ការកាប់ដើមរំលំគល់ដើម្បីប្រមូលផលគួរតែជៀសវាងឲ្យបាន!
ទម្លាប់ប្រមូលផលតាមវិធីកាប់ដើមរំលំគល់ចំពោះអនុផលគ្រប់ប្រភេទគួរតែជៀសវាងឲ្យបានព្រោះវាគឺជាវិធីសាស្រ្តប្រមូលអនុផលដែលបំផ្លិចបំផ្លាញបំផុត ហើយអាចនឹងធ្វើឲ្យវិនាសផុតពូជរុក្ខជាតិព្រៃដែលផ្តល់ផលនោះ។
មកដល់ពេលនេះមានការអភិរក្សព្រៃនៅតំបន់ការពារជាច្រើនដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវអនុផលព្រៃឈើដើម្បីបានផលជានិរន្ត និងកាន់តែច្រើនជាងមុន ប៉ុន្តែនៅមានបុគ្គលខ្វះការ យល់ដឹង ឬក៏យល់ដែរ ប៉ុន្តែចង់ស្រួលប្រមូលផលយកតែឯងក៏មិនដឹងគឺមានការលបលួចប្រមូលផលតាមវិធីដ៏ចង្រៃបំផុតតាមការកាប់ដើម និងរំលំគល់តែម្តង។
ថ្មីៗនេះមានសេចក្តីរាយការណ៍អំពីករណីនេះ តាមបណ្តាញសង្គមក្រោយកើតមានការប្រមូលផលតាមវិធីដ៏ចង្រៃនៅពេលដែលរដូវប្រមូលផលផ្លែសំរ៉ង ដែលជាប្រភេទរុក្ខជាតិផ្តល់ផ្លែ ដែលគេអាចយកមកត្រាំយកទឹក ឬបេះសាច់វាធ្វើភេសជ្ជៈជំនួយសុខភាព។
ក្រៅពីផ្លែសំរ៉ងនេះចេញ នៅមានអនុផលដែលគេប្រមូលពីព្រៃជាច្រើនប្រភេទទៀតដែលនៅតែមានជនដែលប្រមូលផលតាមវិធីដ៏ស្មោគគ្រោកបែបនេះ ខណៈដែលរុក្ខជាតិដែលផ្តល់ផលនេះជាទូទៅគឺវាជាប្រភេទរុក្ខជាតិដុះខ្ពស់ៗ ហើយទាមទាររង់ចាំទម្រាំវាជ្រុះ ឬក៏ត្រូវឡើងបេះ ដែលបង្កលក្ខណៈដល់អ្នកប្រមូលផលត្រូវអត់ធ្មត់រង់ចាំ ឬក៏ត្រូវឡើងអង្រួនដើម ឬក៏កាច់មែកតូចៗយកផលជាដើម។
ការប្រមូលផលបែបនេះពួកគេអាចនឹងគ្រោះថ្នាក់ដល់ពួកគេខ្លួនឯង ដូច្នេះហើយក៏បណ្តាលឲ្យជនខិលខូចមួយចំនួន បានលបលួចកាប់ផ្តួលរំលំដើមហើយប្រមូលផលយកតែឯងៗតែម្តង។ ប៉ុន្តែក្រោយពេលដែលកាប់ផ្តួលរំលំបែបនេះ រុក្ខជាតិខ្លះវាងាប់ ហើយរុក្ខជាតិខ្លះវាអាចដុះឡើងវិញតែទម្រាំតែវាធំមានផ្លែផ្កាឡើងវិញក៏ត្រូវទាមទាររយៈពេលកាន់ឆ្នាំច្រើនថែមទៀត។
បងប្អូនគួរតែបញ្ឈប់ការប្រមូលផលតាមបែបអាត្មានិយមបែបនេះទៅ ព្រោះវាបំផ្លិចបំផ្លាញខ្លួនយើងទៅវិញទេ ហើយម្យ៉ាងទៀតក៏គួរតែបញ្ឈប់នូវទស្សនៈអាត្មានិយមយកតែឯង។ វាគឺជាសម្បត្តិធម្មជាតិរបស់មនុស្សគ្រប់គ្នា ដូច្នេះមនុស្សគ្រប់គ្នាគួរតែមានផលប្រយោជន៍ស្មើៗគ្នា។ នៅក្នុងករណីបងប្អូនប្រមូលផលបែបនេះ នៅពេលដែលរុក្ខជាតិផ្តល់អនុផលទាំងនេះហិនហោចទៅនោះ បងប្អូនក៏នឹងត្រូវេទនាគ្មានប្រាក់ចំណូលដូចតែគ្នាដែរ ដូច្នេះគួរបញ្ឈប់ និង ចូលរួមអភិរក្សការពារទាំងអស់គ្នា៕