អាឡាន ធូរីង (Alan Turing) ៖ កំពូលបិតាវិទ្យាសាស្ត្រកុំព្យូទ័រ និងវីរបុរសបំបែក កូដ សម្ងាត់ ដែលកែប្រែវាសនាសង្គ្រាមលោកលើកទី២

មានមនុស្សតិចតួចណាស់នៅលើលោក ដែលមានខួរក្បាលឆ្លាតវៃរហូតអាចផ្លាស់ប្តូរ ជោគ​វាសនា​របស់មនុស្សជាច្រើនលាននាក់ និងបើកទំព័រប្រវត្តិសាស្ត្រពិភពលោកថ្មីបាន។ ក្នុងចំណោម​នោះ មានលោកអាឡាន ធូរីង (Alan Turing) ដែលជាបុគ្គលវិសេសវិសាលម្នាក់ ដែលត្រូវបាន​គេស្គាល់ថាជា «បិតាវិទ្យាសាស្ត្រកុំព្យូទ័រ» និងជា «បុរសលាក់មុខនៅក្រោយជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្តនៅសង្គ្រាមលោកលើកទី២»។

អាឡាន ធូរីង កើតនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩១២ នៅតំបន់ម៉ៃដា វ៉់ាល់ (Maida Vale) ទីក្រុង​ឡុងដ្រ៍ ប្រទេសអង់គ្លេស។ តាំងពីតូច ធូរីង បាន​បង្ហាញ​ពន្លឺនៃបញ្ញាយ៉ាងច្បាស់លាស់ ដោយលោកអាចរៀនអានអក្សរ​ដោយខ្លួនឯងក្នុងរយៈ​ពេល​ត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ ហើយមានចំណង់​ចំណូលចិត្តយ៉ាងខ្លាំងលើផ្នែកលេខ និង​គណិតវិទ្យា។

នៅស្ហ៊ែរបូន ដែលជាសាលាផ្តោតខ្លាំងលើមុខវិជ្ជាបុរាណ និងសិល្បៈ លោកអាឡាន ធូរីងបែរជាផ្តោចលើការ​ដោះស្រាយបញ្ហា​គណិត​​វិទ្យា​ស្មុគស្មាញ​លើសពីអាយុបានយ៉ាងងាយស្រួល។

នៅឆ្នាំ១៩៣៦ ដើម្បីដោះស្រាយបញ្ហាមូលដ្ឋាននៃតក្កវិទ្យាគណិតវិទ្យា ធូរីង បានបង្ហាញ «ការ​ពិសោធន៍​គំនិត» មួយ ដែលក្រោយមកបានក្លាយជា «ម៉ាស៊ីនធូរីង» (Turing Machine)។ គំនិត​នេះ​គឺជាគ្រឹះដ៏រឹងមាំនៃការបង្កើតកម្មវិធីកុំព្យូទ័រ (Programming) ដែល​បាន​ប្រែក្លាយពិភពលោក​​ឲ្យឈានចូលយុគសម័យឌីជីថល​នៅពាក់កណ្តាល​ទី២ ​នៃ​សតវត្សរ៍​ទី​២០។

នៅពេលសង្គ្រាមលោកលើកទី២ ផ្ទុះឡើង ធូរីង បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការវិភាគ និង​បំបែកកូដអេនិកម៉ា (Enigma) របស់កងទ័ពអាល្លឺម៉ង់ ដែលជាម៉ាស៊ីនបំប្លែងសារ​សម្ងាត់​ស្មុគស្មាញ​ផ្លាស់ប្តូរកូដរៀងរាល់ពេលចុច។

យោងតាមអ្នកប្រវត្តិសាស្ត្រ ការងារបំបែកកូដដ៏ស្ងៀមស្ងាត់របស់លោកធូរីង និងក្រុមការងារ បាន​ជួយ​ឲ្យក្រុមសម្ព័ន្ធមិត្តឈ្នះសង្គ្រាម និងបានកាត់បន្ថយរយៈពេលនៃសង្គ្រាមលោកលើកទី២ រហូត​ដល់ទៅ ២ ឆ្នាំ ដែលសង្គ្រោះជីវិតមនុស្សបានរាប់លាននាក់។ ការងារដ៏អស្ចារ្យនេះត្រូវបានរក្សាជាការសម្ងាត់ជាតិរហូតដល់ទសវត្សរ៍ឆ្នាំ១៩៧០។

មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយគឺ នៅឆ្នាំ១៩៤៥ នៅពេលអាម៉េរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ​លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ប្រទេសជប៉ុន ធូរីងមិនមានការភ្ញាក់ផ្អើលឡើយ ព្រោះលោកបានដឹងពីការអភិវឌ្ឍ «គម្រោងឡូស អាឡាម៉ូស (Los Alamos) នេះរួចស្រេចទៅហើយ តាំងពីពេលលោកធ្វើដំណើរទៅសហរដ្ឋអាម៉េរិកចន្លោះឆ្នាំ១៩៤២-១៩៤៣។

បន្ទាប់ពីសង្គ្រាមលោកបានបញ្ចប់ លោកបានបន្តធ្វើការនៅមន្ទីរពិសោធន៍រូបវិទ្យាជាតិ និងបានឌី​ហ្សាញគម្រោងកុំព្យូទ័រ ACE (Automatic Computing Engine)។ មិនតែប៉ុណ្ណោះ លោកបានឈានជើងចូលទៅក្នុងវិស័យជីវគណិតវិទ្យា ផងដែរ។

នៅក្នុងអត្ថបទស្រាវជ្រាវឆ្នាំ១៩៥០ លោកបានស្នើឡើងនូវ «តេស្ត៍ធូរីង» (Turing Test) ដើម្បីវាយតម្លៃថា តើម៉ាស៊ីនអាចគិត និងមានសម្បជញ្ញៈដូចមនុស្សដែរឬទេ? លោកថែមទាំងបានភ្នាល់ថា ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ គេនឹងមិនអាចបែងចែកដាច់រវាងចម្លើយរបស់មនុស្ស និងកុំព្យូទ័របានឡើយ ដែលជាគំនិតទាយទុកជាមុនអំពីការរីកចម្រើននៃ AI នាពេលបច្ចុប្បន្ន។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៥៤ លោក អាឡាន ធូរីង ត្រូវបានគេរកឃើញថាស្លាប់ដោយសារការបំពុលនៅក្នុងផ្ទះរបស់លោកនៅទីក្រុងវីលស្ល៉ូ (Wilmslow) ប្រទេសអង់គ្លេស។

ទោះបីជាជីវិតរបស់លោកត្រូវបញ្ចប់ដោយទុក្ខសោក និងភាពអយុត្តិធម៌នាពេលនោះក៏ដោយ ប៉ុន្តែនៅឆ្នាំ២០១៣ ព្រះមហាក្សត្រីអង់គ្លេស អេលីហ្ស៉ាបែត ទី២ (Queen Elizabeth II) បានប្រកាសប្រគល់អភ័យទោសជាកិត្តិយស (Royal Pardon) និងទទួលស្គាល់លោកជាផ្លូវការថាជា «វីរបុរសសង្គ្រាម និងជាបិតាវិទ្យាសាស្ត្ររបស់ជាតិ» ដែលឥទ្ធិពល និងស្នាដៃរបស់លោក នៅតែបន្តផ្លាស់ប្តូរពិភពលោកយើងរហូតមកដល់សព្វថ្ងៃ។

 

Daily Program

Livesteam thumbnail
khmer popup image