រឿងល្បែងស៊ីសង! ច្បាប់ហាមឃាត់ហើយតែយើងក៏ត្រូវតែហាមចិត្តខ្លួនឯងផងដែរ
រឿងល្បែងស៊ីសងផ្សងសំណាងនេះ មិនមែនជារឿងថ្មីទេនៅក្នុងសង្គមកម្ពុជារឿងនេះវាកើតឡើងយូរហើយ ហើយរដ្ឋាភិបាលនិងអាជ្ញាធរក៏ធ្លាប់លេងធម៌ក្តៅរួចមកហើយដែរ ប៉ុន្តែនៅតែបន្តមានដល់បច្ចុប្បន្ន។
ពាក់ព័ន្ធនឹងល្បែងស៊ីសងផ្សងសំណាងនេះ កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានចាត់វិធានការក្តៅផងដែរ ប៉ុន្តែទោះជាក្តៅយ៉ាងណាបើពលរដ្ឋនៅតែវក់នឹងវា គឺនៅតែមានអ្នកលួចលាក់លេង ។
ល្បែងស៊ីសងផ្សងសំណាងនេះគឺមានច្រើនណាស់ ហើយក៏មានច្រើនរូបភាព ដោយរួមទាំងរឿង ចាក់កន្ទុយលេង ចាក់ឆ្នោត លេងយូគី លេងចាក់អាប៉ោង ជាដើម ដែលខ្លះមានរហូតដល់ អស់ស្រែ អស់ផ្ទះសម្បែងជាហូរហែរ ។
រឿងនេះបើច្បាប់លេងតឹងប៉ុណ្ណាក៏នៅតែមានដែរ បើយើងមិនអប់រំចិត្តគំនិត និង ពង្រឹងស្មារតី ហើយឈប់លេងដោយខ្លួនឯង ទេនោះ ។សូមពង្រឹងចិត្តគំនិតនិងពង្រីកការគិតរបស់យើងទាំងអស់គ្នាឡើងវិញ ។ សូមកុំវក់ ហើយកុំល្ងង់ ប្រសិនបើយើងលេងឈ្នះរហូតនោះ មិនមែនមានអ្នកដែលមានរហូតនោះទេ ជាពិសេសគឺមេ ខណៈដែលយើងជាកូននេះលេងដាច់បាយដាច់ទឹកឈ្នះតិចតួចសប្បាយ ប៉ុន្តែលេងយូរៗទៅសូម្បីតែខោក៏សឹងមិនសល់សម្រាប់ ស្លៀកការពារកេរិ្តខ្មាស់ផង ។
ដូចអ្នកវក់កន្ទុយលេខនេះមួយ ដល់វក់មែនទែន ដេកមិនដែលចេះស្កប់ស្កល់នឹងគេទេ គឺយល់សុបិនរហូត ហើយតាំងនាំគ្នាយកអ្វីដែលយល់សុបិន្តនេះមកកាត់ចេញជាលេខយកទៅចាក់អស់លុយអស់កាក់ហើយ ។
ពេលខ្លះទៀតទោះជាមិនយល់សុបិន្តក៏ដោយអោយតែឃើញអ្វីប្លែងសូម្បីពេលខ្លះឆ្កែបោលបុកធុងក៏អាចកាត់យកលុយទៅបោះឲ្យមេដែរ ។
សូមពិចារណា ប្រសិនបើយើងចាក់ទៅត្រូវៗ តើមានមេឆ្នោត មេកន្ទុយលេខ មេល្បែងស៊ីសងណាក្រទេ ។ ត្រង់នេះវាដូចជាគេនិយាយប្រៀបធៀបលេងសើចកន្លងមកទៅដឹងហើយ ផ្ទះអ្នកលល្បែងខ្ទមទេ តែផ្ទះមេល្បែងគឺវីឡាដ៏ស្កឹមស្កៃ ។
នេះមិនមែនជាតថភាពលេងសើចនោះទេ វាគឺជាតថភាពជាក់ស្តែងដែលយើងត្រូវតែពង្រឹងចិត្តហើយកុំលោភលន់ចង់បានអ្វីស្រូលដោយមិនបានបញ្ចេញពលកម្ម។ សូមឈប់ទៅរាល់ការលេងល្បែងទោះតិចក្តី ពីព្រោះយកអាកំទិចលុយបន្តិចបន្តួចដែលយើងគិតនេះទៅសន្សំកាន់ខែកាន់ឆ្នាំហើយយកមករាប់សាកមើលតើវាសល់ប៉ុន្មាន។ ហើយរិះគិតឡើងវិញទៅមើលថា តាំងពីចាក់មក លុយដែលឈ្នះនោះមានសល់អីជាដុំកំភូនទេ ក្រៅពីបំណុល និងបញ្ហា នៅក្នុងគ្រួសារ៕