យុវជនកម្ពុជាទទួលបានទាំងចំណេះដឹងជំនាញ និងឱកាសការងារជាក់ស្តែង ក្រោម «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់»
ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារដ៏មានសក្តានុពល ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
មានរយៈពេលជាង ៧ខែ នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដុតដៃដុតជើងចុះផ្សព្វផ្សាយព័ត៌មានយ៉ាងផុសផុល។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ប្រាប់ថា ក្រុមការងារក្រសួងបានចុះយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំទាំងក្នុងរាជធានី-ខេត្ត តាមឃុំ-សង្កាត់ និងថែមទាំងចុះដល់តាមខ្នងផ្ទះនៃគ្រួសារគោលដៅផ្ទាល់ ដើម្បីកៀរគរយុវជនឱ្យមកចាប់យកឱកាសបណ្តុះបណ្តាលជំនាញនេះ។
យុវជនមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តក្នុងចំណោមជំនាញទាំងសែសិបប្រាំ ស្ថិតក្នុងវិស័យអាទិភាពសំខាន់ៗចំនួនដប់ រួមមាន សំណង់ អគ្គិសនី និងថាមពល អេឡិចត្រូនិក បរិក្ខារត្រជាក់ និងកម្ដៅ កម្មន្តសាល មេកានិកទូទៅ និងមេកានិករថយន្ត ទេសចរណ៍ សេវាកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងធុរកិច្ច និងព័ត៌មានវិទ្យា។
លោក ស៊ុន មេសាបានពន្យល់ថា ជោគជ័យពិតប្រាកដនៃកម្មវិធីនេះ មិនមែនរាប់ត្រឹមពេលយុវជនមកចុះឈ្មោះ ឬពេលបញ្ចប់ការសិក្សានោះឡើយ តែវាត្រូវសម្រេចឱ្យបាននូវអភិក្រមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ។ កម្មវិធីនេះប្រៀបដូចជាការបង្រៀនយុវជនឱ្យចេះស្ទូចត្រី ឬនិយាយម្យ៉ាងទៀតថាជាការផ្តល់មធ្យោបាយចិញ្ចឹមជីវិតដ៏ខ្ពង់ខ្ពស់ដល់គ្រួសារពួកគាត់។
សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានអាយុចាប់ពី ១៥ឆ្នាំឡើង និងមានប័ណ្ណសមធម៌ ឬប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា ការសិក្សាដោយមិនបង់ថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ការចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថានឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ព្រមទាំងឱកាសការងារធ្វើសមរម្យ និងមានប្រាក់ចំណូលទៀងទាត់។
ជាចុងក្រោយ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់អាណាព្យាបាល និងយុវជនទូទៅ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមិនទាន់បានចុះឈ្មោះ សូមរួសរាន់ចាប់យកឱកាសមាសនេះតាមរយៈប្រព័ន្ធឌីជីថល ដោយទាញយក និងចុះឈ្មោះតាមរយៈកម្មវិធីទូរស័ព្ទដៃ TVET 1.5M ឬអាចចុះឈ្មោះផ្ទាល់នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស អាជ្ញាធរឃុំ-សង្កាត់ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ឬទូរសព្ទមកកាន់លេខ ១២៩៧ ឬ ១២៨៦៕
