ក្រសួងអប់រំ ប្រកាសជ្រើសរើសយុវជនមកពីគ្រប់ខេត្តក្រុងចូលរួមជាប្រតិភូជំរំ ក្នុងកម្មវិធីជំរំយុវជនជាសកល
ក្រសួងអប់រំ បានបើកឱកាសដល់យុវជនមកពីគ្រប់តំបន់ គ្រប់ខេត្តក្រុង ដើម្បីដាក់ពាក្យចូលរួមជាប្រតិភូក្នុងកម្មវិធីជំរំយុវជនជាសកលលើកទី១១ ក្រោមប្រធានបទ៖ “យុវជននិងការអប់រំនៅកម្ពុជាឆ្នាំ២០៣០”។ កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ធ្នូ ២០២៥ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រសួងអប់រំ បានឱ្យដឹងថា ជំរំយុវជនជាសាកល គឺជាកម្មវិធីមួយដែលបានរៀបចំឡើងដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១០ ក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់យុវជនអំពីទិដ្ឋភាពវិជ្ជមាន និងពង្រឹងស្មារតីសាមគ្គីភាពនៅក្នុងសង្គម។ លើសពីនេះ កម្មវិធីក៏នឹងផ្ដល់ឱកាសឱ្យយុវជន ស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រខ្មែរ ព្រមទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ ដើម្បីក្លាយជាធនធានមនុស្សរបស់កម្ពុជា ប្រកបដោយសមត្ថភាព និងក្រមសីលធម៌ សម្រាប់ការអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល។
បើតាមប្រភពដដែល កម្មវិធីជំរំយុវជនជាសាកលលើកទី១១ ឆ្នាំ២០២៥ មានរយៈពេលចំនួន ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមប្រធានបទ «យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០» ។
បច្ចុប្បន្ន កម្មវិធីកំពុងបើកទទួលពាក្យដោយជ្រើសរើសយុវជនមកពី ២៥ រាជធានី-ខេត្ត ទូទាំងប្រទេសដើម្បីចូលរួមដោយឥតគិតថ្លៃ ដោយគោរពនូវលក្ខខណ្ឌដូចជា មានអាយុចន្លោះពី ១៨ ដល់ ២៥ ឆ្នាំ និងមានសុភាពល្អ , មានពេលវេលាគ្រប់គ្រាន់ ចូលរួមវគ្គតម្រង់ទិស និងវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយក្រុមការងារ, មិនដែលធ្លាប់ចូលរួមកម្មវិធីនេះពីមុន និងមានទំនួលខុសត្រូវខ្ពស់, អនុវត្តតាមសេចក្ដីណែនាំ។ ហេតុនេះ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/APkdbK2r2HfJEtwv7 ឱ្យបានត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥៕



Daily Program
