ចាប់ពីថ្ងៃនេះតទៅ! សូមគោរពច្បាប់ចរាចរណ៍ ជាពិសេសគំនូស និងភ្លើងបញ្ជាចរាចរណ៍

ដើម្បីលើកមុខមាត់របស់ប្រទេស និងបង្ហាញគណៈប្រតិភូរាប់រយនាក់ដែលនឹងមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អមនានាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា សូមយើងទាំងអស់គ្នាលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជានៅក្នុងទសវត្សរ៍ទី៣ នៃសតវត្សរ៍ទី២១ ហើយវាគឺជាព្រឹត្តិការណ៍ដែលទើបតែកើតមាននៅអាស៊ីជាលើកទី២ប៉ុណ្ណោះ ដូច្នេះសូមលើកកម្ពស់ការយកចិត្តទុកដាក់លើការគោរពច្បាប់ ជាពិសេសគឺច្បាប់ចរាចរណ៍នេះតែម្តង។

សូមកុំធ្វើឱ្យកម្ពុជាយើងបាក់មុខ ពីព្រោះគ្រប់ប្រទេសដែលមក ភាគច្រើនគឺមានប្រព័ន្ធចរាចរណ៍ស្រដៀងគ្នានឹងកម្ពុជាយើង ដោយសារតែពួកគេគឺជាប្រទេសដែលទទួលនូវកេរដំណែល និងច្បាប់ទម្លាប់ពីបារាំងទាំងអស់គ្នា។

ជាការពិត នៅក្នុងចំណោមគណៈប្រតិភូដែលមកប្រមាណជា ៨០ ក្នុងចំណោមប្រទេសសមាជិកពេញសិទ្ធិ សមាជិកមិនពេញសិទ្ធិ និងសមាជិកជាអ្នកសង្កេតការណ៍ទាំង ៩០ ប្រទេស គឺមានប្រទេសខ្លះមានសេដ្ឋកិច្ចរីកចម្រើន ខ្លះក្រីក្រ ខ្លះអភិវឌ្ឍន៍ខ្លាំង ខ្លះតិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាពេលដែលយើងត្រូវបង្ហាញពីភាពថ្លៃថ្នូររបស់យើងនៅក្នុងនាមជាម្ចាស់ផ្ទះ។

នៅក្នុងចំណោមប្រទេសទាំងនោះ ប្រទេសខ្លះគឺមានទំនាក់ទំនងជិតស្និទ្ធនឹងកម្ពុជា ហើយក៏មានប្រទេសមិនតិចឡើយដែលមិនស្គាល់កម្ពុជា ដូច្នេះ នេះគឺជាពេលដែលយើងត្រូវឱ្យគេចងចាំពីយើង ប៉ុន្តែមិនមែនចងចាំអ្វីដែលអាក្រក់នោះទេ គឺចងចាំអ្វីដែលល្អ អ្វីដែលជាសកម្មភាពដែលមានសណ្តាប់ធ្នាប់ មានការទទួលខុសត្រូវ ហើយយកច្បាប់ជាគោល។

ជាការពិត កាលណាគេស្គាល់យើង គេដឹងសក្ដានុពលនៅក្នុងប្រទេសយើង គេដឹងថា យើងមានអ្វីដែលអាចបំពេញឱ្យគេបាន នោះគឺជាឱកាសដែលយើងអាចកសាងឧត្តមភាពជាតិយើងបានហើយ ដូច្នេះ សូមព្យាយាមបង្ហាញនូវអ្វីដែលជាចំណុចចាប់អារម្មណ៍ អ្វីដែលជាចំណុចល្អរបស់យើងទៅកាន់ពិភពលោក។ ចំណាប់អារម្មណ៍ល្អចំពោះយើង គេអាចបន្តទៅផ្សព្វផ្សាយនៅប្រទេសគេ ពលរដ្ឋគេអាចចាប់អារម្មណ៍មកធ្វើទេសចរណ៍នៅស្រុកយើង មករកស៊ីជាមួយនឹងពាណិជ្ជករនៅក្នុងស្រុកយើង ហើយគេក៏អាចបញ្ជាទិញផលិតផលរបស់យើងយកទៅបម្រើសេចក្តីត្រូវការនៅក្នុងប្រទេសគេផងដែរ។

សរុបមក ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការបង្ហាញមុខមាត់ សក្ដានុពល និងភាពថ្លៃថ្នូររបស់ខ្លួនទៅកាន់ពិភពលោកផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមធ្វើជាម្ចាស់ផ្ទះដ៏ល្អ តាមរយៈការគោរពច្បាប់ចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងបង្ហាញនូវស្មារតីទទួលខុសត្រូវ។ សូមកុំឱ្យភាពអសកម្ម ឬការមិនគោរពច្បាប់របស់បុគ្គលមួយចំនួន ក្លាយជាចំណុចអវិជ្ជមានប៉ះពាល់ដល់កិត្តិយសជាតិ។ យើងចង់ឱ្យភ្ញៀវអន្តរជាតិចងចាំកម្ពុជាតាមរយៈភាពរួសរាយរាក់ទាក់ សុជីវធម៌ សណ្តាប់ធ្នាប់ និងការគោរពច្បាប់ ព្រោះមុខមាត់ប្រទេសមិនមែនជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលតែមួយមុខទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។

 

Daily Program

Livesteam thumbnail
khmer popup image