ការហក់ឡើងនូវតម្លៃប្រេង អាចជំរុញការបង្កើនល្បឿននៃការផ្លាស់ប្តូរ​លើ ផលិតផល ផ្លាស្ទីក

នៅខណៈដែលតម្លៃប្រេងហក់ឡើង​ដោយសារតែជម្រៅនៃភាពតានតឹងខាងភូមិសាស្រ្ត នយោបាយ កត្តា​ដែលជារឿយៗ ត្រូវបានគេមិនសូវយកចិត្តទុកដាក់ក្រៅពីការប្រែប្រួល អាកាសធាតុ បានលេចចេញឲ្យឃើញ​កាន់តែច្បាស់ មានដូចជា ផលិតកម្មផ្លាស្ទីក ដែលត្រូវ ពឹងផ្អែកយ៉ាងខ្លាំងលើឥន្ធនៈផូស៊ីល និងជាអ្នកទទួលខុសត្រូវនៃការបំភាយឧស្ម័នផ្ទះកញ្ចក់​ដែល​កើនឡើងផងដែរ។

ភាគច្រើនលើសលុបនៃផ្លាស្ទីក​ធម្មតា​ត្រូវផលិតឡើងចេញពីប្រេង និងឧស្ម័នផូស៊ីល។ ភាព​តាន​តឹងថ្មីៗខាងភូមិសាស្រ្តនយោបាយនៅមជ្ឍិមបូព៌ា មានជាអាទិ៍​នៅជុំវិញច្រក​សមុទ្រ​អ័រមូស បានបង្កឲ្យមានការកើនឡើងនូវតម្លៃនៃវត្ថុធាតុដើមជាយុទ្ធសាស្រ្តទាំងនេះ​ដែរ។

ការកើនឡើងតម្លៃប្រេង និងឧស្ម័ន ​បង្កើនដោយផ្ទាល់នូវតម្លៃផលិតកម្មផ្លាស្ទីក។ សម្រាប់អ្នក​ជំនាញ​ជាច្រើនបានឲ្យដឹងថា សំពាធខាងសេដ្ឋកិច្ចនេះ អាចនឹងបង្កើនល្បឿនការផ្លាស់ប្តូរ​ទៅ​កាន់​​គំរូ​ប្រើប្រាស់ដែលកាន់តែមានចីរភាពជាងមុន ការអភិវឌ្ឍនូវ​ប្រព័ន្ធប្រើប្រាស់ឡើង​វិញ និង​ការ​វិនិយោគទៅលើសម្ភារៈដែលជាជម្រើសផ្សេងៗ ដែលមាន​ការបំពុលតិចជាង និង​បំភាយ​​ឧស្ម័នកាបូនិកតិចជាងមុនដែរ។

សេដ្ឋកិច្ចផ្លាស្ទីកពិភពលោកមិនមែនគ្រាន់តែជាបញ្ហានៃសម្រាមទេ។ នេះក៏ជាបញ្ហា​នៃ​អាកាស​ធាតុផងដែរ។ ការប្រើប្រាស់ដែលកើនឡើងនូវផ្លាស្ទីក ដែលបង្កការបំពុល​បន្ថែម​ទៀតជៀសមិនបាន បំផ្លាញយ៉ាងធ្ងន់ធ្ងរ​ទៅលើស្ថានជីវចម្រុះនៃភពផែនដី និងចូលរួម​ចំណែក​ដល់ការប្រែប្រួល​អាកាសធាតុ។ផ្លាស្ទីកត្រូវបានផលិតឡើង​យ៉ាងច្រើន​លើសលុប​ចេញ​ពី​ផលិតផលគីមីប្រេង​ដែលចម្រាញ់​ចេញពីប្រេង និងឧស្ម័នធម្មជាតិ។

យោងតាមកម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន (PNUE) បានឲ្យដឹងថា ផ្លាស្ទីក​បង្កើតការបំភាយដ៏ចង្រៃនៃឧស្ម័នផ្ទះកញ្ចក់ពេញមួយវដ្តិនៃជីវិតរបស់វា ចាប់តាំង​ពី​ការ​ទាញ​ចេញវត្ថុធាតុដើម ការចម្រាញ់ ផលិតកម្ម ការដឹកជញ្ជូន រហូតដល់ការបំផ្លាញវាចោល។

កម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន ព្រមានថា ឧស្ម័នផ្ទះកញ្ចក់ដែលជំរុញឲ្យមាន​ការប្រែប្រួលអាកាសធាតុ នឹងប្រហែលជាបន្តកើនឡើង ប្រសិនបើផលិតកម្មផ្លាស្ទីកនៅតែ​បន្ត​កំណើន​ឡើងដោយគ្មានការគ្រប់គ្រង។

ផ្នែកដ៏សំខាន់នៃផលិតកម្មពិភពលោកនៃផ្លាស្ទីក គឺសំដៅធ្វើសម្ភារៈវិចខ្ចប់ មានជា​អាទិ៍​សម្រាប់​ចំណីអាហារ មានដូចជា ដប ថង់ឥវ៉ាន់ និងឧបករណ៍​ប្រើប្រាស់​តែម្តង​ចោល។ ​ទាំង​នេះ​ក៏ជាផលិតផល​ដែលងាយស្រួលបំផុតនឹង​ជំនួសដោយ​ជម្រើស​ផ្សេងផងដែរ។

ចំណែកវិស័យសំណងអគារ ក៏ស្រូបយកដ៏ធំបំផុតនៃការប្រើប្រាស់ផ្លាស្ទីក ដូចជា ការ​ប្រើប្រាស់​វាធ្វើ​ទុយយ៉ូ សម្ភារៈ​មិនចម្លងអគ្គីសនី សម្ភារៈក្រាលលើដី ឬ​ស៊ុមបង្អួច។ល។ នៅ​ក្នុង​វិស័យនេះ លទ្ធភាព​​នៃការយកវត្ថុផ្សេងមកជំនួស​នៅមានកម្រិត។

របស់របរប្រើប្រាស់ និងវត្ថុធាតុជាល្បាយ ក៏អាស្រ័យយ៉ាងខ្លាំងផងដែរ​លើផ្លាស្ទីក ដូចជា សម្លៀកបំពាក់ដែលផលិតពីប៉ូលីស្ទើ របស់របរក្មេងលេង គ្រឿងសង្ហារិម របស់របរប្រើប្រាស់​ក្នុង​ផ្ទះ​ផ្សេងៗ ដូចជា សាប៊ូ និងសម្ភារៈសម្អាត។ល។

នៅក្នុងវិស័យដឹកជញ្ជូន ផ្លាស្ទីកត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយមាន​ជាអាទិ៍សម្រាប់ធ្វើ​គ្រឿង​យានយន្ត ព្រម​ទាំងគ្រឿងអេឡិចត្រូនិក ដែលការចង់ផ្លាស់​ប្តូរ​ពួកវា​ឲ្យបានលឿននៅ​តែ​មានភាពស្មុគស្មាញដោយសារហេតុផលនៃធាតុផ្សំបច្ចេកទេស​របស់ពួកវា។

ជាចុងក្រោយនៅក្នុងវិស័យវេជ្ជសាស្រ្ត មានផលិតផលជាច្រើនដូចជា ស៊ីរ៉ាង ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ឬការវិចខ្ចប់ការរម្ងាប់មេរោគ ដែលវានៅមានការលំបាកដែរក្នុងការស្វែង​រក​វត្ថុ​មិនមែនផ្លាស្ទីកមក​ជំនួស។

យោងតាមកម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន បានឲ្យដឹងទៀតថា គេត្រូវ​តែ​គិត​ឡើង​វិញ​អំពីវិធី​ដែល​គេ​ផលិត ប្រើប្រាស់ និងកម្ចាត់ប្លាស្ទីក។

 

Daily Program

Livesteam thumbnail