បង់ក្លាដែសផ្ដល់កិត្តិយសដល់សហករណ៍គ្រីស្តសាសនាចំនួនពីរ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស

សហករណ៍គ្រីស្តបរិស័ទចំនួនពីរនៅក្នុងប្រទេសបង់ក្លាដែស បានទទួលការផ្ដល់កិត្តិយសថ្នាក់ជាតិ ក្នុងអំឡុងពេលនៃការប្រារព្ធទិវាសហករណ៍ជាតិលើកទី៥៥ របស់ប្រទេសនេះ កាលពីថ្ងៃទី៨ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះ គឺជាការទទួលស្គាល់ដ៏កម្រមួយចំពោះចលនាសហករណ៍ដែលទទួលបានការគាំទ្រពីព្រះសហគមន៍។

លោក អូហ្គូស្ទីន ប្រាតាប ហ្គោមេស (Augustine Pratap Gomes) ប្រធានសមាគមសហករណ៍លំនៅឋានគ្រីស្តបរិស័ទ (The Metropolitan Christian Co-operative Housing Society Ltd.) បានទទួលពានរង្វាន់ «សហករណ៍ឆ្នើម» នៅក្នុងក្របខណ្ឌនៃពានរង្វាន់សហករណ៍ជាតិឆ្នាំ២០២៥ ដែលផ្ដល់ជូនដោយរដ្ឋាភិបាលបង់ក្លាដែស។ ពានរង្វាន់នេះ ទទួលស្គាល់ពីការចូលរួមចំណែក ភាពស្មោះត្រង់ និងភាពជាអ្នកដឹកនាំរបស់លោកនៅក្នុងសហករណ៍។

លោក ហ្គោមេស បានលើកឡើងថា ថ្ងៃនេះលោកពិតជារីករាយយ៉ាងខ្លាំង ហើយលោកមិនដែលនឹកស្មានដល់សោះឡើយ សូម្បីតែនៅក្នុងក្ដីស្រមៃ ថាលោកនឹងទទួលបានពានរង្វាន់នេះដែរ។ លោកបានបន្ថែមថា នេះមិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនរបស់លោកតែម្នាក់ឯងនោះទេ ប៉ុន្តែវាជារបស់សមាជិក បុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់នៃសមាគមលំនៅឋាននេះ។

ដោយឡែក សហករណ៍មួយទៀត គឺសហភាពឥណទានសហករណ៍គ្រីស្តបរិស័ទណាហ្គារី (Nagari Christian Co-operative Credit Union Ltd.) ក៏បានទទួលពានរង្វាន់សហករណ៍ជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥ ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ខ្លួនចំពោះចលនាសហករណ៍នៃប្រទេសបង់ក្លាដែសផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពឥណទាននេះបានលើកឡើងថា ពានរង្វាន់នេះឆ្លុះបញ្ចាំងពីទំនុកចិត្ត ឯកភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកទាំងអស់។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា កិត្តិយសនេះគឺជាលទ្ធផលនៃភាពស្មោះត្រង់ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់សមាជិក មន្ត្រី និងបុគ្គលិកគ្រប់រូប។ ព្រមជាមួយគ្នានេះ ស្ថាប័ននេះបានបន្ថែមថា ការទទួលស្គាល់នេះនឹងជំរុញទឹកចិត្តឱ្យស្ថាប័នពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព និងគណនេយ្យភាពបន្ថែមទៀត។

Daily Program

Livesteam thumbnail
khmer popup image