កាឌីណាល់ Kikuchi៖ «Synodality» គឺជាវិថីជីវិតដែលចាក់ឫសក្នុងសហគមន៍ មិនមែនត្រឹមតែជាទ្រឹស្តីនោះឡើយ
ការធ្វើដំណើររួមជាមួយគ្នា គឺហួសពីកម្មវិធីអរូបីមួយ វាគឺជាបទពិសោធន៍រស់រវើកនៃកិច្ចយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកនៅក្នុងសហគមន៍មូលដ្ឋាន។ នេះជាប្រសាសន៍របស់កាឌីណាល់ Tarcisio Isao Kikuchi អភិបាលព្រះសហគមន៍ក្រុងតូក្យូ និងជាអគ្គលេខាធិការនៃសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) ថ្លែងទៅកាន់អ្នកចូលរួមក្នុងមហាសន្និបាតពេញអង្គលើកទី ១២ របស់FABC។
កាឌីណាល់ Kikuchi បានដឹកនាំអភិបូជាបញ្ចប់ថ្ងៃបើកមហាសន្និបាត នាវេលាម៉ោង ៦:០០ ល្ងាច (ម៉ោងនៅឥណ្ឌូនេស៊ី) ដោយមានការចូលរួមពីលោកអគ្គអភិបាល Francis Xavier Vira នៃក្រុងបាងកក ប្រទេសថៃ និងលោកអភិបាល Leandro Maria Alves នៃភូមិភាគ Baucau ប្រទេសទីម័រខាងកើត បានចូលរួមជាអ្នកសហការរៀបចំពិធីអភិបូជានេះផងដែរ។
អ្នកចូលរួមប្រមាណ ២០០ នាក់បានជួបជុំគ្នាក្នុងពិធីបុណ្យនេះ ដែលប្រារព្ធឡើងក្រោមប្រធានបទ «ការត្រាស់ហៅឱ្យមានការប្រែចិត្តគំនិតបែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងជាអ្នកកសាងស្ពាននៅក្នុងទ្វីបអាស៊ី» ដែលមានអ្នកចូលរួមដូចជា កាឌីណាល់ អភិបាលព្រះសហគមន៍ លោកបូជាចារ្យ បព្វជិត បព្វជិតា តំណាងគ្រហស្ថ អ្នករៀបចំកម្មវិធី និងភ្ញៀវកិត្តិយសមកពីទូទាំងទ្វីប។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ ក៏មានវត្តមានកាឌីណាល់ Ignatius Suharyo អភិបាលព្រះសហគមន៍ក្រុងហ្សាការតា និងលោកអភិបាល Antonius Subianto Bunjamin, OSC ប្រធានក្រុមប្រឹក្សាអភិបាលព្រះសហគមន៍កាតូលិកនៃប្រទេសឥណ្ឌូនេស៊ីផងដែរ។
កាឌីណាល់ Kikuchi បានកំណត់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ជំនួបនេះថា អត្តសញ្ញាណពិតប្រាកដរបស់ព្រះសហគមន៍ស្ថិតនៅលើរបៀបដែលសាសនិកជនរួមដំណើរជាមួយគ្នាក្នុងជីវិតប្រចាំថ្ងៃ។
«ការធ្វើដំណើររួមជាមួយគ្នា មិនមែនជាទ្រឹស្តី ឬជាកម្មវិធីរបស់ព្រះសហគមន៍នោះទេ ប៉ុន្តែវាជាវិថីជីវិតដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ដែលចេះយកចិត្តទុកដាក់ និងមើលថែទាំគ្នាទៅវិញទៅមក» នេះជាប្រសាសន៍របស់កាឌីណាល់ Kikuchi។
គំរូជាក់ស្តែងពីកោះ Flores
ដោយផ្អែកលើការចុះទៅទស្សនកិច្ចនាពេលថ្មីៗនេះ នៅភូមិតូចមួយក្នុងតំបន់ Ende លើកោះ Flores នៃប្រទេសឥណ្ឌូនេស៊ី កាឌីណាល់បានចែករំលែកថា គម្រោងកសិកម្មសរីរាង្គមួយបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ការយល់ដឹងរបស់លោកអំពីស៊ីណូដាល។ ទោះបីជាមានធនធានមានកម្រិតក៏ដោយ លោកបានឃើញអ្នកភូមិរស់នៅដោយក្តីរីករាយ មានកិត្តិយស និងមានការជួយជ្រោមជ្រែងគ្នាយ៉ាងជ្រាលជ្រៅ។
ក្នុងនាមជាប្រធានអង្គការការីតាសអន្តរជាតិ កាឌីណាល់ Kikuchi បានចុះសង្កេតមើលគម្រោងមនុស្សធម៌ និងការអភិវឌ្ឍន៍ជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែលោកបានកត់សម្គាល់ថា សហគមន៍ដ៏សាមញ្ញមួយនេះបានបន្សល់ទុកនូវការចងចាំយ៉ាងជ្រាលជ្រៅ ជាគំរូជាក់ស្តែងរបស់អត្ថន័យ «ការដើររួមគ្នា»។
លោកបានឆ្លុះបញ្ចាំងថា «សម្រាប់ខ្ញុំ នេះគឺជាស៊ីណូដាល ក្នុងទម្រង់ជាក់ស្តែង។ វាប្រាកដជានិមិត្តរូបនៃជីវិតសហគមន៍ដែលដើរទៅមុខជាមួយគ្នា ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងបណ្តុះនូវក្តីសង្ឃឹម»។
ក្តីសង្ឃឹមដែលកើតចេញពីសកម្មភាពថ្នាក់មូលដ្ឋាន
នៅក្នុងទេសនា របស់លោក កាឌីណាល់ Kikuchi បានគូសបញ្ជាក់ថា ក្តីសង្ឃឹមពិតប្រាកដនៅក្នុងសង្គមមិនអាចបង្កើតឡើង ឬទិញយកបានឡើយ ប៉ុន្តែវាកើតឡើងដោយធម្មជាតិនៅពេលដែលមនុស្សទូទៅយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់គ្នាទៅវិញទៅមកយ៉ាងសកម្ម។
លោកបានកត់សម្គាល់ថា «ក្តីសង្ឃឹមមិនមែនជាអ្វីដែលយើងអាចទិញ ឬប្រគល់ឱ្យអ្នកដទៃបានដោយងាយនោះទេ។ ក្តីសង្ឃឹមចាប់កំណើតឡើងនៅពេលដែលយើងបានជួបមនុស្សដែលយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដោយស្មោះ» ។
ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមនៃមហាសន្និបាត កាឌីណាល់ Kikuchi បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យប្រាកដថា ថ្ងៃនៃការអធិដ្ឋាន ការពិចារណា និងការសន្ទនានេះ នឹងនាំទៅរកការផ្លាស់ប្តូរថ្មីប្រកបដោយចីរភាពនៅតាមព្រះសហគមន៍ក្នុងស្រុកទូទាំងទ្វីបអាស៊ី។ លោកថា «យើងមិនអាចផ្លាស់ប្តូរពិភពលោកទាំងមូលក្នុងពេលតែមួយបានទេ។ យើងចាប់ផ្តើមចេញពីសហគមន៍ថ្នាក់មូលដ្ឋាន ជាមួយនឹងមនុស្សដែលចេះជួយគ្នាតាមលទ្ធភាព។ នោះហើយជាកន្លែងដែលក្តីសង្ឃឹមរីកចម្រើន ហើយក៏ជាកន្លែងដែលព្រះសហគមន៍ធ្វើជាសាក្សីនៃការដើររួមជាមួយគ្នា»។
សាររបស់លោកបានពង្រឹងយ៉ាងមុតមាំនូវការអំពាវនាវរបស់មហាសន្និបាត ឱ្យព្រះសហគមន៍នៅអាស៊ីទទួលយកការប្រែចិត្តគំនិតបែបស៊ីណូដាល ដោយពង្រឹងភាពរួមរស់ជាធ្លុងមួយ ការចូលរួម និងបេសកកម្ម ខណៈពេលដែលដើរតួជាអ្នកកសាងស្ពានដ៏សំខាន់នៅក្នុងសង្គមដែលពោរពេញដោយភាពចម្រុះនៃវប្បធម៌ សាសនា និងសង្គម៕