ផ្ទាំងគំនូរសិល្បៈ ដើម្បីសន្តិភាព បង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម កំពុងកើតមានលើទឹកដីកម្ពុជា
ទឹកភ្នែករាប់សិបដំណក់របស់ប្រជាជនកម្ពុជា ហូរគ្របលើថ្ពាល់នៅពេលបានគយគន់ផ្ទាំងគំនូរ ដែលគូរដោយវិចត្រករជាង៧០នាក់ មកពីខេត្តផ្សេងៗគ្នា បានសហការរៀបចំ ដើម្បីបង្កើតស្នាដៃ និងបង្ហាញពីក្តីឈឺចាប់ចំពោះសង្គ្រាម កំពុងកើតមានដោយសារការឈា្លនពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យកម្ពុជា។
នៅរាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃបើកសម្ពោធជាផ្លូវការនូរគំនូរសិល្បៈ ក្នុងទំហំ៥ម៉ែត្រ គុណនឹង៣០ម៉ែត្ររួមគ្នា តាមរយៈសិល្បៈករជាង៣០នាក់ ដោយចាប់ផ្តើមការគូរក្នុងថ្ងៃទី១៩ ខែធ្នូ រហូតមកដល់ថ្ងៃសម្ពោធ មានរយៈពេល៥ថ្ងៃប៉ុណ្ណោះ។
ក្នុងទឹកដីវប្បធម៌របស់កម្ពុជា និងជាផ្ទះនៃបេតិកភណ្ឌពិភពលោកមួយ នោះគឺប្រាសាទអង្គវត្ត ដែលជាកន្លែងទេសចរណ៍ចេញចូលមិនដាច់ បែរជាមានគំនូរមួយផ្ទាំង អាចធ្វើអោយគ្រប់គ្នាស្រក់ទឹកភ្នែក និងយល់ពីការពិត ការឈឺចាប់នៃសង្គ្រាម ក្នុងគោលបំណងផ្តល់សំឡេងដល់ជនស៊ីវិល ការគោរពបេតិកភណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការចំពោះការឈ្លានពានរបស់ថៃ។
សិល្បៈគំនូរនេះបានបង្ហាញគ្រប់សកម្មភាពទាំងអស់នៃភាពឈឺចាប់ ស្នាមរបួស ទុក្ខវេទនា ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា មានដូចជា ស្ត្រីខ្មែរលត់ជង្គង់ ឱបរូបថតពលទាហានជាស្វាមី ដែលបានពលីជីវិតដោយការវាយប្រហាររបស់ថៃ ទឹកភ្នែកហូរតាមវិញ្ញាណក្ខន្ធរបស់ប្តីដែលបានពលី សិស្សានុសិស្សកំពុងរត់ មិនមែនរត់ប្រឡែងគ្នាទេ តែពួកគេរត់គេចពីគ្រាប់ផ្លោងរបស់យោធាថៃ កុមារីម្នាក់លើកដៃសំពះសួររកឪពុក កែវភ្នែករន្ធត់ពេញដោយការទុក្ខព្រួយ ដែលកុមារកម្ពុជាមិនគួរជួបប្រទះទេ នៅក្នុងសម័យទំនើបយើងនេះ។
ផ្ទាំងគំនូរទាំងអស់ដែលជាស្នាដៃរបស់កូនខ្មែរ បានបង្ហាញពីការឈឺចាប់ឥតឧបមារបស់កម្ពុជា ដែលនឹងដាក់បង្ហាញរហូតដល់សង្គ្រាមត្រូវបានបញ្ចប់ នៅពីក្រោយគំនូរបានបង្ហាញឱ្យពិភពលោកទាមទារនូវសន្តិភាព។ ជាមួយការទស្សនាផ្ទាំងគំនូរនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ក៏អាចដាក់កម្រងផ្កា អុជធូប គោរពវិញ្ញាណក្ខន្ធទាហានដែលបានពលីជីវិត នៅក្នុងសមរភូមិផងដែរ៕