ព្រះចៅស៊ុលតង់ អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ
ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃប្រទេសព្រុយណេ បានផ្ញើព្រះរាជសារអញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ ដារូស្សាឡាម។
នេះបើយោងតាមព្រះរាជសាររបស់ព្រះចៅស៊ុលតង់ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១ ខែឧសភា និងត្រូវបានបង្ហោះតាមរយៈតេឡេក្រាមសម្តេចតេជោនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។
ព្រះរាជសាររបស់ព្រះចៅស៊ុលតង់បានបញ្ជាក់ថា ៖ «ខ្ញុំមានក្តីរីករាយណាស់ដោយបានជួបសម្តេចតេជោ ជាថ្មីម្តងទៀត ក្នុងឱកាសព្រះរាជទស្សនកិច្ចថ្មីៗរបស់ខ្ញុំនៅប្រទេសកម្ពុជា ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំទទួលយ៉ាងល្អឥតខ្ចោះ ព្រមទាំងអាហារពេលព្រឹកដែលសម្តេចតេជោ បានរៀបចំទទួលនៅសណ្ឋាគាររ៉ូសវូដ (Rosewood)»។
ព្រះរាជសារដដែលបានបន្តទៀតថា ៖ «វាជាឱកាសដ៏ល្អ ដែលបានជួបជាមួយកូនប្រុសៗរបស់សម្តេចតេជោ ដែលរួមទាំងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយខ្ញុំសប្បាយរីករាយណាស់ចំពោះការសន្ទនារបស់ពួកយើង»។
ព្រះចៅស៊ុលតង់ ក៏បានលើកឡើងដែរថា ព្រះអង្គមានក្តីសោមនស្ស ដែលបានឮថាសម្តេចតេជោ បានទទួលនូវតួនាទីថ្មីជា ប្រធានព្រឹទ្ធសភា ដោយព្រះចៅស៊ុលតង់ បានជូនសព្ទសាធុការពរ មហាប្រសើរចំពោះសម្តេចតេជោ សូមសម្រេចបាននូវសមិទ្ធផលឧត្តុង្គឧត្តម ក្នុងពេលអនាគត។
ព្រះចៅស៊ុលតង់ បញ្ជាក់ថា ៖ «ជាចុងក្រោយនេះ ខ្ញុំសូមអញ្ជើញ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណ ដារូស្សាឡាម ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសយើង ទាំងពីរ»។
សូមរម្លឹកដែរថា កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន រួមដំណើរដោយលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ការយាងរបស់ព្រះអង្គមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នាព្រឹកថ្ងៃទី ៣០ ខែមេសា ស្អែកនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោ នឹងចូលរួមផងដែរ៕