រដ្ឋបុរសកម្ពុជាអញ្ជើញសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់និវេសនដ្ឋានលោកនៅថៃ
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរជាលក្ខណៈឯកជនទៅសួរសុខទុក្ខមិត្តចាស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅនិវេសនដ្ឋានរបស់លោកផ្ទាល់ ។
សម្ដេចតេជោ បានសរសេរ ចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ៖ «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តម ថាក់ស៊ីន ទោះបី មានជំងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់លោកស្រី អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ»។
សម្ដេចតេជោបានបន្តថា ដើម្បីពង្រឹងចំណងមិត្តភាព សម្តេចបាន អញ្ជើញ អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និង១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ៖ «អតីតនាយករដ្ឋមន្ត្រី២នាក់ ជួបគ្នា មិនបាននិយាយរឿងនយោបាយនោះទេ តែបានរម្លឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំ នៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុសនិងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ»។
គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន និង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលដែលលោក ថាក់ ស៊ីន ធ្វើជានាយករដ្ឋមន្ត្រីមកម៉្លេះ ហើយទំនាក់ទំនងនេះបានបន្តរហូតទោះបីជាលោកត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ ក៏ដោយ៕