យុវវ័យពីរនាក់រួមគ្នាបង្កើត ហ្គេមគុនខ្មែរ
យុវវ័យជាកូនខ្មែរពីររូបរួមគ្នាបង្កើត ហ្គេមកំសាន្តសប្បាយមួយ ដែលបញ្ចូលក្បាច់គុណប្រដាល់បុរាណរបស់ខ្មែរ គឺគុនខ្មែរបានជោគជ័យ ដោយចាប់ផ្តើមតាំងពីឆ្នាំ២០២២ រហូតទទួលបានការគាំទ្រពីសំណាក់អ្នកលេងជាង១ម៉ីន នាក់។
កូនខ្មែរពីររូបបានបង្កើតហ្គេមមួយដែលផ្សារភ្ជាប់វប្បធម៌ជាតិផ្នែកប្រដាល់ក្បាច់គុនខ្មែរ ហើយបានឱ្យឈ្មោះថា គុនខ្មែរ (Kun Khmer)។ នេះបានបង្ហាញពីគំនិតច្នៃប្រឌិតរបស់យុវជនខ្មែរដើរតាមទាន់សម័យកាលបច្ចេកវិទ្យាឌីជីថល ហើយនៅតែបន្តលើកកម្ពស់វប្បធម៌ជាតិ។
យុវជន គុណ ស្កាយ អាយុ២៦ឆ្នាំ ជាស្ថាបនិកហ្គេមគុនខ្មែរ បានអោយដឹងថា ដោយសារតែរូបខ្លួនជាមនុស្សចូលចិត្តលេងហ្គេមបែបសកម្មភាព ហើយក៏មានគំនិតចង់បង្កើតហ្គេមមួយដែលទាក់ទងជាមួយវប្បធម៌ខ្មែរ ក៏ដូចជាក្បាច់គុនខ្មែរ។ យុវជន ស្កាយ គិតថា បើមើលទៅប្រទេសជិតខាង គេក៏មានហ្គេមបង្ហាញពីក្បាច់គុនជាតិសាសន៍គេផងដែរ ហើយក៏មានមនុស្សជាច្រើនស្គាល់ និងចូលទៅលេងហ្គេមទាំងនោះ។ ដូច្នេះ ស្កាយ យល់ថា ប្រសិនបើយើងមានហ្គេមដែលផលិតដោយកូនខ្មែរ ហើយដាក់ឈ្មោះគុនខ្មែរ (Kun Khmer) វិញ តើយើងនឹងមានអារម្មណ៍បែបណា? ហើយនេះជាកម្លាំងជំរុញចិត្តសម្រាប់រូបគេ ធ្វើយ៉ាងណាឱ្យហ្គេមមួយនេះអាចមានមនុស្សស្គាល់ច្រើន ចូលលេងទូទាំងពិភពលោក និងយល់អំពីវប្បធម៌របស់ខ្មែរ។
លោក គុន ស្កាយ បន្តថា ៖«ខ្ញុំឃើញ ឧទាហរណ៍ល្បុក្កតោ ក្បាច់យុទ្ធគុនខម ក្បាច់ផ្សេងប្រហែលជាខ្ញុំអត់ដឹងអត់លឺអ៊ីចឹង គឺថាគុនខ្មែរគឺយកចេញពីក្បាច់គុនទាំងនោះ អ៊ីចឹងគុនខ្មែរក្បាច់ទូទៅដែលយើងឡើងវ៉ៃ លើសង្វៀន អ៊ីចឹងយើងអាចប្រើប្រាស់បានសម្រាប់វ៉ៃ សម្រាប់ការពារខ្លួន»។
លោក គុន ស្កាយ ការបង្កើតហ្គេមគុនខ្មែរនេះឡើង ក៏ជាការចូលរួមដាស់តឿនថា ក្មេងៗអាចលេងហ្គេម ហើយក៏មានសមត្ថភាពបង្កើតហ្គេមបានផងដែរ ក្នុងនោះ ហ្គេមមានចំណុចជាច្រើនដែលអាចរៀនបាន ។ ស្កាយ បន្តថា កន្លងមកតែងមានគំនិតអវិជ្ជមានមួយថា លេងហ្គេមមិនល្អ មិនគួរលេង ប៉ុន្តែប្រសិនបើយើងស្រាវជ្រាវឱ្យបានស៊ីជម្រៅនោះ ហ្គេមនឹងអាចជួយឱ្យយើងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ។
គ្រូបង្រៀនរចនាកម្មវិធីហ្គេម រូបនេះ បញ្ជាក់បន្ថែមថា ហ្គេមគុនខ្មែរ (Kun Khmer) នេះ រូបគេបង្កើតឡើងដោយខ្លួនឯងមានរយៈពេលជិត២ឆ្នាំ រួមទាំង ការរចនា សរសេរកូដ ហើយក៏មានមនុស្សជាទីស្រឡាញ់ជួយគាំទ្រ ជ្រោមជ្រែងផ្ដល់យោបល់ និងកម្លាំងចិត្ត។ លោកបន្តថា ការបង្កើតហ្គេមនេះ បានចំណាយថវិកាដោយខ្លួនឯង ខំរៀនបណ្ដើរ ខំធ្វើការបណ្ដើរ ប៉ុន្តែរូបគេនៅតែជំនះធ្វើឱ្យកម្មវិធីហ្គេមនេះលេចឡើងជារូបរាង ។
លោក គុន ស្កាយ បន្ថែមថា ៖«អំឡុងពេលដំណើរការបង្កើត ហ្គេមគុនខ្មែរ (Kun Khmer) នេះ នៅពេលជួបការលំបាក ខ្ញុំស្ទើរតែចង់បោះបង់ចោលតែម្ដង ប៉ុន្តែនៅពេលគិតមើលឱ្យស៊ីជម្រៅ គឺវាលើសពីហ្គេមធម្មតា ព្រោះទាក់ទងជាមួយនឹងវប្បធម៌ខ្មែរ»។
យុវជន គុណ ស្កាយ បន្ថែមទៀតថា ហ្គេមគុនខ្មែរ (Kun Khmer) នេះ អាចលេងបានបីរបៀប ទី១. វគ្គហ្វឹកហាត់ ទី២. វគ្គលេងតទល់ជាមួយ AI គឺលេងយ៉ាងណាឱ្យឈ្នះ AI ទី៣. វគ្គអនឡាញ គឺលេងមួយទល់មួយ។ ក្នុងនោះ បានបង្ហាញឈ្មោះក្បាច់គុន ដើម្បីឱ្យអ្នកលេងយល់ថា ក្បាច់នីមួយៗពេលលេង មានឈ្មោះអ្វី? លើសពីនេះ រួមបញ្ចូលភ្លេងថ្វាយបង្គំគ្រូ ដោយដកស្រង់ចេញពីក្បាច់គុនយុទ្ធក្រមខម។ យុវជន ស្កាយ បន្តថា តួអង្គនៅក្នុងហ្គេមវិញ រូបគេបានប្រើបច្ចេកវិទ្យាស្កេនយកកីឡាករ និងកីឡាការិនី ខ្មែរអាជីព ទៅធ្វើជាតួអង្គក្នុងហ្គេម ក្នុងគោលបំណងជួយលើកស្ទួយ កីឡាករ និងកីឡាការិនីខ្មែរ ឱ្យកាន់តែមានប្រជាប្រិយភាព។ ទន្ទឹមគ្នានេះ នៅពេលចូលទៅលេងហ្គេមគេនឹងមានអារម្មណ៍ថា យុវជនខ្មែរអាចធ្វើបាន និងដើម្បីឱ្យយុជនជំនាន់ក្រោយចូលរួមប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតអ្វីដែលថ្មីៗ។
លោក គុណ ស្កាយ បន្ថែមថា មានយុវជនខ្មែរភាគច្រើន បានចំណាយថវិកាទៅលើហ្គេមរបស់បរទេសអស់ច្រើនដែរ ប៉ុន្តែចង់ឱ្យប្អូនៗគិតថា ការចំណាយនោះចំណេញអ្វីមកវិញ? ហើយគេចំណេញអ្វីពីយើង? ដូច្នេះ ប្រសិនបើយើងមានហ្គេមបង្កើតដោយកូនខ្មែរ ហើយគាំទ្រហ្គេមកូនខ្មែរបង្កើតឡើង គឺនឹងចូលរួមលើកស្ទួយវប្បធម៌ជាតិបានមួយកម្រិតទៀត។ យុវជន ស្កាយ បន្តថា លេងហ្គេមបាន តែកុំលេងឱ្យលើសលប់ពេក និងត្រូវខំប្រឹងរៀនសូត្រផងដែរ៕