេរ៉ូ ខេនតាឡាមេសា (Raniero Cantalamessa) អ្នកសម្របសម្រូលកិច្ចការអប់រំជំនឿនៅនិវេសនដ្ឋានសម្តេចប៉ាប បានមានប្រសាសន៍ថា ព្រះយេស៊ូទ្រង់តំណាងឲ្យបន្ទូលរបស់ព្រះជាម្ចាស់និងអគ្គសញ្ញារបស់ទ្រង់ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់បានមានប្រសាសន៍បែបនេះនៅក្នុងអំឡុងពេលដែលលោកសំដែងធម្មទេសនានៅក្នុងកម្មវិធីមួយនៅបុរីវ៉ាទីកង់កាលពីចុងសប្តាហ៍កន្លងទៅ ដោយនេះគឺជាធម្មទេសនាដំបូងនៅក្នុងរដូវ៤០ថ្ងៃ ។
នៅក្នុងធម្មទេសនានោះ លោកកាឌីណាល់បានលើកទឹកចិត្តអោយគ្រិស្តបរិស័ទរិះគិតនូវបន្ទូលរបស់ព្រះជាម្ចាស់ ដែលនាំមកភពផែនដីនិងចែករំលែកដល់មនុស្សជាតិតាមរយៈព្រះយេស៊ូ ។
លោកកាឌីណាល់បានថ្លែងថា ព្រះយេស៊ូទ្រង់ជាដំណឹងល្អ ដែលជាអ្នកផ្សព្វផ្សាយនូវមេត្តាករុណា និង សេចក្តីស្រលាញ់ របស់ព្រះជាម្ចាស់ដល់អស់ប្រជានុរាស្រ្តរបស់ទ្រង់និង មនុស្សជាតិនានា។
លោកកាឌីណាល់បានមានប្រសាសន៍បន្តទៀតថា ព្រះជាម្ចាស់គឺជានំប៉័ងនៃជីវិត ហើយអស់អ្នកដែលមករកទ្រង់អ្នកនោះនឹងមិនស្រេកឃ្លាន ហើយ អ្នកដែលមិនជឿលើទ្រង់ក៏មិនស្រេកឃ្លានដែរ ។
លោកកាឌីណាល់បានបន្តថា អ្វីដែលព្រះយេស៊ូលះបង់ និងបានធ្វើចំពោះមនុស្សជាតិ ត្រូវបានគេចាត់ទុកថា ព្រះកាយរបស់ទ្រង់គឺជានំប៉័ងនៃជីវិតរបស់មនុស្សជាតិ៕