សិក្ខាសាលាសុខដុមរមនីយកម្មសាសនា៖ សាសនិករួមគ្នារក្សា និងពង្រឹងសាមគ្គីជាតិ
សិក្ខាសាលាកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមរមនីយកម្មសាសនានៅកម្ពុជា ក្រោមប្រធានបទ “សាសនិករួមគ្នារក្សា និងពង្រឹងសាមគ្គីជាតិ” បានប្រមូលផ្តុំអ្នកដឹកនាំសាសនា និងសាសនិកគ្រប់ជំនឿនិកាយ ដើម្បីពិភាក្សាអំពីតួនាទីសាសនាក្នុងការកសាងសុខដុមរមនីយកម្មនៅកម្ពុជា នាថ្ងៃទី៤ ខែធ្នូនេះ នៅទីស្តីការក្រសួងធម្មការនិងសាសនា នារាជធានីភ្នំពេញ។
ព្រះសហគមន៍កាតូលិកកម្ពុជា តំណាងដោយ លោកបូជាចារ្យ យ៉ូហាន អ៊ុន សុន បានធ្វើបទបង្ហាញឆ្លុះបញ្ចាំងពីតម្លៃសាមគ្គីភាព ដោយផ្អែកលើគោលលទ្ធិជំនឿរបស់ព្រះសហគមន៍កាតូលិក និងតួនាទីសាសនិកក្នុងការអភិវឌ្ឍសេរីភាពសាសនា និងការរស់នៅរួមគ្នាដោយសន្តិភាព។
លោកបូជាចារ្យ សុន មានប្រសាសន៍ទៅកាន់អ្នកចូលរួមថា «សាមគ្គីភាពមិនមែនជាអារម្មណ៍សេចក្តីមេត្តាករុណាឬអាណិតអាសូរប៉ុណ្ណោះទេ ប៉ុន្តែវាជាគុណធម៌ និងការប្តេជ្ញាចិត្តក្នុងការស្វែងរកផលប្រយោជន៍រួម»។
ដោយលោកបានលើកឡើងទៀតថា មនុស្សគ្រប់រូបមានថ្លៃថ្នូរ និងជាបងប្អូនក្នុងគ្រួសារមនុស្សតែមួយ។ លោកបញ្ជាក់ថា សាមគ្គីភាពតាមលទ្ធិព្រះសហគមន៍កាតូលិក មានគ្រឹះលើសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប មិនថាសាសនាអ្វី ឬជាតិសាសន៍អ្វីនោះឡើយ រីឯការរស់នៅជាបងប្អូនក្នុងគ្រួសារមនុស្សតែមួយ គឺជាការទទួលខុសត្រូវស្វែងរកផលប្រយោជន៍រួម។
បូជាចារ្យអង្គនេះ បានលើកឡើងថា ការគោរពភាពខុសគ្នា ការបើកចិត្តចូលរួមសន្ទនាអន្តរជំនឿ និងការរួមដំណើរដោះស្រាយបញ្ហាសង្គម ជាជំហានសំខាន់ក្នុងការកសាងសាមគ្គីជាតិ។
ក្នុងសុន្ទរកថា លោកបានលើកឧទាហរណ៍អំពីសកម្មភាពសហការដែលកំពុងអនុវត្តរួមគ្នាដូចជា៖ ការងារមនុស្សធម៌ សុខាភិបាល ការអប់រំ និងអភិវឌ្ឍសង្គម រវាងសហគមន៍កាតូលិក ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ។
ម្យ៉ាងវិញទៀត សាសនាទាំងអស់ ក៏បានចូលរួមការពារបរិស្ថាន បេតិកភណ្ឌនិងវប្បធម៌ខ្មែរ ការបណ្តុះបណ្តាលយុវជនឲ្យរក្សាអត្តសញ្ញាណជាតិ និងគុណតម្លៃខ្មែរផងដែរ។ លោកបានលើកដំបូន្មានជាក់ស្តែងអំពីការបដិសេធការប្រើសាសនាដើម្បីបង្កជម្លោះ ឬបែងចែកសង្គម ដោយសាសនាមានតួនាទីធ្វើជា “ស្ពានសន្តិភាព” មិនមែនជាជញ្ជាំងខ័ណ្ឌចែកនោះទេ។
លោកបូជាចារ្យបានថ្លែងអំណរគុណដល់ ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ សាសនា សម្រាប់ការណែនាំ និងគាំទ្រអំឡុងពេលរៀបចំសិក្ខាសាលានេះ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីការរួមសុខទុក្ខរបស់សាសនាផ្សេងៗ ពេលសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ សោយទិវង្គត ជាសញ្ញាពិតប្រាកដនៃសុខដុមរមនីកម្មសាសនានៅកម្ពុជា។
លោកបូជាចារ្យ យ៉ូហាន អ៊ុន សុន បានសូមឲ្យ “បេសកកម្មនៃការរួបរួម” ក្លាយជាកម្លាំងជម្រុញ និងដឹកនាំកម្ពុជា ទៅកាន់អនាគតដ៏ភ្លឺស្វាងជាមួយសន្តិភាព និងសាមគ្គីភាពជាតិ «អរគុណសន្តិភាព»៕