គ្រុនផ្តាសសាយបក្សី កាលពីខែមិថុនាផ្ទុះច្រើនគួរសម

គុ្រនផ្តាសសាយបក្សីមកពីមេរោគ H5N1 បានរកឃើញជាបន្តបន្ទាប់៦ខែកន្លងមកនេះ ហើយនៅក្នុងខែមិថុនានេះ គឺផ្ទុះច្រើនករណីតែម្តង ដូច្នេះសូមកុំប្រហែស ហើយអ្នកដែលហូបសាច់បក្សី សូមចម្អិនអោយឆ្អិនល្អ ដោយឡែកអ្នកធ្វើគួរតែសំអាតដៃនិងអនាម័យខ្លួនប្រាណឲ្យល្អដែរ។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ករណីជំងឺគ្រុនផ្តាសសាយបក្សីបានកើតមានឡើងនៅកម្ពុជាសរុប១១នាក់ហើយ ហើយនៅក្នុងខេត្តសៀមរាប ពោលគឺនៅក្នុងភូមិសហគមន៍មួយ គឺមានដល់ទៅ៤ នាក់។
អ្នកជំងឺចុងក្រោយនេះមានអាយុ ៣៦ ឆ្នាំ ហើយត្រូវបានបញ្ជាក់ថា ផ្ទុកមេរោគ H5N1 ដោយវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកជំងឺមានទីលំនៅនៅភូមិដូនកែវ ឃុំដូនកែង ស្រុកពួក ខេត្តសៀមរាប។ ទីតាំងនេះមានចម្ងាយតែប្រមាណជា៣គីឡូម៉ែត្រពីទីតាំងដែលរកឃើញអ្នកជំងឺ៣ករណីមុនប៉ុណ្ណោះ។
នៅពេលនេះអ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្រ្គោះពីក្រុមគ្រូពេទ្យ ហើយតាមការសាកសួរបានឲ្យដឹងថា នៅផ្ទះអ្នកជំងឺមានមាន់ឈឺងាប់ ហើយអ្នកជំងឺបានប៉ះពាល់ផ្ទាល់ ប៉ុន្តែមិនយកមកហូបទេ គឺយកទៅកប់ប៉ុណ្ណោះ។
ករណីមុនៗដែលមានទីតាំងនៅសៀមរាប គឺច្រើនតែអ្នកជំងឺស្តាយហើយយកមាន់ដែលងាប់ទៅធ្វើម្ហូប ប៉ុន្តែករណីនេះគ្រាន់តែកាន់ ពោលគឺប៉ះក៏កើតដែរ ដូច្នេះវាទាមទារការប្រុងប្រយ័ត្ន ដោយគួរតែពាក់ម៉ាស ហើយប្រើស្រោមដៃ ហើយបើគ្មានគួររកថង់ផ្លាស្ទិកកាន់រួចកប់ចោល បន្ទាប់មកគឺគួរតែលាងដៃនឹងសាប៊ូអោយស្អាតល្អ។
កុំលេងសើចដ្បិតជំងឺនេះវាមិនចម្លងខ្លាំងពីមនុស្សទៅមនុស្សក្តី ប៉ុន្តែវាអាចចម្លងពីសត្វស្លាបមកខ្លួនយើងផ្ទាល់ៗបាន ដូច្នេះគួរគប្បីលើកកំពស់ឲ្យបន្ថែមួយកម្រិតទៀតចៀសវាងទទួលរងគ្រោះដោយជំងឺនេះ។
ជាទូទៅមេរោគនេះវាឆ្លងពីបក្សីឈឺទៅបក្សីផ្សេងទៀត ហើយវាក៏អាចឆ្លងពីមកមនុស្សផងដែរ។ មនុស្សដែលឆ្លងមេរោគនេះ គឺច្រើនមានអាការៈផ្តាសសាយធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។
សូមប្រុងប្រយ័ត្ន ក្រសួងសុខាភិបាលបានព្រមានថា ទោះបីជាមិនងាយឆ្លងពីមនុស្សទៅមនុស្សក៏ពិតមែន ប៉ុន្តែវាអាចបំប្លែងខ្លួន ទៅជាអាចឆ្លង ដូចជាជំងឺផ្តាសាយតាមរដូវកាលផងដែរ។
ការរួសរាន់ទៅរកពេទ្យជាកត្តាចាំបាច់ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និង មានប្រវត្តិប៉ះពាល់ជាមួយនឹងមាន់ឬទា ឬសត្វស្លាប ដែលងាប់នៅក្នុងអំឡុង១៤ ថ្ងៃ មុនចាប់ផ្តើមមានរោគសញ្ញា។
សរុបមកវិញជំងឺនេះនៅលើពិភពលោកឆ្លងតិចទេ បើធៀបនឹងកូវីដ១៩ និង មេរោគគ្រុនផ្តាសាយផ្សេងៗទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលឆ្លងថ្វីត្បិតែមានថ្នាំព្យាបាលមែនក៏ដោយ ប៉ុន្តែភាគរយគ្រោះថ្នាក់ដល់ជីវិតគឺខ្ពស់ណាស់៕
Daily Program
