ប្រហោងស្រទាប់អូហ្ស៉ូន ៖ នៅពេលណាវានឹងត្រូវបិទជិត?

ដោយត្រូវបានរកឃើញនៅឆ្នាំ១៩៧០ ប្រហោងនៅក្នុងស្រទាប់អូហ្ស៉ូន លេចឡើង គឺជា វិបាក​ផ្ទាល់​ពីសកម្មភាពរបស់មនុស្ស។

មានទំហំធំជាង ២៦លានគម២។ នេះគឺជាទំហំនៃប្រហោងនៅក្នុង​ស្រទាប់អូហ្ស៉ូន ដែល​ស្ថិត​នៅ​​ពី​លើ​ទ្វីបអង់តាក់ទិក និងត្រូវបានវាស់វែងដោយផ្កាយរណប សេនទីណេល ហ្វាយភី (Sentinel-5P) ពី​ទីភ្នាក់ងាអវកាសអឺរ៉ុប (ESA) នៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២៣។

ស្រទាប់អូហ្ស៉ូន ដើរតួសំខាន់ជាអាយុជីវិតសម្រាប់រាល់ជីវិតនៅលើផែនដី ៖ វាដើរតួជាខែល​ធម្មជាតិ ដែលស្រូបយកកាំរស្មីអ៊ុយត្រាវីយ៉ូឡេ (UV) ដែលសាយភាយចេញពី​ព្រះអាទិត្យ។ គ្មាន​​ស្រទាប់អូហ្ស៉ូន ហានិភ័យនៃជំងឺមហារីកស្បែក ការស្លាប់ទ្រង់ទ្រាយធំ និងការខូចខាត DNA របស់ភាវរស់មានជីវិត នឹងកើនឡើងយ៉ាងសម្បើម។ សូម្បីតែរុក្ខជាតិ​ដែលមាន​សារ​សំខាន់​​សម្រាប់ចង្វាក់ចំណីអាហាររបស់មនុស្ស ក៏អាចនឹងងាប់អស់ដែរ។

ប្រហោងនៅក្នុងស្រទាប់អូហ្ស៉ូន បង្ហាញឡើងជារៀងរាល់ឆ្នាំរវាង​ខែសីហា និងខែធ្នូ ដែល​វារីក​ទំហំ​ធំបំផុតនៅរវាងខែកញ្ញា និងខែតុលា។

នៅឆ្នាំ២០២៣ ការអង្កេតផ្កាយរណបបានបង្ហាញថា ប្រហោងអូហ្ស៉ូនបានកើនឡើង​ជាង​ធម្មតា និងរីកធំឡើងយ៉ាងរហ័សចាប់តាំងពីពាក់កណ្តាល ខែសីហា។ នេះគឺជាស្ថានភាពមួយ​​ដែលអ្នកជំនាញវាយតម្លៃថា ការរីកធំនេះមានហេតុផលដល់សំខាន់គឺមកពីការ​បន្ទុះ​ភ្នំភ្លើង ហ៊ុនហ្គា ទុនហ្គា ហ៊ុនហ្គា អាអាប៉ៃ ដែលកើតមានឡើងតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២២។

មហន្តរាយក្រោមសមុទ្រនេះ ដែលជាមហន្តរាយដ៏ធំមួយមិនដែលធ្លាប់បានកត់ត្រា ​បាន​ជះ​នូវ​បរិមាណ​ចំហាយទឹកដ៏សម្បើមរហូតដល់ស្រទាប់បរិយាកាសលើសពី១២គម។ ចំហាយ​​នេះ បាន​រសាត់ទៅដល់តំបន់ប៉ូលខាងត្បូងនៅដំណាច់ឆ្នាំ២០២២ និងដែលអនុគ្រោះ​ដល់ការក​កើត​ព​ពកបរិយាកាសជាន់ខ្ពស់តំបន់ប៉ូល។ ពពកទាំងនេះផ្តល់នូវបរិស្ថាន​ងាយ​ស្រួល​សម្រាប់​ប្រតិកម្ម​គីមីបំផ្លិចបំផ្លាញនៃស្រទាប់អូហ្ស៉ូន រួមផ្សំជាមួយសារធាតុ ក្លរ៉ូហ្វ្ល៊ូកាបូន (CFC) ដែល​ជា​សារធាតុផ្សំសំយោគ ដែលតាំងពីយូរមក​ហើយត្រូវបានប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ​ធ្វើឲ្យ​ត្រជាក់។លើសពីនេះ ចំហាយទឹកបានពង្រឹង​តំបន់​សំពាធបរិយាកាស​ទាប​នៅ​ទ្វីប​អង់តាទិក ដែល​មាន​តំប​ន់សំពាធទាបដ៏ធំព័ទ្ធជុំវិញទ្វីប។ តំបន់សំពាធបរិយាកាសទាបនេះ​កាន់​តែ​ធំ ដែល​​នឹង​អាច​​ឃាត់​ទុកនូវសារធាតុបំផ្លិច​បំផ្លាញ​នៃ​ស្រទាប់​អូហ្ស៉ូនឲ្យស្ថិតនៅកាន់តែយូរ​នៅពី​លើ​​ទ្វីប​អង់តាទិក។

ប្រឈមនឹងការយល់ដឹងដែលប្រកាសអាសន្នអំពីការខូចខាតនៃស្រទាប់អូហ្ស៉ូន រដ្ឋាភិបាល​ប្រទេសនានា​បានប្រតិកម្មជាមួយនឹងភាពរហ័សរហួនដែលមិនដែលមាន។ នៅឆ្នាំ១៩៨៧ ពិធី​សារ​ម៉ុងត្រេអាល់ បានអនុម័តដើម្បីហាមឃាត់ការប្រើប្រាស់សារធាតុ​ដែលទទួលខុសត្រូវ​ការ​​បំផ្លិចបំផ្លាញ​ស្រទាប់អូហ្ស៉ូន ដែលរួមមានសំខាន់ គឹសារធាតុ CFC. និងសារធាតុគីមីប្រ៉ូម ដែល​​ជា​អ្នកបំផ្លិចបំផ្លាញស្រទាប់អូហ្ស៉ូនដែរ ត្រូវបានហាមឃាត់នៅឆ្នាំ១៩៩២។

សព្វថ្ងៃនេះប្រហោងនៅក្នុងស្រទាប់​អូហ្ស៉ូនលែងរីកធំទៀតហើយ ហើយនិន្នាការវាបង្ហាញ​កាន់​​​តែល្អប្រសើរ។ យោងតាម​អ្នកជំនាញនៃកម្មវិធីអង្គការសហប្រជាជាតិសម្រាប់​បរិស្ថាន (PNUE) និងក្រុមអ្នកវិទ្យាសាស្រ្ត នៃសេវាកម្មត្រួតពិនិត្យបរិយាកាស​កូពែនីគុស នៃ ESA ទីភ្នាក់​ងារអវកាសអឺរ៉ុប បាន​ឲ្យដឹងថា ប្រហោងអូហ្ស៉ូនលើទ្វីបអង់តាទិក​នឹង​ត្រូវ​បិទ​ជិត​មក​វិញ​នៅ​រវាងឆ្នាំ២០៥០ និងឆ្នាំ២០៦០។ ការវាយតម្លៃនេះ ត្រូវបានពិចារណា​ឈលើកត្តា៣ ៖ ការ​រលុប​បាត់សារធាតុ CFC និងប្រូម យឺតៗ។ ភាពធន់នៃប្រព័ន្ធ​បរិយាកាស ដែលការ​វិល​ត្រឡប់​មករកតុល្យភាពវិញ​ត្រូវ​ការ​ពេល​វេលា និងវិបប្លាសធម្មជាតិ​ដែល​មិនអាចទាយទុកមុន ដូចជា ការ​បន្ទុះភ្នំភ្លើង ឬ​ការ​ប្រែប្រួល​អាកាសធាតុ ដ៏សំខាន់ដូចជា មានបាតុភូត អេល នីណូ ដែល​អាច​ធ្វើឲ្យស្ថានភាព​កាន់​តែធ្ងន់ធ្ងរនៅខណៈមួយៗ។

Daily Program

Livesteam thumbnail