បេតិកភណ្ឌវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីនៃការរួមដំណើរជាមួយគ្នាក្នុងពិធីបើកមហាសន្និបាត FABC
ប្រទេសឥណ្ឌូនេស៊ីបានស្វាគមន៍លោកអភិបាល និងថ្នាក់ដឹកនាំព្រះសហគន៍កាតូលិកមកពីទូទាំងទ្វីបអាស៊ី ជាមួយនឹងការអបអរសាទរនៃភាពចម្រុះខាងវប្បធម៌របស់ខ្លួន ក្នុងអំឡុងពេលបើកមហាសន្និបាតពេញអង្គលើកទី ១២ នៃសហព័ន្ធក្រុមប្រឹក្សាលោកអភិបាលអាស៊ី (FABC) នៅសណ្ឋាគារ Mulia ក្រុងហ្សាការតា កាលពីថ្ងៃទី ២១ ខែកក្កដា ដោយបានប្រើប្រាស់តន្ត្រី របាំប្រពៃណី និងការសម្តែងតាមបែបជនជាតិដើម ដើម្បីឆ្លុះបញ្ចាំងពីការអំពាវនាវរបស់មហាសន្និបាតក្នុងការដើរជាមួយគ្នារបស់ព្រះសហគមន៍កាតូលិក។
សម្រាប់លោកបូជាចារ្យ Hans Jeharut ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ FABC 2026 មានប្រសាសន៍ថា ការសម្តែងវប្បធម៌ទាំងនេះ គឺជាការបង្ហាញចេញប្រកបដោយបំណងច្បាស់លាស់របស់ព្រះសហគមន៍ឥណ្ឌូនេស៊ី ជាជាងគ្រាន់តែជាការសម្តែង។ លោកបូជាចារ្យ Hans បានមានប្រសាសន៍ថា «នៅក្នុងពិធីបុណ្យធំៗរបស់ព្រះសហគមន៍កាតូលិក យើងតែងតែព្យាយាមបង្ហាញពីភាពសម្បូរបែបនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈការសម្តែងរបស់តំបន់ផ្សេងៗគ្នា»។
«សម្រាប់មហាសន្និបាតនេះ តំបន់ស៊ូម៉ាត្រាខាងជើង ត្រូវបានដាក់បញ្ជូលក្នុងអំឡុងពេលពិធីបើក ឯតំបន់ផ្លូរ៉េស រៀបចំដោយពិធីដង្ហែបិទកម្មវិធីតាមរយៈរបាំ Jai ខណៈដែលក្រុមកោះចាវ៉ាជាអ្នកដង្ហែសក្ការបូជាក្នុងអភិបូជា ហើយក៏នឹងត្រូវរៀបចំក្នុងអភិបូជានៅអាសនៈវិហារហ្សាការតា (Jakarta Cathedral)»។
ក្នុងចំណោមអ្នកចូលរួម ព្រះសហគមន៍នៅតំបន់ស៊ូម៉ាត្រាខាងជើង (IKKSU) ប្រចាំតំបន់ Greater Jakarta បានផ្តល់ជូនលើសពីការសម្តែងវប្បធម៌។ ការសម្តែងរបស់ពួកគេបានរំលឹកអំពីកិច្ចការគង្វាល និងសាមគ្គីភាពជាច្រើនឆ្នាំជាមួយសហគមន៍ដែលត្រូវការជំនួយ។
IKKSU ប្រមូលផ្តុំគ្រីស្តសាសនិកកាតូលិកមកពីស៊ូម៉ាត្រាខាងជើង រួមទាំងសមាជិកនៃសហគមន៍ជនជាតិ Toba Batak, Karo, Simalungun, Nias, Pakpak និងសហគមន៍ជនជាតិផ្សេងទៀត។
យោងតាមលោក Lodewijk Sihite ប្រធាន IKKSU ប្រចាំតំបន់ Greater Jakarta សមាគមបានរួមចំណែកក្នុងព្រះសហគមន៍កាតូលិកយ៉ាងស្ងៀមស្ងាត់ ដោយការចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ផ្តល់អាហាររូបត្ថម្ភសិស្សក្រីក្រ ការគាំទ្រផ្នែកអប់រំដល់និស្សិតទេវវិទ្យាល័យនិងអ្នកបួស និងផ្តល់ជំនួយសម្រាប់កិច្ចការបម្រើព្រះសហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ។
លោក Sihite បានមានប្រសាសន៍ថា «ប្រហែលជាយើងមិនបានធ្វើអ្វីដែលអស្ចារ្យនោះទេ ប៉ុន្តែយើងបានព្យាយាមមានវត្តមាននៅគ្រប់ទីកន្លែងចំពោះកិច្ចការបម្រើក្នុងព្រះសហគមន៍កាតូលិកដែលត្រូវការយើង»។ ការប្តេជ្ញាចិត្តនោះបានស្តែងឡើងយ៉ាងច្បាស់ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិបានវាយប្រហារភូមិភាគ Sibolga ក្នុងខេត្តស៊ូម៉ាត្រាខាងជើង ដែលនៅទីនោះ IKKSU បានធ្វើការរួមជាមួយព្រះសហគមន៍ក្នុងស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញ។ ឆ្លងតាមកិច្ចការបម្រើរបស់ពួកគេនេះ ខាងអ្នករៀបចំរបស់ FABC អញ្ជើញសមាគមឱ្យធ្វើជាតំណាងឱ្យស៊ូម៉ាត្រាខាងជើង ក្នុងអំឡុងពេលពិធីអបអរសាទរបើកកម្មវិធី។
សម្រាប់លោកបូជាចារ្យ Hans ការសម្តែងនេះមានអត្ថន័យកាន់តែជ្រាលជ្រៅសម្រាប់ពិធីបុណ្យអភិបូជា។ លោកបានមានប្រសាសន៍ថា «តំបន់មួយចំនួននៅស៊ូម៉ាត្រាខាងជើងទើបតែបានជួបប្រទះនូវគ្រោះមហន្តរាយធំៗនាពេលថ្មីៗនេះ។ ហើយអ្នកចូលរួមសម្តែងជាច្រើននៅថ្ងៃនេះ ក៏ធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងស្តារមហន្តរាយនេះដែរ»។
IKKSU ក៏បានសង្កត់ធ្ងន់លើការចូលរួមរបស់ជំនាន់ក្រោយផងដែរ។ ជាជាងពឹងផ្អែកជាសំខាន់លើសមាជិកចាស់ព្រឹទ្ធាចារ្យ សមាគមបានប្រគល់តួនាទីសំខាន់ៗដល់យុវជន និងកុមារ រួមទាំងកុមារពីរនាក់ដែលបានចូលរួមក្នុងពិធីដង្ហែសក្ការបូជា។
លោក Sihite បានមានប្រសាសន៍ថា «ដល់ពេលដែលយើងត្រូវផ្តល់វេទិកាដល់ពួកគេហើយ»។ សមាជិក IKKSU ចំនួន ៣៤ នាក់បានចូលរួមក្នុងពិធីអបអរសាទរបើក រួមទាំងអ្នករាំរបាំ Tortor ចំនួន ១០ នាក់ជាមួយគ្រូបង្ហាត់ ៣ នាក់ សមាជិក ៦ នាក់ក្នុងពិធីដង្ហែសក្ការបូជា និងអ្នកផ្សេងទៀតដែលបានដឹកនាំការអធិស្ឋាន និងតន្ត្រី។ ពិធីបើកក៏មានការចូលរួមពីក្រុមរាំ Nusantara Dancers ដែលបានសម្តែងរបាំប្រពៃណីតំណាងឱ្យបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ឥណ្ឌូនេស៊ី រួមទាំងប្រពៃណីមកពីកោះស៊ូម៉ាត្រា កោះចាវ៉ា និងកោះនុយសា តេងការ៉ា។ សម្លៀកបំពាក់ស្រស់ស្អាត តន្ត្រីប្រពៃណី និងក្បាច់រាំតាមតំបន់ បានណែនាំប្រតិភូឱ្យស្គាល់ពីភាពសម្បូរបែបនៃវប្បធម៌នៃប្រជុំកោះឥណ្ឌូនេស៊ី។
កម្មវិធីវប្បធម៌បានបន្តជាមួយលោក Tommy Boly Lakawolo ដែលបានច្រៀងបទ «For the Beauty of the Earth» ដែលជាបទចម្រៀងអរព្រះគុណសម្រាប់ការបង្កើតពិភពលោក និងបេតិកភណ្ឌវប្បធម៌ដែលចែករំលែកដោយប្រជាជននៅអាស៊ី។ ខណៈពេលដ៏រំភើបមួយបានកើតឡើងនៅពេលដែលកញ្ញា Christina Santoso ដែលជាអ្នកចម្រៀងពិការម្នាក់ បានច្រៀងបទ «Make Me a Channel of Your Peace» ដែលជាសេចក្តីអធិស្ឋានរបស់សន្តហ្វ្រង់ស៊ីស្កូនៅអាស៊ីស៊ី។
ការសម្តែងរបស់នាងបានគូសបញ្ជាក់ពីការអំពាវនាវរបស់មហាសន្និបាតក្នុងការក្លាយជាអ្នកកសាងស្ពាន និងបានអះអាងថា មនុស្សគ្រប់រូបសុទ្ធតែមានតួនាទីក្នុងបេសកកម្មរបស់ព្រះសហគមន៍។ សរុបមក ការសម្តែងវប្បធម៌ទាំងអស់បានបង្ហាញពីប្រធានបទរបស់មហាសន្និបាត «ការត្រាស់ហៅឱ្យមានការកែប្រែបែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងអ្នកកសាងស្ពាននៅអាស៊ី» ដោយបង្ហាញថា ការរួមដំណើរជាមួយគ្នាមិនត្រឹមតែត្រូវបានស្តែងចេញនៅក្នុងកិច្ចសន្ទនានិងការពិចារណាប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈជំនឿរស់រវើក កិច្ចបម្រើ និងប្រពៃណីវប្បធម៌របស់ព្រះសហគមន៍មូលដ្ឋាននៅទូទាំងអាស៊ីផងដែរ៕