ពិភពលោកនឹងឆ្លាក់ចូលទៅក្នុងសីតុណ្ហភាពក្តៅខ្លាំងជាច្រើនឆ្នាំដល់កម្រិតឯកតកម្ម
យោងតាមព្រឹត្តិបត្រនៃអង្គការឧតុនិយមពិភពលោក (OMM) ដែលរៀបរៀងដោយសេវាកម្ម ឧតុនិយមចក្រភពអង់គ្លេសអំពីការព្យាករប្រចាំឆ្នាំ និងក្នុងរយៈវែងរហូតដល់ ១០ឆ្នាំ នៃ សីតុណ្ហភាពនៅកម្រិតពិភពលោក បានឲ្យដឹងថា ភាពមធ្យមនៃសីតុណ្ហភាពនៅកម្រិត ពិភពលោកគួរតែស្ថិតនៅខ្ពស់ណាស់នៅអំឡុង ៥ឆ្នាំ ទៅមុខ គឺខិតទៅជិតកម្រិតខ្ពស់បំផុតជា ប្រវត្តិសាស្រ្ត។
យោងតាមរបាយការណ៍នេះ បានឲ្យដឹងថា វាអាចមានលទ្ធភាពដល់ទៅ ៨៦% ដែលថា ឆ្នាំនីមួយៗ នៅរវាងឆ្នាំ២០២៦ និង២០៣០ សីតុណ្ហភាពអាចឡើងដល់កម្រិតឯកតកម្ម នៃកម្តៅដែលកម្តៅបំផុត ដែលមិនធ្លាប់បានកត់ត្រា។
ហើយវាក៏មានលទ្ធភាពខ្លាំងណាស់ ដល់ទៅ ៩១% ដែលថា សីតុណ្ហភាពមធ្យមពិភពលោកនៅលើផ្ទៃផែនដីឡើងហួសជាបណ្តោះអាសន្នច្រើនជាង ១,៥°C ពីសីតុណ្ហភាពមធ្យម យ៉ាងហោចណាស់ មានមួយឆ្នាំនៅចន្លោះឆ្នាំ២០២៦-ដល់២០៣០ លើកម្រិតសីតុណ្ហភាពកាលពីរយៈពេលពីឆ្នាំ ១៨៥០ -ដល់ឆ្នាំ១៩០០។
ការផ្សព្វផ្សាយអំពីការព្យាករកើតមានឡើងនៅខណៈដែលដំណាក់កាលនៃបាតុភូតអេល នីណូ ត្រូវបានព្យាករថា នឹងកើតមានឡើងនៅចុងឆ្នាំ២០២៦។ លោកលីអុង ហ៊ែម៉ានសុន ដែលជាអ្នកនិពន្ធសំខាន់នៃព្រឹត្តិបត្រអង្គការឧតុនិយមពិភពលោក និងដែលបានសង្ខេបការព្យាករដែលផ្តល់ដោយស្ថាប័នខុសៗគ្នា ចំនួន ១៣ បានឲ្យដឹងថា អ្វីដែលជាការកើនឡើងភាគរយខ្ពស់គឺថា ឆ្នាំបន្ទាប់ខាងមុខ ឆ្នាំ២០២៧ គឺជាឆ្នាំដែលអាចបំបែកឯកតកម្មនៃកម្តៅសីតុណ្ហភាព។
យោងតាមអង្គការឧតុនិយមពិភពលោក បានឲ្យដឹងថា ការព្យាករនៃសីតុណ្ហភាពមធ្យមលើ ៥ឆ្នាំ នៅក្នុងភាគកណ្តាលនៃសមុទ្រប៉ាស៊ីហ្វ៊ីកត្រូពិក បង្ហាញនិន្នការលក្ខខណ្ឌនៃការកកើតបាតុភូតអេល នីណូ ជាពិសេស នៅរវាងឆ្នាំ២០២៧ និង ២០២៨។
បាតុភូតអេល នីណូ បង្ហាញនូវលក្ខណៈវិនិច្ឆ័យតាមរយៈការកើនឡើងនូវសីតុណ្ហភាពនៅផ្ទៃខាងលើនៅភាគកណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វ៊ីកអេក្វាទ័រ។ វាកើតឡើងតាមធម្មតានៅរៀងរាល់ពី ២ ទៅដល់ ៧ឆ្នាំ ម្តង និងមានរយៈពេលប្រមាណ ៩ខែ ទៅ ១២ខែ។ ភាគចុងក្រោយនៃអេល នីណូ កើតឡើងនូវរវាងឆ្នាំ២០២៣ និង ២០២៤ ដែលបានធ្វើឲ្យឆ្នាំទាំងពីរនោះក្លាយជាឆ្នាំដែលក្តៅបំផុតដែលមិនដែលធ្លាប់បានកត់ត្រា។
ម្យ៉ាងទៀតសីតុណ្ហភាពមធ្យមប្រចាំឆ្នាំនៅលើផ្ទៃខាងលើនៃផែនដី នៅរវាងឆ្នាំ២០២៦-ដល់ឆ្នាំ២០៣០ ក្នុងសំណុំទាំងមូលនឹងកើនលើសជាមធ្យម ១,៣ °C ទៅ ១,៩ °C លើសីតុណ្ហភាពមធ្យមនៃយុគសម័យមុនឧស្សាហកម្ម។ ហើយកម្រិតលើសនេះក៏បានឆ្លងហួសរួចហើយជាបណ្តោះអាសន្ននៅឆ្នាំ២០២៤។
យោងតាមព្រឹត្តបត្រ OMM វាមានលទ្ធភាពតិចតួចណាស់ មិនដល់ ១% ទេ ដែលថា សីតុណ្ហភាពមធ្យមនៅលើផ្ទៃនៃផែនដីកើនឡើងលើស ២°C ពីសីតុណ្ហភាពមធ្យមនៅរយៈពេលពីឆ្នាំ១៨៥0-ឆ្នាំ១៩០០ នៅអំឡុង ៥ឆ្នាំ ខាងមុខ។
អង្គការឧតុនិយមពិភពលោក រំឭកថា ពិដានសីតុណ្ហភាពកើន ១,៥°C និង ២,០ °C បង្ហាញនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីអាកាសធាតុ គឺយោងទៅលើការកើនកម្តៅរយៈពេលយូរ និងស្ថិតនៅអូសបន្លាយ ដែលជាទូទៅគឺគេវាយតម្លៃរយៈពេល ២០ឆ្នាំ។ ព្រឹត្តិការណ៍ដែលថា សីតុណ្ហភាពមធ្យមប្រចាំឆ្នាំនៅកម្រិតពិភពលោកឆ្លងហួសពិដាននេះនៅក្នុងរយៈពេលឆ្នាំមួយចំនួន មិនមែនមានន័យថា គោលដៅនៃសីតុណ្ហភាពរយៈពេលវែងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ថិតនៅក្រៅពីការសម្រេចបាននោះទេ។ យោងតាមអង្គការឧតុនិយមពិភពលោកការឆ្លងហួសបណ្តោះអាសន្ន ក៏នឹងអាចកើតមានឡើងកាន់តែញឹកញាប់ឡើងៗ។