អ្នកជំនាញនិយាយថា គេហកិច្ចក៏ជាជំនាញមួយដែលមិនគួរមើលរំលង

ជាយុវជន និងជាអ្នកកំពុងការសិក្សាផ្នែគគេហកិច្ចម្នាក់ លោក ម៉ី សុខរស្មើ និយាយថា គេហកិច្ចក៏ជាជំនាញមួយ ហើយជំនាញនេះក៏ជាប់ទាក់ទងការរៀប​ចំ​ទីធ្លា​សណ្ឋាគារ​បាន​ស្អាត បន្ទប់​ស្នាក់នៅ​មាន​ផាសុកភាព ដោយ​ភ្ជាប់​នឹង​សម្ភារៈ​ប្រើប្រាស់​មាន​របៀប​រៀប​រយ អាច​ទាក់ទាញ​ចិត្ត​អ្នក​ស្នាក់នៅ ជាផ្នែក​មួយ​នៃអ្នក​ជំនាញ​គេហកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច។

លោក ម៉ី សុខរស្មី ជាសិស្សកំពុងសិក្សាជំនាញគេហកិច្ច និងកំពុងបម្រើការងារក្នុង សណ្ឋាគារមួយកន្លែងក្នុងទីក្រុងភ្នំពេញ បាននិយាយថា​ បាន​ប្រាប់​ឱ្យដឹង​ថា ជំនាញ​គេហកិច្ចនេះ មាន​៤ផ្នែកធំៗ ដូចជា​ការ​សិក្សា​អំពី​ផ្នែក​សម្អាត​ទីធ្លា​សាធារណ ផ្នែក​រៀបចំ​បន្ទប់ ផ្នែក​ទុកដាក់​ក្រណាត់ និង​ផ្នែក​បោកគក់។ ផ្នែក​ទាំងបួន​នេះ មានមុខងារ​យ៉ាង​សំខាន់​ក្នុងនាម​ជាអ្នក​ជំនាញ​គេហកិច្ច នៅ​ក្នុង​សណ្ឋាគារ។

លោក ម៉ី សុខរស្មី បានបន្តថា ​ខ្លួន​ជ្រើសរើស​រៀន​ជំនាញគេហកិច្ច​នេះដែរថា គឺ​ដោយសារ​តែ​ចំណង់ចំណូល​ចិត្ត​ ក្នុង​ការ​រៀបចំ​ផ្ទះ ទីធ្លា ឱ្យមាន​របៀប​រៀបរយ មាន​សណ្ដាប់ធ្នាប់។ ជាមួយ​គ្នា​នេះ សុខរស្មី ក៏​មើល​ឃើញ​ពី​តម្រូវការ​ទីផ្សារ​ទេសចរណ៍​ សម្រាប់​សណ្ឋាគារ ដែល​ត្រូវការ​អ្នកជំនាញ​ផ្នែកគេហកិច្ច​ដើម្បី​រៀបចំ​ទីធ្លា សណ្ដាប់​ធ្នាប់ និង​បន្ទប់ស្នាក់​របស់​ភ្ញៀវឱ្យ​បាន​ស្អាត។ ម្យ៉ាង​ប្រសិន​បើមាន​ជំនាញ​គេហកិច្ច​ច្បាស់ នោះ​នឹងអាច​ជួយ​ឱ្យ​មាន​ការងារ និង​ចំណូល​ច្បាស់លាស់​សម្រាប់​ខ្លួន​ឯង និង​ផ្គត់ផ្គង់​គ្រួសារ​ផងដែរ។

សម្រាប់​ការ​សិក្សា​ជំនាញ​គេហកិច្ច​នេះ បើតាម​យុវជនខាងលើ ​សិក្សា​មាន​ថ្នាក់​ទ្រឹស្ដី ៤ខែ ដែល​រួមមាន​សកម្មភាព​អនុវត្ត និង​ចុះកម្មសិក្សា៤ខែ។ ជាក់ស្ដែង រយៈ៤ខែ នៃ​ការ​ចុះកម្មសិក្សា​កន្លង​មក យុវជនរូបនេះ ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់ ជាពិសេស​មានទំនាក់ទំនង​ល្អ ការ​រៀប​ចំខ្លួន រៀបចំ​កិរិយា​សម្បត្តិ​ឱ្យបាន​សមរម្យ ប្រកប​ដោយ​វិជ្ជាជីវៈ​នៅក្នុង​វិស័យ​បដិសណ្ឋារ​កិច្ចនេះ។

សិស្ស​ជំនាញ​គេហកិច្ច​រូបនេះ​បន្តថា នៅក្នុងការ​សិក្សា​ជំនាញ​នេះ មិនមាន​ផលលំបាក​នោះទេ ព្រោះ​ខ្លួន​ស្រលាញ់​ជំនាញ​នេះ​ស្រាប់ គ្រាន់​តែ​បន្ថែម​ការ​អត់ធ្មត់ និង​ខិតខំយកចិត្ត​ទុកដាក់​លើការងារ​ដែល​ត្រូវរៀន​ប៉ុណ្ណោះ។

ក្រោយ​រៀន​ចប់ លោក ម៉ី សុខរស្មី នឹងមាន​គម្រោង​ដាក់ពាក្យ​ធ្វើ​ការងារ​ផ្នែកគេហកិច្ច​នេះ​នៅតាម​សណ្ឋាគារ​ក្នុង​ខេត្តសៀមរាប ដើម្បី​អាច​បញ្ចេញ​ស្នាដៃ និង​សេចក្ដី​ស្រលាញ់​ជំនាញ​នេះឱ្យ​អស់​ពី​លទ្ធភាព និង​អាច​ជា​ចំណែក​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អាច​រក​ចំណូល​សម្រាប់​ខ្លួនឯង។

បុគ្គលិក​ផ្នែកគេហកិច្ច​មានទំនួល​ខុសត្រូវក្នុង​ការផ្តល់​នូវ​បរិយាកាសស្អាត ផាសុកភាព សុវត្ថិភាព និងសោភ័ណភាព​សម្រាប់ភ្ញៀវ​នៅក្នុង​សណ្ឋាគារ ឬកន្លែង​ស្នាក់​នៅ​ដូចជា ការផ្តល់​សេវាកម្ម​រៀបចំបន្ទប់ បោកអ៊ុត សំអាត​បន្ទប់ទឹក ទីធ្លា​សាធារណៈ កន្លែង​ទទួលភ្ញៀវ ភោជនីយដ្ឋាន និង​ទីកន្លែង​ផ្សេងៗ​ទៀត​នៅក្នុង​បរិវេណ​សណ្ឋាគារ។

យោងតាមក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អត្ថប្រយោជន៍​ដែលទទួល​បានពីការងារ​ផ្នែក​គេហកិច្ច គឺ មានឱកាស​ទទួល​បាន​ការងារច្រើន, ប្រាក់បៀវត្ស​ប្រកួតប្រជែង, ចំណេះដឹងជំនាញជាក់លាក់, ឥរិយាបទល្អ​ក្នុងការធ្វើការងារ​ជាក្រុម ព្រមទាំង​មានជំនាញ​ដោះស្រាយ​បញ្ហា និង​ជំនាញ​ទំនាក់ទំនង​យ៉ាងល្អ​ប្រសើរ​ជាមួយភ្ញៀវ៕

Daily Program

Livesteam thumbnail