កន្លែងបំភាយឧស្ម័នមេតានធំបំផុតនៅលើពិភពលោកគឺនៅកន្លែងចោលសំរាមប្រទេសឈីលី
កន្លែងបោះសំរាមចោល ស្រុកទីលទីល នៅប្រទេសឈីលី ត្រូវបានកំណត់ថា ជាកន្លែងដែលមានការបំភាយឧស្ម័នមេតានធំបំផុតនៅលើពិភពលោក ដែលនេះមានចេញពីសកម្មភាពរបស់មនុស្ស។ ជនរងគ្រោះដំបូងនៃឧស្ម័នផ្ទះកញ្ចក់នេះ គឺជាអ្នករស់នៅក្នុងតំបន់នេះផ្ទាល់តែម្តង។
មើលពីចម្ងាយ កន្លែងចោលសម្រាម ទីលទីល នៅប្រទេសឈីលី ដូចទៅនឹងកូនភ្នំសោះកក្រោះ។ ប៉ុន្តែសម្រាប់ប្រជាជននៅភូមិជុំវិញ ភ្នំនៃសម្រាមនេះ វាស្មើនឹងក្លិនស្អុយ សត្វរុយ និងការព្រួយបារម្ភដែលកើនឡើងជាលំដាប់សម្រាប់សុខភាពរបស់ពួកគេ។ យោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មណ្ឌលនេះទទួលបានវិសាលភាពជាលក្ខណៈអន្តរជាតិ ដែលកំណត់ថា វាគឺជាកន្លែងដែលបំភាយឧស្ម័នមេតានធំបំផុតដែលមានប្រភពពីសកម្មភាពរបស់មនុស្ស។
ជារៀងរាល់ថ្ងៃ ឡានកាំមីញ៉ុងរាប់រយគ្រឿងដែលផ្ទុកពេញដោយសម្រាមធ្វើការឆ្លងកាត់ភូមិតូចមួយ នៅខណៈដែលសត្វត្មាត ហោះហើរនៅលើទីតាំងនេះដើម្បីស្វែងរកចំណី។ នៅលើផ្លូវយានយន្តនានាជិះ និងគ្រវាត់ចោលនូវស្បោងប្លាស្ទីក ដប និងសំណល់ដទៃៗ ទៀត ទៅលើដី ឬតោងជាប់ដើមឈើក្បែរៗ។
ដោយមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ នៅភាគខាងជើងទីក្រុង សានទីទ្យាហ្គូ រដ្ឋធានីនៃប្រទេសឈីលី កន្លែងចោលសម្រាមនេះ បានទទួលជាង ២០ឆ្នាំ មកហើយ ជិត ៦០% ដែលជាសម្រាមពីរដ្ឋធានី ឬប្រមាណ ជា ១៨០០០ តោន ក្នុងមួយថ្ងៃ។
បើតាមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា នៅពេលរលាយ សម្រាមទាំងនេះ បានបង្កជាឧស្ម័នជាច្រើន។ ក្នុងចំណោមនោះ មានមេតាន ដែលជាឧស្ម័នដែលគ្មានក្លិន និងជាអ្នកបង្កឲ្យមានយ៉ាងហោចណាស់ ១/៤ នៃការកើនកម្តៅអាកាសធាតុ។
ដោយមានជំនួយពីផ្កាយរណបជាង ៣០ កម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន (PNUE) បានចំណាត់ថ្នាក់កន្លែងចោលសម្រាមនេះ នៅលេខរៀងលើគេនៃបញ្ជីមួយដែលមានមណ្ឌលចំនួន ៥០ ដែលមានការបំភាយឧស្ម័នមេតានខ្លាំងជាងគេបំផុតនៅលើពិភពលោកដែលចេញពីសកម្មភាពរបស់មនុស្ស។ សម្រាប់មណ្ឌលនេះមួយ មណ្ឌលសម្រាមនៅប្រទេសឈីលី គឺវាបានបំភាយឧស្ម័នមេតាន ១០០០០០តោន ក្នុងមួយឆ្នាំ។ មណ្ឌលដទៃៗទៀត ដែលរាយការណ៍ក្នុងរបាយការណ៍ គឺភាគច្រើនពាក់ព័ន្ធនឹងឧស្សាហកម្មនៃការទាញយករ៉ែ ឬការកែច្នៃថាមពលផូស៊ីល។ ចំណែកកន្លែងចោលសម្រាមនៅស្រុកទីលទីល ស្ថិតនៅក្នុងប្រភេទទី២ គឺជាពំនូកសម្រាម។
ឧស្ម័នមេតាននេះមិនអាចមើលឃើញ តែសម្រាមដែលបានបង្កើតវា គេអាចមើលឃើញច្បាស់។ ប្រជាជននៃស្រុកទីលទីល ១៧០០០នាក់ រស់នៅជាមួយនឹងឥទ្ធិពលនៃកន្លែងចោលសម្រាម និងការភ័យខ្លាចអំពីឥទ្ធិពលនៃការបំពុល លើសុខភាពរបស់ពួកគេ។
លោកប៉ាទ្រីស្យ៉ូល វឺឡាស្កេក តែងបិទឃុំខ្លួនឯងនៅក្នុងផ្ទះដោយសារគេចចេញពីក្លិនស្អុយដែលមានជាប់ជានិច្ចពីកន្លែងនោះ។ លោកបានពិព៌នាថា វាមានក្លិនដែលដូចទៅនឹងក្លិនលាមក។ លោកប៉ាទ្រីស្យ៉ូល វឺឡាស្កេក គឺជាបុរសចូលនិវត្តន៍ និងមានវ័យ ៦៨ឆ្នាំ ដែលលោករស់នៅចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ៍ ពីទីតាំងចោលសំរាមដែលមានទំហំ ១២០ហិចតា ឬប្រមាណប៉ុនទីលានបាល់ទាត់ចំនួន ១០០។ លោកបានត្អូញត្អែរថា ៖ “យើងរស់នៅជនបទ។ យើងគួរតែអាចស្រូបយកខ្យល់បរិសុទ្ធ ប៉ុន្តែ “នៅរដូវក្តៅ យើងទៅតុដើម្បីបរិភោគអាហារ ប៉ុន្តែវាមកដល់ពេលវេលាដែលយើងលែងអាចបរិភោគបានដោយសារយើងមានរុយហើរចូលក្នុងមាត់ និងក្នុងចានអាហាររបស់យើង”។