យុវតីដើមភាគតិចចារាយ កាន់តួនាទីជំនួសរដ្ឋមន្រ្តីក្រសួងបរិស្ថាន រយៈពេល១ថ្ងៃ
យុវតីជនជាតិដើមភាគតិចចារាយម្នាក់ កាលពីថ្ងៃទី៦ ឧសភា ទទួលបានឱកាសកាន់តួនាទីជំនួសលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រយៈពេល១ថ្ងៃពេញ ដើម្បីស្វែងយល់អំពីតួនាទីភារកិច្ចរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
យុវតី បុប្ផា ជាជនជាតិដើមភាគតិចចារាយ និងជានិស្សិតជំនាញនីតិសាស្រ្ត មានក្តីស្រមៃចង់ក្លាយជាអ្នកដឹកនាំ និង ចូលរួមដោះស្រាយបញ្ហាបរិស្ថាននៅកម្ពុជា នៅថ្ងៃទី៦ ឧសភា បុផ្ផាបានចុះកម្មសិក្សា ស្វែងយល់អំពីតួនាទីភារកិច្ចរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន រយៈពេល១ថ្ងៃពេញ។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរ ចំពោះភាពអង់អាច របស់ បុប្ផា ក្នុងនាមជាកូនស្រីនៅជនបទដាច់ស្រយាល ជម្នះបានឧបសគ្គនានា តស៊ូរៀនសូត្របានកំរិតបរិញ្ញាបត្រ័ និងមានក្តីស្រមៃចង់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈវិស័យបរិស្ថាន នាពេលអនាគតដ៏ខ្លីខាងមុខនេះ ។
ដោយព្រោះចង់បង្ហាញសក្ដានុពលរបស់ខ្លួនទៅកាន់ក្មេងស្រីដ៏ទៃទៀត ឱ្យពួកគេបានឃើញថាស្ដ្រីពិតជាមានថាមពលក្នុងការដឹកនាំ បុប្ផា បានចុះកម្មសិក្សាពេញមួយថ្ងៃក្នុងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងបរិស្ថាន បុប្ផារីករាយណាស់ដែលខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យចុះកម្មសិក្សាពេញមួយថ្ងៃ។ បុប្ផា បាននិយាយថា នេះគឺជាក្តីស្រមៃដ៏ធំមួយរបស់នាង ក្នុងការបានរៀនសូត្រ បទពិសោធន៍ និងទទួលអនុសាសន៍ពីរដ្ឋមន្ដ្រីក្នុងរយៈពេលមួយថ្ងៃ។
សូមជម្រាបថា អង្គការភ្លែន បានរៀបចំកម្មវិធីក្មេងស្រីកាន់តួនាទីជំនួស ចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ។ នេះជាសកម្មភាពដែលបង្ហាញពីតម្រូវការក្នុងការលុបបំបាត់ការរើសអើង ដែលរារាំងក្មេងស្រីក្នុងការបន្តក្តីសុបិនរបស់ពួកគេ ព្រោះកម្មវិធីនេះ អនុញ្ញាតឱ្យក្មេងស្រីចំណាយពេល ១ ថ្ងៃក្នុងតួនាទីណាមួយ ដែលពួកគេពេញចិត្ត និងមានក្តីស្រមៃ។ តាមរយៈកម្មវិធីក្មេងស្រីកាន់តួនាទីជំនួសនេះ ក៏ផ្តល់ឱ្យក្មេងស្រីអាចមានឱកាសស្វែងយល់ពីលក្ខខណ្ឌការងាររបស់ស្ថាប័នទាំងនោះ ព្រមទាំងចែករំលែកនូវក្ដីកង្វល់ និងអនុសាសន៍ ដើម្បីស្នើសុំកិច្ចអន្ដរាគមន៍ និងបទពិសោធន៍ផងដែរ៕