សារលិខិតរបស់សម្តេចប៉ាប សម្រាប់រដូវ ៤០ថ្ងៃ ឆ្នាំ២០២៤តាមរយៈវាលរហោស្ថាន ព្រះជាម្ចាស់ដឹកនាំយើងឆ្ពោះទៅកាន់សេរីភាព

សារលិខិតរបស់សម្តេចប៉ាប

សម្រាប់រដូវ ៤០ថ្ងៃ ឆ្នាំ២០២៤

តាមរយៈវាលរហោស្ថាន ព្រះជាម្ចាស់ដឹកនាំយើងឆ្ពោះទៅកាន់សេរីភាព

បងប្អូនជាទីស្រឡាញ់!

នៅពេលដែលព្រះជាម្ចាស់នៃយើងបង្ហាញព្រះអង្គ ទ្រង់មានទំនាក់ទំនងជាមួយសេរីភាព៖ «យើង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ» (សរ​ ២០,២)។ នេះជារបៀបដែលព្រះជាម្ចាស់បានផ្តល់ព្រះបន្ទូលទាំងដប់ទៅឲ្យលោកម៉ូសេនៅលើភ្នំស៊ីណៃ។ ប្រជារាស្រ្តដឹងច្បាស់អំពីសេរីភាពដែលព្រះជាម្ចាស់មានបន្ទូល៖ បទពិសោធន៍ជាទាសករដាមជាប់ជានិច្ចនៅក្នុងជីវិតរបស់ពួកគេ។ នៅវាលរហោស្ថាន ពួកគេទទួលវិន័យទាំងដប់ទុកជាមាគ៌ាឆ្ពោះទៅរកសេរីភាព។ យើងហៅថា “ក្រឹតវិន័យទាំងដប់ប្រការ” ដើម្បីបញ្ជាក់អំពីថាមពលនៃសេចក្តីស្រឡាញ់ ដែលព្រះជាម្ចាស់អប់រំប្រជារាស្រ្តរបស់ព្រះអង្គ។ តាមពិត នេះគឺជាការត្រាស់ហៅមួយដ៏សំខាន់ឲ្យទៅរកសេរីភាព។ វាមិនអាចបង្រួមមកក្នុងព្រឹត្តិការណ៍តែមួយទេ ពីព្រោះវារីកចម្រើនឡើងនៅក្នុងពេលធ្វើដំណើរ។ ដូចជនជាតិអ៊ីស្រាអែលនៅតែនឹកដល់ស្រុកអេស៊ីបយ៉ាងណា (គឺពួកគេសោកស្តាយអតីតកាល ហើយរអ៊ូរទាំប្រឆាំងនឹងព្រះជាម្ចាស់ និងលោកម៉ូសេ) សព្វថ្ងៃនេះ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់តាមរបៀបដដែល តែងតែជាប់ជាមួយចំណងជាច្រើនដែលពួកគេត្រូវតែជ្រើសរើសលះបង់ចោល។ យើងដឹងសេចក្តីនេះនៅពេលដែលយើងខ្វះសេចក្តីសង្ឃឹម ហើយយើងដើរវង្វេងនៅក្នុងជីវិតដូចនៅលើវាលស្មៅដ៏ស្ងាត់ជ្រងំ គ្មានទឹកដីសន្យាដែលត្រូវធ្វើដំណើរឆ្ពោះទៅរួមគ្នា។ រដូវ៤០ថ្ងៃ គឺជាពេលវេលានៃការប្រណីសន្តោស ដែលវាលរហោស្ថានក្លាយទៅជា (ដូចសេចក្តីប្រកាសរបស់ព្យាការីហូសេ) កន្លែងនៃសេចក្តីស្រឡាញ់ដំបូង (ហស ២,១៦-១៧)។ ព្រះជាម្ចាស់អប់រំប្រជារាស្ត្ររបស់ព្រះអង្គដើម្បីឲ្យចាកចេញពីទាសភាព និងធ្វើពិសោធន៍អំពីដំណើរឆ្លងពីសេចក្តីស្លាប់ទៅកាន់ជីវិត។ ព្រះអង្គដូចជាស្វាមី ដឹកនាំយើងទៅរកទ្រង់ ហើយខ្សឹបក្នុងបេះដូងយើងអំពីព្រះបន្ទូលនៃក្តីស្រឡាញ់។

ដំណើរចាកចេញពីទាសភាពឆ្ពោះទៅកាន់សេរីភាពមិនមែនជាផ្លូវអរូបីនោះទេ។ ដើម្បីឲ្យរដូវសែសិបថ្ងៃរបស់យើងមានភាពពិតប្រាកដ ជំហានដំបូងគឺត្រូវមានបំណងចង់ឃើញអ្វីដែលបានកើតឡើងពិត។ ក្នុងគុម្ពោធព្រៃដែលឆេះ នៅពេលព្រះអម្ចាស់បានទាក់ទាញលោកម៉ូសេ និងមានព្រះបន្ទូលទៅកាន់គាត់នោះ ព្រះអង្គបង្ហាញភ្លាមៗថា ព្រះអង្គជាព្រះជាម្ចាស់ដែលទតឃើញ និងជាពិសេសដែលស្តាប់៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​របស់​គេ ព្រោះ​តែ​មេ​ត្រួតត្រា​វាយដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។ ដូច្នេះ យើង​ចុះ​មក ដើម្បី​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ​ទៅ​នៅ​ស្រុក​មួយ​មាន​ជីជាតិ​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរហៀរ (ដោយទឹកដោះ និងទឹកឃ្មុំ)» (សរ ៣,៧-៨)។ បច្ចុប្បន្នកាលក៏ដូចគ្នាដែរ សម្រែករបស់បងប្អូនប្រុសស្រីដែលរងទុក្ខលំបាកជាច្រើននាក់ បានលាន់ឮទៅដល់ព្រះជាម្ចាស់។ ចូរយើងសួរខ្លួនយើងថា៖ តើបញ្ហានេះមកដល់យើងទេ? តើវាអង្រួនយើងទេ? តើវាធ្វើឲ្យយើងផ្លាស់ប្តូរទេ? មានកត្តាជាច្រើនធ្វើឲ្យយើងឃ្លាតឆ្ងាយពីគ្នា ដោយប្រមាថភាតរភាព ដែលជាកត្តាភ្ជាប់យើងពីម្នាក់ទៅម្នាក់កាលពីមុន។

នៅពេលដែលខ្ញុំបានធ្វើដំណើរទៅកោះ ឡាំប៉េដូសា ខ្ញុំបានប្រឆាំងនឹងសកលភាវូបនីយកម្មនៃការមិនចាប់អារម្មណ៍នូវសំណួរពីរដែលកាន់តែចោទឡើងនៅបច្ចុប្បន្ននេះ៖ តើ “អ្នកនៅឯណា?” (កណ ៣,៩) និង តើ “ប្អូនរបស់អ្នកនៅឯណា?” (កណ ៤,៩)។ ដំណើរការនៃរដូវសែសិបថ្ងៃនឹងទៅជាការពិត ប្រសិនបើយើងស្តាប់ឡើងវិញនូវសេចក្តីទាំងនេះ ដោយទទួលស្គាល់ថា យើងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេចផារ៉ោន។ គឺជាការគ្រប់គ្រងដែលធ្វើឲ្យយើងអស់កម្លាំង និងនាំឲ្យយើងគ្មានអារម្មណ៍។ គឺជាគំរូនៃភាពរីកចម្រើនដែលបំបែកបំបាក់យើង និងលួចអនាគតរបស់យើង។ ដី ខ្យល់ និងទឹក ត្រូវបានបំពុល ប៉ុន្តែព្រលឹងវិញ្ញាណក៏ត្រូវឆ្លងជាតិពុលដែរ។ ជាការពិតណាស់ ទោះបីតាមរយៈអគ្គសញ្ញាជ្រមុជទឹកព្រះជាម្ចាស់បានរំដោះយើងឲ្យមានសរីភាពក្តី ក៏យើងនៅតែមានការនឹករលឹកដល់ទាសភាពដែលមិនអាចពន្យល់បាននៅក្នុងខ្លួនយើង។ វាហាក់ដូចជាការទាក់ទាញម៉្យាងទៅរកសុវត្ថិភាព ដែលបានឃើញ រហូតដល់បំផ្លាញសេរីភាព។

ក្នុងអត្ថបទគម្ពីរសេរីភាពមានសេចក្តីលម្អិតមួយ ដែលមិនមែនគ្មានសារសំខាន់នោះទេ៖ គឺព្រះជាម្ចាស់ផ្ទាល់ ដែលឃើញ ដែលផ្លាស់ប្តូរ និងដែលរំដោះ មិនមែនជាជនជាតិអ៊ីស្រាអែលទេ ដែលបានទូលសុំ។ ជាការពិតណាស់ ព្រះចៅផារ៉ោនបានរារាំងសុបិន រារាំងទិដ្ឋភាពស្ថានបរមសុខ ដោយបង្ហាញឲ្យឃើញពិភពលោកមួយ ដែលសេចក្តីថ្លៃថ្នូររបស់មនុស្សត្រូវបានជាន់ឈ្លី ដែលទំនាក់ទំនងពិតប្រាកត្រូវបានបដិសេធ មិនអាចផ្លាស់ប្តូរបានទេ។ និយាយឲ្យខ្លី ទ្រង់បានជោគជ័យក្នុងការដាក់អ្វីៗទាំងអស់ភ្ជាប់មកខ្លួនឯង។ ចូរយើងសួរខ្លួនយើងថា៖ តើខ្ញុំចង់បានពិភពលោកមួយថ្មីឬទេ? តើខ្ញុំបានត្រៀមខ្លួនរួចហើយឬនៅ ក្នុងការរំដោះខ្លួនចេញពីពិភពចាស់? សក្ខីភាពរបស់បងប្អូលអភិបាលព្រះសហគមន៍ និងអ្នកកសាងសន្តិភាព និងយុត្តិធម៌ជាច្រើននាក់ បានជំរុញខ្ញុំកាន់តែខ្លាំងឡើង ឲ្យបដិសេធចំពោះការខ្វះក្តីសង្ឃឹម។ វាជាឧបសគ្គចំពោះក្តីសុបិន ជាសម្លេងមិនហើបមាត់ ដែលឡើងទៅដល់ស្ថានបរមសុខ ហើយប៉ះព្រះហឫទ័យព្រះជាម្ចាស់ និងវាហាក់ដូចជាការសោកស្តាយនៃភាពជាទាសករ ដែលធ្វើឲ្យជនជាត់អ៊ីស្រាអែលជាប់គាំងនៅវាលរហោស្ថាន ដោយរារាំងមិនឲ្យទៅមុខ។ ដំណើរឆ្ពោះទៅកាន់សេរីភាពអាចនាំទៅដល់គោលដៅ៖ បើពុំដូច្នេះទេ យើងមិនអាចពន្យល់អំពីមូលហេតុដែលនាំឲ្យមនុស្សជាតិ បានឈានទៅដល់កម្រិតនៃភាតរភាពសកល និងកម្រិតនៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងច្បាប់ដែលអាចធានាបាននូវតម្លៃនៃមនុស្សទាំងអស់ ដែលកំពុងតែនៅក្នុងភាពងងឹតនៃវិសមភាព និងជម្លោះ។

ព្រះជាម្ចាស់មិនធុញទ្រាន់នឹងយើងទេ។ ចូរយើងទទួលរដូវសែសិបថ្ងៃ ដូចជាពេលវេលាមួយដ៏សំខាន់ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មកកាន់យើងម្តងទៀង៖ «យើង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ» (សរ ២០,២)។ គឺជាពេលនៃការប្រែចិត្តគំនិត ជាពេលនៃសេរីភាព។ ដូចយើងធ្លាប់រំលឹករាល់ឆ្នាំក្នុងថ្ងៃអាទិត្យទីមួយនៃរដូវសែសិបថ្ងៃ ព្រះវិញ្ញាណដ៏វិសុទ្ធបាននាំព្រះយេស៊ូផ្ទាល់ទៅកាន់វាលរហោស្ថាន ដើម្បីសាកល្បងនៅក្នុងសេរីភាពរបស់ព្រះអង្គ។ អស់រយៈពេលសែសិបថ្ងៃ ដែលព្រះអង្គនឹងស្ថិតនៅខាងមុខយើង និងជាមួយយើង៖ ព្រះអង្គជាព្រះបុត្រាដែលបានចាប់កំណើត។ ផ្ទុយនឹងព្រះបាទផារ៉ោន ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងរាស្រ្តទេ ប៉ុន្តែឲ្យយើងទៅជាបុត្រធីតាវិញ។ វាលរហោស្ថានជាកន្លែងដែលធ្វើឲ្យសេរីភាពរបស់យើងមានភាពចាស់ទុំ អាចជ្រើសរើសដោយខ្លួនឯងបាន មិនធ្លាក់ចូលក្នុងទាសភាពម្តងទៀត។ ក្នុងរដូវសែសិបថ្ងៃ យើងរកឃើញលក្ខណៈវិនិច្ឆ័យថ្មី និងសហគមន៍មួយ ដែលយើងសន្យាធ្វើដំណើរជាមួយគ្នា នៅលើផ្លូវដែលយើងមិនធ្លាប់ស្គាល់។

     សេចក្តីនេះទាមទារឲ្យមានការតស៊ូ៖ ព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព និងការល្បងលរបស់ព្រះយេស៊ូក្នុងវាលរហោស្ថាន បានប្រាប់យើងយ៉ាងច្បាស់។ តាមពិត ព្រះសូរសៀងរបស់ព្រះជាម្ចាស់ថា ៖ «លោក​ជា​បុត្រ​ដ៏ជាទី​ស្រឡាញ់​របស់​យើង​ យើង​គាប់​ចិត្ត​នឹង​លោក​ណាស់!» (មក ១,១១) និង «មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ» (សរ ២០,៣) ប្រឆាំងនឹងការកុហករបស់មារសត្រូវ។ ព្រះក្លែងក្លាយខ្លាំងជាងព្រះបាទផារ៉ោនទៅទៀត៖ យើងអាចស្គាល់រូបព្រះទាំងនោះដោយសម្លេងវានៅក្នុងខ្លួនយើង។ ហេតុអ្វីបានជាខំប្រឹងធ្វើអ្វីៗទាំងអស់ដើម្បីឲ្យគេទទួលស្គាល់ ដើម្បីមានអំណាចលើគេគ្រប់គ្នា៖ មនុស្សគ្រប់រូបទទួលអារម្មណ៍នៅក្នុងខ្លួនអំពីការល្បួងនៃការកុហកនេះ។ វាគឺជាទម្លាប់ចាស់។

ហេតុនេះ យើងអាចភ្ជាប់ខ្លួនយើងទៅនឹងប្រាក់ ទៅនឹងគម្រោងផ្សេងៗ ទៅនឹងគំនិតនានា ទៅនឹងវត្ថុបំណង ទៅនឹងស្ថានភាពរបស់យើង ទៅនឹងប្រពៃណីមួយ សូម្បីតែមនុស្សមួយចំនួន។ ជំនួសឲ្យការរីកចម្រើនទៅមុខ វានឹងធ្វើឲ្យយើងមានពិការភាព។ ជំនួសឲ្យយើងខិតចូលជិតគ្នា វានឹងធ្វើឲ្យយើងប្រឆាំងគ្នា។ ក៏ប៉ុន្តែ មានមនុស្សជាតិមួយថ្មី ជាមនុស្សតូចតាច សាមញ្ញ ដែលមិនចុះចាញ់នឹងការទាក់ទាញនៃការបោកបញ្ឆោតទាំងនោះទេ។ ខណៈពេលដែល ព្រះក្លែងក្លាយធ្វើឲ្យអ្នកបម្រើរបស់ខ្លួន​ទៅជា គ ខ្វាក់ ថ្លង់ ឬអចលនា ( ទំនុ ១១៤(១១៥),៤) អ្នកក្រីក្រខាងវិញ្ញាណ បើកចិត្តគំនិត និង ត្រៀមខ្លួនជាស្រេច គឺ ជាភាពស្ងៀមស្ងាត់ដ៏ខ្លាំងក្លានៃអំពើល្អមួយ ដែលព្យាបាល និងជួយថែរក្សាពិភពលោក។

          ដល់ពេលធ្វើសកម្មភាពហើយ ក្នុងអំឡុងពេលរដូវសែសិបថ្ងៃ ធ្វើសកម្មភាពក៏មានន័យថា ឈប់សម្រាកដែរ។ សម្រាកដោយការអធិដ្ឋាន ដើម្បីទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឈប់សម្រាកដូចជាជនជាតិសាម៉ារី ដោយមានបងប្អូនរងរបួស។ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងចំពោះបងប្អូនគឺជាសេចក្តីស្រលាញ់តែមួយ។ មិនត្រូវគោរពបម្រើព្រះណាផ្សេងទៀតឡើយ គឺឈប់សម្រាកដោយមានវត្តមានរបស់ព្រះជាម្ចាស់ នៅចំពោះមុខបងប្អូនរបស់ខ្លួន។ ហេតុនេះហើយ​ បានជាការអធិដ្ឋាន ការធ្វើទាន និងការតមអាហារ មិនមែនជាលំហាត់បីផ្សេងពីគ្នានោះទេ ប៉ុន្តែគឺជាចលនាតែមួយនៃការបើកចិត្តគំនិត នៃការរំដោះ ៖ ចូរបញ្ចប់ព្រះក្លែងក្លាយដែលដាក់ទម្ងន់លើយើង បញ្ជប់សេចក្តីជាប់ចិត្ត ដែលឃុំឃាំងយើង។ ពេលនោះហើយ ដែលបេះដូងទ្រុឌទ្រោម និងឯកោ នឹងត្រូវភ្ញាក់ឡើង។ ដូច្នេះ បន្ថយល្បឿន ហើយបញ្ឈប់។ ទំហំនៃសមាធិអំពីជីវិត ដែលរដូវសែសិបថ្ងៃនាំឲ្យយើងឃើញ នឹងនាំយើងឲ្យមានចលនានៃកម្លាំងថ្មី។ ដោយសារព្រះជាម្ចាស់ យើងក្លាយទៅជាបងប្អូនប្រុសស្រី យើងយល់ពីអ្នកដទៃតាមរបៀបថ្មី ៖ ជំនួសឲ្យការគំរាមកំហែង និងសត្រូវ យើងរកឃើញដៃគូ និងអ្នករួមដំណើរតាមផ្លូវ។ នេះជាសុបិនរបស់ព្រះជាម្ចាស់ គឺជាទឹកដីសន្យាដែលយើងប្រាថ្នាឆ្ពោះទៅកាន់នៅពេលដែលយើងចេញផុតពីទាសភាព។

របៀបសន្និបាតនៃព្រះសហគមន៍ ដែលយើងរកឃើញ និងកំពុងសាបព្រោះប៉ុន្មានឆ្នាំថ្មីនេះ ណែនាំថា រដូវសែសិបថ្ងៃ ត្រូវជាពេលវេលានៃការជ្រើសរើសរបស់សហគមន៍ ជម្រើសតូច និងជម្រើសធំប្រឆាំងនឹងចរន្ត ដែលអាចផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់មនុស្ស ឬសង្កាត់ណាមួយ៖ ទម្លាប់នៃការទិញ ការថែរក្សាពិភពធម្មជាតិ ការដាក់បញ្ចូល (បរិយាបន្ន) មនុស្សដែលគ្មានគេចាប់អារម្មណ៍ និងគេមើលងាយ។ ខ្ញុំសូមអញ្ជើញសហគមន៍គ្រីស្តបរិស័ទនីមួយៗ អនុវត្តតាមសេចក្តីទាំងនេះ៖ ផ្តល់ពេលវេលាដល់អ្នកជឿសម្រាប់រិះគិតអំពីរបៀបរស់នៅ ផ្តល់ពេលវេលាសម្រាប់មើលឡើងវិញអំពីវត្តមានរបស់ខ្លួននៅក្នុងសង្កាត់ និងការចែករំលែកដើម្បីឲ្យមានការប្រសើរឡើង។ វេទនាហើយ ប្រសិនបើការតមអាហាររបស់គ្រីស្តបរិស័ទធ្វើដូចគ្នាទៅនឹងការតម ដែលធ្វើឲ្យព្រះយេស៊ូសោកសៅ។ ព្រះយេស៊ូមានព្រះបន្ទូលមកកាន់អ្នករាល់គ្នាផងដែរថា៖ «កាល​ណា​អ្នក​រាល់​គ្នាតម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​អោយ​អ្នក​ដទៃ​ឃើញ​ថា ខ្លួន​តម​អាហារ» (មថ ៦,១៦)។ ផ្ទុយទៅវិញ សូមឲ្យគេឃើញអំណរនៅលើផ្ទៃមុខ ឲ្យគេធំខ្លិនទឹកអប់នៃសេរីភាព និងមានពិសោធន៍អំពីសេចក្តីស្រឡាញ់ ដែលបង្កើតអ្វីទាំងអស់ជាថ្មី ដោយចាប់ផ្តើមពីអ្វីៗតូចជាងគេ និងអ្វីៗជិតជាងគេ។ សេចក្តីនេះអាចកើតឡើងនៅក្នុងគ្រប់សហគមន៍គ្រីស្តបរិស័ទ។

ក្នុងករណីដែលរដូវសែសិបថ្ងៃ ទៅជារដូរនៃការកែប្រែចិត្ត នោះមនុស្សជាតិដែលវង្វេង នឹងទទួលបទពិសោធន៍នៃការឆ្នៃប្រឌិតមួយដ៏ធំ៖ ព្រឹកព្រលឹមនៃក្តីសង្ឃឹមថ្មី។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាដូចដែលខ្ញុំបានប្រាប់ទៅយុវជនដែលខ្ញុំបានជួបនៅក្រុងលីសបូន កាលពីរដូវក្តៅឆ្នាំមុនថា៖ “ចូរស្វែងរក និងប្រថុយ ចូរស្វែងរក និងប្រថុយ។ នៅចំណុចរបត់នៃប្រវត្តិសាស្ត្រនេះ បញ្ហាប្រឈមគឺធំសម្បើម ការថ្ងូរដោយការឈឺចាប់ច្រើន។ យើងកំពុងតែឃើញសង្រ្គាមលោកលើកទីបីជាបំណែកៗ។ ចូរទទួលយកការប្រថុយមករិះគិតថា​ យើងមិនមែននៅក្នុងការឈឺចាប់នោះទេ ផ្ទុយទៅវិញ គឺនៅក្នុងពេលបង្កើតកូន។ មិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមទស្សនីយភាពដ៏ធំមួយ។ យើងត្រូវការសេចក្តីក្លាហានដើម្បីគិតសេចក្តិនេះ” (ជំនួបជាមួយនិស្សិតសកលវិទ្យាល័យ ថ្ងៃទី ៣ ខែសីហា ២០២៣)។ ជាសេចក្តីក្លាហាននៃការកែប្រែចិត្តគំនិត នៃការរំដោះពីទាសភាព។ ជំនឿ និងសេចក្តិស្រឡាញ់ កាន់ដៃ “ក្មេងតូចនៃសេចក្តីសង្ឃឹម”។ ពួកគេបង្រៀនកូនតូចនេះឲ្យដើរ ក្នុងពេលជាមួយគ្នា ក្មេងតូចនេះក៏ដឺកនាំពួកគេឲ្យទៅមុខ។​

ខ្ញុំសូមប្រទានពរដល់បងប្អូនទាំងអស់គ្នា និងដល់ការធ្វើដំណើររបស់បងប្អូនក្នុងរដូវសែសិបថ្ងៃនេះ។

 

ក្រុងរ៉ូម សន្តយ៉ូហាននៅឡាត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ថ្ងៃអាទិត្យទី១ នៃរដូវអបអរព្រះគ្រីស្តយាងមក។

Daily Program

Livesteam thumbnail